លួច​លក់​ដី​គេៈ តុលាការ​ចោទប្រកាន់​លោក ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួង ការពារជាតិ និង​បក្ខពួក

332
ចែករម្លែក
តុលាការ​ចោទប្រកាន់​លោក ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​បក្ខពួក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ (​អតីត​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​)​រួមទាំង​បក្ខពួក​មួយចំនួន​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​លួច​លក់​អចលនវត្ថុ​ដែល​មិនមែនជា​របស់ខ្លួន នៅ​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ នៅក្នុង​សំណុំរឿង​ដីធ្លី​នេះ គឺ​នៅមាន​មនុស្ស​ពាក់ព័ន្ធ​មួយចំនួនទៀត ដោយ​ក្នុងនោះ​មាន​អ្នកមាន​ឥទ្ធិពល​ម្នាក់​ផងដែរ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​។​
​ការសម្រេច​ចោទប្រកាន់​លើ​លោក ស ថា​វី និង​បក្ខពួក គឺ​ដោយ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២០​។

​យោងតាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ ចុះ​ថ្ងៃទី​២ ខែមីនា ដោយ​លោក​សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច និង​ដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​លើ ១.​ឈ្មោះ ស ថា​វី អាយុ​៥៣​ឆ្នាំ (​នៅក្រៅ​ឃុំ​) ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​លួច​លក់​អចលនវត្ថុ​ដែល​មិនមែនជា​របស់ខ្លួន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ២៥៥ នៃ​ច្បាប់​ភូមិបាល​។ ទី​២. ឈ្មោះ ឡុង ដា​រ៉ា ហៅ ណា​ង អាយុ​៣៥​ឆ្នាំ (​មានខ្លួន​)​។ ទី​៣. ឈ្មោះ ប៉ូច ថេ​ន អាយុ​៥២​ឆ្នាំ (​មានខ្លួន​)​។ ទី​៤. ឈ្មោះ ឡូញ រស់ អាយុ​៤០​ឆ្នាំ (​មានខ្លួន​)​។ ទី​៥.​ឈ្មោះ អ៊ុក ភក្តី ភេទ​ប្រុស កើត​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​១៩៦៦ (​ក្រៅ​ឃុំ​)​។ ទី​៦. ឈ្មោះ យិន អ៊ិម ភេទ​ប្រុស (​ក្រៅ​ឃុំ​)​។ ទី​៧. ឈ្មោះ ម៉ាត់ ឌី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ (​ក្រៅ​ឃុំ​)​។ ទី​៨. ឈ្មោះ យស់ ម៉ាលី​ណា ភេទ​ស្រី (​នៅក្រៅ​ឃុំ​)​។ ៩. និង​គូកន (​នៅក្រៅ​ឃុំ​) ពីបទ​លួច​លក់​អចលនវត្ថុ​ដែល​មិនមែនជា​របស់ខ្លួន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​។​


​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​បាន​សង្កត់ធ្ងន់ថា “​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការឃុំខ្លួន​ប​ណ្តោះ​អាសន្ន​លើ ១.​ឈ្មោះ ស ថា​វី វី អាយុ​៥៣​ឆ្នាំ (​នៅក្រៅ​ឃុំ​) ។ ២. ឈ្មោះ ឡុង ដា​រ៉ា ហៅ ណា​ង អាយុ​៣៥​ឆ្នាំ (​មានខ្លួន​)​។ ៣. ឈ្មោះ ប៉ូច ថេ​ន អាយុ​៥២​ឆ្នាំ (​មានខ្លួន​)​។ ៤. ឈ្មោះ ឡូញ រស់ អាយុ​៤០​ឆ្នាំ (​មានខ្លួន​)​។ ៥.​ឈ្មោះ អ៊ុក ភក្តី ភេទ​ប្រុស កើត​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​១៩៦៦ (​ក្រៅ​ឃុំ​)​។ ៦. ឈ្មោះ យិន អ៊ិម ភេទ​ប្រុស (​ក្រៅ​ឃុំ​)​។ ៧. ឈ្មោះ ម៉ាត់ ឌី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ (​ក្រៅ​ឃុំ​)​។ ៨. ឈ្មោះ យស់ ម៉ាលី​ណា ភេទ​ស្រី (​នៅក្រៅ​ឃុំ​)​។ ៩. និង​គូកន (​នៅក្រៅ​ឃុំ​)”​។ ដើម្បី​បញ្ចប់​បទល្មើស ឬ​បង្ការ​បទល្មើស​កុំ​ឲ្យ​កើតជា​ថ្មី ដើម្បី​រារាំង​កុំ​ឲ្យ​មានការ​គាបសង្កត់​លើ​សាក្សី ឬ​ជនរងគ្រោះ ឬ​ដើម្បី​រារាំង​កុំ​ឲ្យ​មានការ​ត្រូវរ៉ូវ​គ្នា​រវាង​ជន​ត្រូវ​ចោទ និង​អ្នកសមគំនិត ដើម្បី​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី និង​ដើម្បី​ធានា​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​កុំ​ឲ្យ​មានការ​ច្របូកច្របល់​ដែល​បណ្តាលមកពី​បទល្មើស​។​


​សូមជម្រាបថា មនុស្ស​ចំនួន​៣​នាក់ ដែលមាន​ឈ្មោះ​ខាងលើ (​ឡុង ដា​រ៉ា , ប៉ូច ថេ​ន , ឡូញ រស់​) ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែកុម្ភ​: ឆ្នាំ​២០២០ ជាប់​ពាក់ព័ន្ធ​រឿង​លួច​លក់​ដី​អ្នកដទៃ​មាន​ទំហំ ២២៩០០​ម៉ែត្រការ៉េ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៨ កន្លងទៅ​។ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ទាំង​៣​រូបនេះ មកកាន់​តុលាការ កាលពី​រសៀល​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០​។​


​សូមជម្រាបថា កាលពី​ឆ្នាំ​២០១៨ ឈ្មោះ ឡុង ដា​រ៉ា បាន​លក់​ដី​ទំហំ ២២៩០០​ម៉ែត្រការ៉េ ទៅឱ្យ​ឈ្មោះ ប៉ូច ថេ​ន ក្នុងតម្លៃ​១៥​ម៉ឺន​ដុល្លារ ហើយ​បាន​ចែក​លុយ​នោះ​ឲ្យ​ទៅ​មេធាវី​ចំនួន​៧​ម៉ឺន​ដុល្លារ ចែក​ទៅ​ឲ្យ​លោក យិន អ៉ឺ​ម ចៅសង្កាត់​សំរោង ៤​ម៉ឺន​ដុល្លារ ជា​ថ្លៃ​ធ្វើឯកសារ​លក់​ដី​ខាងលើ និង​ចែក​មនុស្ស​មួយចំនួនទៀត​។ ឈ្មោះ ឡុង ដា​រ៉ា បាន​សារភាពថា នៅសល់​ប្រាក់​៣០០០០​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ​។ ជនសង្ស័យ ឡុង ដា​រ៉ា បានបញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ទៀតថា ដី​នេះ​ឈ្មោះ ប៉ូច ថេ​ន ជា​អ្នក​ឈរឈ្មោះ​ទិញ​ទៅឱ្យ​ឈ្មោះ ស ថា​វី​។​


​ឈ្មោះ ឡុង ដា​រ៉ា បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ចំពោះ​ដីស្រែ​ដែល​ខ្លួន​បាន​លក់​នោះដែរ គឺជា​ដីស្រែ​របស់ លោក ភឺន ផល្លា ដោយមាន លោក ស ថា​វី ជា​អ្នកបញ្ជា​ឲ្យ​ខ្លួន​ជា​អ្នកលក់​ទៅ​ឲ្យ​ឈ្នោះ ប៉ូច ថេ​ន ហើយ​រាល់​ឯកសារ​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការទិញ​លក់​ដី​នេះ គឺ​ឈ្មោះ អ៊ុក ភក្តី ជា​អ្នក​រៀបចំឡើង​៕ សរន/Ha