លើកកម្ពស់​ស្មារតី​ជាតិនិយម ការពារ​ដាច់ខាត​ឯករាជ្យ អធិបតេយ្យ ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​

1059
ចែករម្លែក

ប្រជាជន​កម្ពុជា​ទូទាំងប្រទេស លើកលែងតែ​មេដឹកនាំ​ចលនា​ឧទ្ទាម និង​ជន​ក្បត់ជាតិ សម រង្ស៊ី​-​កឹម សុខា ព្រមទាំង​គូកន​មួយ​ដំបរ​ស្វា​នោះ​ចេញ​បាន​ប្រកាន់ខ្ជាប់​នូវ​គោលជំហរ​មួយ ច្បាស់លាស់ នោះ​គឺ​ការ លើក​តម្លៃ ឯករាជ្យ អធិបតេយ្យភាព​ជាតិ ឲ្យ​ខ្ពស់ត្រដែត​ឡើង ។ ដោយ​ធ្លាប់ជា​ប្រជាជាតិ​មួយ ដែល​ធ្លាប់ បាន​ឆ្លងកាត់​ភ្លើងសង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ធ្លាប់បាន​ឆ្លងកាត់ របប​ប្រល័យពូជសាសន៍​ដ៏​សាហាវយង់ឃ្នង ធ្លាប់​ទទួល រង​នូវ​ការដាក់ទណ្ឌកម្ម​ដ៏​អយុត្តិធម៌ យើង​យល់ច្បាស់​ណាស់​អំពី​តម្លៃ​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ ។ ប្រទេសមួយ​ដែល​បាត់ បង់​ឯករាជ្យ និង​អធិបតេយ្យ ដោយ​បរទេស​មាន​សិទ្ធ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​សព្វ​បែប យ៉ាង​ហើយ​នោះ ប្រជាជាតិ​នៃ​ប្រទេស​នោះ ពិតជា​បាត់បង់​នូវ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ ហើយ​ជៀស​មិន​ផុតពី​ការធ្លាក់​ទៅក្នុង​គ្រោះមហន្តរាយ​ជាក់​ជាមិនខាន ។
​ ​
​ជា​ប្រជាជាតិ​មួយ​ដែល​ធ្លាប់មាន​កិត្តិ​ស័ព្ទ​ល្បីល្បាញ​ខ្ទរខ្ទារ​មួយ​ដែរនោះ យើង​ពិត​ជាមាន អារម្មណ៍​ឈឺចាប់ ដោយសារ​តែមាន​ខ្មែរ​មួយក្រុម​តូច ក្រោម​ការដឹកនាំ​របស់​មេ​ចលនា​ឧទ្ទាម និង​ជន​ក្បត់ជាតិ សម រង្ស៊ី​-​កឹម សុខា ឱនក្បាល​តត្រុក​ទៅសុំ​អង្វរ​លន់តួ​ឲ្យ​បរទេស​លូកដៃ​ជ្រៀត ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ទាមទារ​ឲ្យ​បរទេស​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា និង​សុំ​ខ្លួន​ធ្វើ ជា​អាយ៉ង និង​ជា​កញ្ជះ​ដាច់​ថ្លៃ​របស់​បរទេស ដែល​នោះ​ជា​អំពើ​ថោកទាប​បំផុត និង​មិនអាច លើកលែង​ឲ្យ​បានឡើយ ។
​ ​
​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ជំហរ​មួយ​ច្បាស់លាស់​គឺ យើង​នៅតែ​បន្ត​ធ្វើជា​មិត្ត​ដ៏​ល្អ ជា​ដៃគូ​ដ៏​ល្អ ជា​បងប្អូន​ដ៏​ល្អ ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ហើយ​ដែល​ប្រទេស​ទាំងនោះ ក៏​ចង់ឃើញ​កម្ពុជា​រីកចម្រើន​ទៅមុខ​ពិតប្រាកដ​ដោយ​គ្មាន​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ ប្រទេសជាតិ​ផង​ខ្លួន ។ ប៉ុន្តែ​មាន​ប្រទេស​ខ្លះ ដោយសារតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​មិនបាន ទទួលយក​បំណង​ដ៏​ល្អ​របស់​កម្ពុជា​ទេ​ហើយ​បាន​ប្រើប្រាស់​អាយ៉ង​របស់ខ្លួន​ឲ្យ​ហក់​កញ្ឆេង តាម​ខ្សែ​ញាក់ ដើម្បី​បម្រើ​មហិច្ឆតា និង​នយោបាយ​របស់គេ ។ មេ​ចលនា​ឧទ្ទាម និង​ជន​ក្បត់ជាតិ សម រង្ស៊ី​-​កឹម សុខា បាន​សម្តែង​តួ​ជា​អាយ៉ង​បរទេស​យ៉ាង​ស័​ក្ត​សម​ឥតខ្ចោះ​ឥត​ខ្វះចន្លោះ​កន្លែង ណាមួយ​សោះឡើយ ។ ដោយសារតែ​អំពើ​បាប​របស់ខ្លួន រាល់​សកម្មភាព​របស់​ជន ក្បត់ជាតិ​នេះ ត្រូវ​ទទួលរង​បរាជ័យ​ជា​បន្តបន្ទាប់ ដោយ កឹម សុខា ត្រូវ​ចាប់ខ្លួន និង​កំពុង​ស្ថិតក្នុង​ចំណាត់ការ របស់​តុលាការ​ឯ សម រង្សី រត់ចោល​ទាំង​ស្រុក រត់ចោល​ទាំង​គុក រត់ចោល​ទាំង​ខ្នោះដៃ ដែលជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់ខ្លួន​ទៅទៀត ។ ចំពោះ សម រង្សី ម្នាក់នេះ មិនមែន​ត្រឹមតែ​គុក​រក មុខ​នោះទេ ប៉ុន្តែ​ប្រជាជន​កម្ពុជា ជាពិសេស​កូនក្មួយ​ជា កម្មករ កម្មការិនី ក៏​ត្រៀម​ស្វាគមន៍​ដែរ ព្រោះ​ជននេះ​ល្បីល្បាញ​ខ្លាំង​ខាង​ទៅ​បំផុស​បរទេស​ឲ្យ​ផ្តាច់ជំនួយ​ពី​កម្ពុជា ឲ្យ​ឈប់​ទិញ​សម្លៀក បំពាក់​ពី​ប្រទេស​កម្ពុជា ដែល​មានន័យ​ស្មើនឹង​ការ​ផ្កាប់​ឆ្នាំងបាយ​កម្មករ​ដូច្នោះ​ដែរ ។

ជាក់ស្តែង​ដូច ជា​ករណី​ដែល គណៈកម្មាការ​អឺរ៉ុប​បានចេញ​សេចក្តីសម្រេច បើក​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ​សម្រាប់​ការដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សម រង្សី បាន​ចេញមុខ​ប្រកាស​យ៉ាង​ថោកទាប​បំផុត​ថា នេះ​ជា​ស្នាដៃ​របស់ខ្លួន ។ ស្នាដៃ​បំផ្លាញ​ជាតិ​របស់ សម រង្សី នៅមាន​ច្រើន​ទៀត ដូច​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ទាក់ទិន​ទៅនឹង​បញ្ហា​កម្មករ​នេះដែរ ក្នុងពេល​ថ្លែង បទ​អន្តរាគមន៍​ទៅកាន់​សភា​អឺរ៉ុប​មេ​ចលនា ឧទ្ទាម​ម្នាក់នេះ បាន​សុំ​ឲ្យ​សហភាព​អឺរ៉ុប​បិទ​ទីផ្សា​នាំចេញ​សម្លៀកបំពាក់​ពី ប្រទេស​កម្ពុជា ដែល​ពេលនោះ​ទាំង​ប្រជាជន ទាំង​កម្មករ ទាំង​សហជីព រួមទាំង​ក្រុមយុវជន ប្រមាណ ១១​ម៉ឺន​នាក់ ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង សម រង្សី ។ តែ​ជា​សំណាងល្អ​សម្រាប់ សម រង្សី ព្រោះ​ពេលនោះ​សភា​អឺរ៉ុប​អត់​យក​ត្រចៀក​ស្តាប់​សម្តី​របស់​ជននេះ​ទេ ។
​ ​
ទាក់ទិន​ទៅនឹង​ផ្លូវច្បាប់​វិញ សម រង្សី មាន​សំណុំរឿង​ជាច្រើន​នៅក្នុង​ដៃ​តុលាការ ដូចជា សំណុំរឿង បរិហាកេរ្តិ៍ លោក ហោ ណាំហុង ត្រូវ​ជាប់គុក ២​ឆ្នាំ សង​ប្រាក់ ២០០០​ដុល្លារ សំណុំរឿង​បរិហាកេរ្តិ៍​សម្តេច ហេង សំរិន បង្គាប់​ឲ្យ​សង​ប្រាក់ ៥០​លាន​រៀល ទៅ​ដើមបណ្តឹង និង ១០​លាន​រៀល បង់​ចូល​រដ្ឋ សំណុំរឿង​សមគំនិត​បង្ហោះ​ផែនទី​ក្លែងក្លាយ​ជាមួយ ហុង សុខ​ហួរ ជាប់ទោស ៥​ឆ្នាំ សំណុំរឿង​ចោទ​រាជរដ្ឋាភិបាល នៅ ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី ត្រូវ​ជាប់ពន្ធនាគារ ១​ឆ្នាំ និង ៨​ខែ ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល និង​សង​សំណង​ជម្ងឺ​ចិត្ត ១០០​លាន​រៀល ។

​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​ពួក​បរទេស ដោយ​យក​អាយ៉ង សម រង្សី​-​កឹម សុខា មក​ធ្វើជា​ត្លុក​ដឹកនាំ គឺជា​យន្តការ​មួយ​សម្រាប់​បម្រើ​ឲ្យ​ចលនា​បដិវត្តន៍​ពណ៌ ដែល​ពួក គេ​បាន​អនុវត្ត​យ៉ាងសកម្ម និង​ពេញទំហឹង​ក្នុងអំឡុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ ។ ផែន​ការធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​ការ​ចងក្រង​ចាក់ស្រេះ ប្រទាក់ក្រឡា​គ្នា​យ៉ាង​ស៊ី ជម្រៅ​រវាង​ក្រុមគ្រួសារ​គណបក្សប្រឆាំង និង​ពួក​ចារកម្ម​បរទេស​រហូត មាន​អង្គការ​បរទេស​ខ្លះ បាន​ចូលមក​បង្ហាត់បង្រៀន​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ធ្វើបាតុកម្ម ការផ្តល់​ថវិកា ជំរុញ​បំផ្ទុះ​ឡើង​នូវ​បដិវត្តន៍​ពណ៌​ឈានទៅ​បង្កើត​រដ្ឋាភិបាល​មួយ​មិន​តាមបែប ប្រជាធិបតេយ្យ មាន​បរទេស​ជា​អ្នកបញ្ជា ហើយ​វា​បម្រើ​ឲ្យ​ផលប្រយោជន៍​ភូមិសាស្ត្រ នយោបាយ​ជា​យុទ្ធសាស្ត្រ​របស់​បរទេស​នោះ​នៅ​អាស៊ី​ទៀតផង ។ នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ កឹម សុខា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​២​ថ្ងៃ​ក្រោយមក អយ្យការ​អម​សាលាដំបូង​រាជ ធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់ កឹម សុខា ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ចំពោះ​ករណី កឹម សុខា ជននេះ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​រកឃើញ​ភស្តុតាង​ដ៏​រឹងមាំ​ជាច្រើន និង​គ្រប់គ្រាន់​ដែល​បង្ហាញថា កឹម សុខា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​សម្ងាត់ ដោយ​ឃុបឃិត​គ្នា​ជាមួយ​បរ​ទស​ដើម្បី​ផ្តួលរំលំ​រដ្ឋ អំណាច​ស្របច្បាប់​នៅ​កម្ពុជា តាមរយៈ​ចលនា​បដិវត្តន៍​ពណ៌ ហើយ កឹម សុខា ក៏បាន​និយាយ ដោយផ្ទាល់​មាត់​ខ្លួនឯង អំពី​ផែនការ​នេះដែរ ។ សំណុំរឿង​ព្រហ្មទណ្ឌ​របស់ កឹម សុខា កំពុងស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ចំណាត់ការ នីតិវិធី​នានា របស់​ចៅក្រម​ស៊ើបសួរ​ក្នុងដំណាក់កាល​នេះ​ធ្វើឡើង​ស្របតាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ ជន​ត្រូវ​ចោទ កឹម សុខា​ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៧ ប៉ុន្តែ​នៅ​ថ្ងៃទី​៩​ខែកញ្ញា ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ​ក៏បាន​សម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​រូបនេះ ឲ្យ​នៅក្រៅ​ឃុំ​វិញ ដោយ​ជំនួស​មកវិញ​នូវ​វិធានការ​នៃ​ការសម្រេច​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ភ្ជាប់​នូវ​កាតព្វកិច្ច​មួយចំនួន​ស​ម្រា​ប់​ជន​ត្រូវ​ចោទ​អនុវត្ត ។

​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​ចេញ​សាលដីកា សម្រេច​រំលាយ ចោល​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ចំណែក​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​នេះ ចំនួន​១១៨​នាក់ ត្រូវ​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ។ សាលដីកា​របស់​តុលាការ កំពូល​នេះ បានរួម​ចំណែក​ដល់​ការពង្រឹង​ការគោរព និង​ការអនុវត្ត​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាធរ មាន​ស្របតាម​គោលការណ៍​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដើម្បី​រក្សា​ស្ថិរភាព នយោបាយ ឯករាជ្យ អធិបតេយ្យ និង​ការពារ​សន្តិភាព និង​ការ អភិវឌ្ឍ​ដើម្បី​ភាពសុខសាន្ត របស់​ប្រជាជន និង​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​ព្រមទាំង​ប្រឆាំងនឹង​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង របស់​ពួក​បរទេស​ទៀតផង ។ មូល​ហេតុដែល​គណបក្ស​ប្រឆាំង​ត្រូវ​រំលាយចោល គឺ​មេដឹកនាំ គណបក្ស​នេះ​លក់​ក្បាល​បម្រើ​ឲ្យ​នយោបាយ​បរទេស ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែលជា​អំពើ​ក្បត់ជាតិ ធ្វើ​សកម្មភាព​រំលោភ​លទ្ធិប្រជាធិបតេយ្យ និង​គោលការណ៍​នីតិរដ្ឋ ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​សមិទ្ធផល​សង្គមជាតិ បង្ករ​ឲ្យ​មាន​អស្ថិរភាព​នយោបាយ ធ្វើ​វិច្ឆេទ​កម្មន​យោ បាយ​សេដ្ឋកិច្ច​ទប់ស្កាត់​ការរីកចម្រើន​របស់​ប្រទេស​ជាន់ឈ្លី​ឆន្ទៈ​ប្រជាជន ដែលជា​ម្ចាស់ឆ្នោត មិន​បំពេញ​តួនាទី​ភារកិច្ច​ជា​តំណាងរាស្ត្រ ប្រមាថ និង​ជាន់ឈ្លី​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និង​ស្ថា​ប័​ន្ធ​ជាតិ​ដទៃទៀត ។​

​បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​កំពុងស្ថិត​ក្នុង​សុខសន្តិភាព​យ៉ាង​ពេញលេញ​ដែល​បាន​បង្ករ​នូវ​កាលានុវត្តភាព​សម្រាប់​ការអភិវឌ្ឍ​។ ដូច្នេះ​យើង​ត្រូវតែ​បន្ត​ពង្រឹង​ជំហាន​ឆ្ពោះទៅមុខ​ទៀត​ដោយ​មិន​វិល ថយក្រោយ​ជាដាច់ខាត ហើយ​មិន​អនុ​ញ្ញា​ត្ត​ឲ្យ​អ្វីមួយ​មក​រំខាន​ដល់​ដំណើរ​ឈានឡើង របស់​យើង​បានឡើយ​។ កម្ពុជា​ធ្លាប់​ទទួល​ការឈឺចាប់​គ្រប់គ្រាន់​ហើយ​។ កម្ពុជា​ធ្លាប់​ទទួល នូវ​ទណ្ឌកម្ម និង​ការប្រមាថ​មាក់ងាយ​ឆ្អែតឆ្អន់​ហើយ​កម្ពុជា​ធ្លាប់បាន​ស្គាល់​ហើយ​យុគសម័យ ខ្មៅ​ងងឹត​មួយ​ក្នុងពេលដែល​ប្រទេស​បាត់បង​ឯករាជ្យ និង​អធិបតេយ្យ ដូច្នេះ​យើង​ត្រូវតែ ការពារ​ឲ្យ​បាន​ដាច់ខាត សន្តិភាព ស្ថិរភាព ឯករាជ្យភាព និង​អ​ធិ​តេ​យ្យ​ជាតិ​របស់​យើង​ទោះ ក្នុងតម្លៃ​ណាក៏ដោយ​៕ ដោយ​: លី​ទួង​