លួច​រថយន្ត​ពី​ខេត្តកណ្ដាល មក​ជាប់អន្ទាក់​ប៉ូលិស​នៅ​ខេត្តព្រៃវែង​

1037
ចែករម្លែក

ដោយ​: ចាន់ ថន / ព្រៃវែង​: ជនសង្ស័យ​២​នាក់​និង​រថយន្ត Tacoma មួយគ្រឿង ត្រូវបាន​នគរបាល​ខេត្តព្រៃវែង ស្ទាក់​ចាប់បាន​នៅលើ​ផ្លូវជាតិ​លេខ​៨ ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ស្ថិតក្នុង​ភូមិ​ស្វាយ​អ​ន្ទ​រ​ខាងជើង ឃុំ​ស្វាយ​អ​ន្ទរ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​។​

​លោក​ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​ខេត្តព្រៃវែង​បាន​ប្រាប់ រស្មី​កម្ពុជា ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់ ទី​១.​ឈ្មោះ រិ​ទ្ធ ធារ៉ា ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ កាណាឌីយ៉ា មុខរបរ (​មិន​ពិតប្រាកដ​)​។ ២. រ៉ា ប៊ុន​រឹទ្ធ ភេទ ប្រុស អាយុ ៣៧​ឆ្នាំ នៅ​ភូមិ​ស្លា​កែ​ត ឃុំ​ស្លា​កែ​ត ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ​។​

​លោកស្នងការ​បន្តថា ជនសង្ស័យ​ទាំង​២​នាក់​នេះ បានធ្វើ​សកម្មភាព​លួច​រថយន្ត​មួយគ្រឿង​ម៉ាក Toyota Tacoma ពណ៌​ស្ករ ឆ្នាំ​ផលិត ១៩៩៦ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ ម្ចាស់​រថយន្ដ​ឈ្មោះ វ៉ាន់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ នៅ​ភូមិ​តា​កុ​ច ឃុំ​ដើម​ឫស្ស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕