លួច​ម៉ូតូ​បានសម្រេច​បម្រុង​ជិះ​ចេញ ម្ចាស់​ទាន់​ចាប់​ជាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

192

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់ ខណៈ​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​បានសម្រេច​រៀប​ជិះ​ចេញ​ទៅហើយ ស្រាប់តែ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ចោរៗ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ផ្តួល​ម៉ូតូ​ចោល​រត់គេចខ្លួន ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ជាប់​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​យកមក​សួរ​។ ករណីនេះ បង្ក​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​១​រសៀល ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០១៨ នៅ​កន្លែង​បិត​ស្តុ​ត​ម៉ូតូ​ផ្លូវ​២០០២ ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ​ឈ្មោះ យ៉ាន់ សុខ​ហេង អាយុ ២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ក្រោយ​វត្ត​ទឹកថ្លា ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត ភូមិ​ចុង​ខ្ញូ​ង ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ ដើមបណ្តឹង​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ សេង តុលា អាយុ​១៩​ឆ្នាំ មុខរបរ បិត​តែម​ម៉ូតូ ស្នាក់នៅ​ទីតាំង​ផ្លូវ​២០០២ ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ប្រភពពី​ដើមបណ្តឹង​បាន​ប្រាប់ថា មុន​កើតហេតុ គាត់​បាន​ចង​ម៉ូតូ​របស់គាត់​ម៉ាក SUZUKI NEX ពណ៌​ត្រួយ​ចេក​បិត​ស្កុ​ត​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1BU 8652 ដោយ​វាយ​ជ​ន្ទ​ល់​ទុក​ក្បែរ​ក​ន្លែ​បិត​តែម​ម៉ូតូ ដោយ​គា​តើ​ជាប់រវល់​បិត​តែម​ម៉ូតូ​អោយ​ភ្ញៀវ ស្រាប់តែ​ជនសង្ស័យ​ឃើញ​ឱកាសល្អ​ធ្វើ សកម្មភាព​កាច់​សោ​យក​ម៉ូតូ​គាត់​តែម្តង​។ ពេលធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​បានសម្រេច​រៀប​ជិះ​ចេញទៅ​ហើយ ស្រាប់តែ​គាត់​ក្រឡេកឃើញ​ទាន់​ស្រែក​ចោរៗ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ផ្តួល​ម៉ូតូ​ចោល រត់គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ជាប់ រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​យកមក​សួរ​តែម្តង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន​។

​បច្ចុប្បន្ន​ជនសង្ស័យ​បាន​បញ្ជូន​ខ្លួន​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​កសាង​សំណុំរឿង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពេល​ក្រោយ​៕