លួច​ម៉ូតូ​ទៀតហើយ ខណៈដែល​ចាប់​អា​មុន​មិនទាន់បាន​ផង នៅ​ស្រុក​មោងឫស្សី​

959
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ករណី​ចោរ​កាច់​សោក​យក​ម៉ូតូ​នៅ​ស្រុក​មោងឫស្សី ដូចជា​ញឹកញាប់ ហើយ​ចាប់​ជនល្មើស​មិនទាន់បាន​ផង ស្រាប់តែ​នៅ​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​២៨​ខែតុលា​ឆ្នាំ​២០១៨ នៅ​ចំណុច​វត្ត​រុណ​ភូមិ​រុណ ឃុំ​គារ ស្រុក​មោងឫស្សី មាន​ករណី​ចោរលួច​កាច់​សោក​ម៉ូតូ​១​គ្រឿង នៅ​ចំណុច​បរិវេណ​វត្ត ដែល​កំពុង​ធ្វើ​ពិធីបុណ្យ​កឋិនទាន​។​

​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​លួច​កាច់​សោក​យក​ម៉ូតូ ១​គ្រឿង​ម៉ាក​ហុងដា​ទ្រី​ម C១២៥​ពណ៌​ខ្មៅ ស៊េរី​២០១៧​ពាក់​ស្លាក​លេខ​បាត់ដំបង ១AA ៩៩៤១ លេខ​តួ លេខ​ម៉ាស៊ីន ៩៨៣៦៤៨៥ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ម៉ក់ ម៉េង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ផ្លូវបំបែក ឃុំ​ព្រៃ​ស្វាយ ខណៈពេល​ម្ចាស់​ទុក​ម៉ូតូ​ក្នុង​បរិវេណ​វត្ត​មិន​ផ្ញើ​គេ ចូលរួម​ក្នុង​ពិធីបុណ្យ​កឋិនទាន​។​

​ករណីនេះ កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ យកមក​ផ្តន្ទាទោស​តាមច្បាប់ ប៉ុន្តែ​មានសង្ឃឹម​តិចតួច​ណាស់​៕ ល​