លួច​ម៉ូតូ​២​គ្រឿង​បានសម្រេច គេចខ្លួន​បាន​១​ថ្ងៃ សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន​ម្នាក់​

599
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ស្រាវជ្រាវ​រហូតដល់​តា​ម​ចាប់ខ្លួនបាន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ចំនួន​២​គ្រឿង ក្នុង​ទីតាំង​តែមួយ បានសម្រេច​ហើយ​គេចខ្លួន​បាន​១​ថ្ងៃ ចាប់ខ្លួនបាន​តែម្តង កាលពី​រសៀល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​បន្ទប់​ជួល ភូមិ​ស្រៃ​ជម្រៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​ឈ្មោះ សូ លីដា ហៅ អា​ស្វិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល លេខ អា​០៩ ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ មាន​២​នាក់ ទី​១ ឈ្មោះ ថុល ធឿន ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល លេខ​២៥ ជាន់​ទី​៤ បុរី ប៊ុន ហួ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ជាម​កចាស់​ម៉ូតូ ម៉ាក ស្កុប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FP-0519​។ ទី​២ ឈ្មោះ ឈា​ល ហាវ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ បន្ទប់​ជួល​លេខ​២៣ ជាន់​ទី​៤ បុរី ប៊ុន ហួ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ ជា​ម្ចាស់​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ សេរី​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1D-6805​។​

​តាម​សម្តី​ជនរងគ្រោះ​ទាំង​២​នាក់ បាន​ឲ្យ​ដឹងថា ម៉ូតូ​របស់​ពួកគាត់ បាន​ចត​ចាក់សោ​ទ្ក នៅក្នុង​បន្ទប់​មួយ ខាងក្រោម រាល់ថ្ងៃ ហើយ​នៅ​យប់​ថ្ងៃទី​០៨ ខែធ្នូ ម៉ូតូ​ចត ទុក ចាក់សោ ត្រឹមត្រូវ ក្នុង​បន្ទប់​ហើយ​នាំគ្នា​ឡើង​ដក​សម្រាក រៀងខ្លួន ស្រាប់តែ​នៅ​ព្រឹក ថ្ងៃទី​០៩ ខែធ្នូ ភ្ញាក់​ក្រោកពីដំណេក ចុះ​មករក​ម៉ូតូ ស្រាប់តែ​បាត់ ជនសង្ស័យ​លួច ២​គ្រឿង​ទៅ​បាត់ រួច​ក៏​នាំគ្នា​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​២​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​បណ្តឹង​ជនរងគ្រោះ កម្លាំង​នគរបាល ធ្វើការ​ស្រាវជ្រាវ ឈានដល់​កំណត់​មុខសញ្ញា​បាន នៅ​រសៀល​ថ្ងៃទី​១០ ខែធ្នូ នេះ កម្លាំង​ប៉ុស្តិ៍ និង​កម្លាំង​ជំនាញ​ចុះ ទៅ​បង្ក្រាប​ចាប់ខ្លួនបាន​ជនសង្ស័យ ហើយ​រកឃើញ​ម៉ូតូ​ទាំង​២​គ្រឿង របស់​ជនរងគ្រោះ និង​គ្រឿង​ម៉ូតូ សម្ភារៈ​មួយចំនួនទៀត​។​

​ក្រោយពី​ចាប់ខ្លួនបាន ជនសង្ស័យ នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​២ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​បន្ត​តាម​នីតិវិធី​៕ ល​