លើកលែង​ការបង់​កម្រៃ​ហ្វ្រេ​កង់​ស៍​វិទ្យុ​ប្រចាំ​ដល់​ស្ថានទូត​-​ស្ថាន​តំណាង​បរទេស​ប្រចាំ​នៅ​កម្ពុជា​

425
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ​ប្រកាស​អន្តរក្រសួង​ស្តីពី​ការលើកលែង​ការបង់​កម្រៃ​ហ្វ្រេ​កង់​ស៍​វិទ្យុ​ប្រចាំ​ដល់​ស្ថានទូត និង​ស្ថាន​តំណាង​បរទេស​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោងតាម​ប្រកាស​អន្តរក្រសួង​ចុះ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ ដែល​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទើបតែ​បង្ហោះ​ផ្សព្វផ្សាយ​លើ​វេ​ប​សាយ​របស់ខ្លួន បាន​ឲ្យ​ដឹងថា ត្រូវបាន​លើកលែង​ការបង់​កម្រៃ​ពិនិត្យ​ពាក្យស្នើសុំ ពិនិត្យ​បរិក្ខារ​វិទ្យុ និង​កម្រៃ​អាជ្ញា​បណ្ណ​ហ្វ្រេ​កង់​ស៍​វិទ្យុ​ប្រចាំឆ្នាំ ដល់​ស្ថានទូត និង​ស្ថាន​តំណាង​បរទេស​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ការប្រើប្រាស់​គ្រឿង​បរិក្ខារ វិទ្យុគមនាគមន៍ និង​ការប្រើប្រាស់​ហ្វ្រេ​កង់​ស៍​វិទ្យុ សម្រាប់តែ​កិច្ចការ​ផ្ទាល់​របស់​ស្ថានទូត និង​ស្ថាន​តំណាង​បរទេស​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាតឱ្យ​ត​ភ្ជាប់​បណ្តាញ​ទៅ​ស្ថានីយ​ដទៃទៀត​ឡើយ (​ប្រការ​១)​។​

​ប្រភេទ​ហ្វ្រេ​កង់​ស៍​វិទ្យុ ដែល​ត្រូវបាន​លើកលែង​ការបង់​កម្រៃ​រួមមាន ៖

  • វិទ្យុ​ប្រភេទ MF ចល័ត និង​អចល័ត​
  • វិទ្យា​ប្រភេទ HF ចល័ត និង​អចល័ត​
  • វិទ្យុទាក់ទង​ប្រភេទ VHF ចល័ត និង​អចល័ត​
  • វិទ្យុទាក់ទង​ប្រភេទ UHF ចល័ត និង​អចល័ត​
  • វិទ្យុទាក់ទង​អន្តរជាតិ ប្រភេទ MF, HF, VHF និង UHF
    • VSAT សម្រាប់​សំឡេង ឬ ទិន្ន​លេខ​។​

​ប្រកាស​អន្តរក្រសួង​បាន​បញ្ជាក់ថា ការលើកលែង​ការបង់​កម្រៃ​ពិនិត្យ​ពាក្យស្នើសុំ ពិនិត្យ​បរិក្ខារ​វិទ្យុ និង​កម្រៃ​អាជ្ញាប័ណ្ណ​ហ្វ្រេ​កង់​ស៍​វិទ្យុ​ប្រចាំឆ្នាំ ដែល​កំណត់​ក្នុង​ប្រការ​១ នៃ​ប្រកាស​អន្តរក្រសួង​នេះ ត្រូវអនុវត្ត​គិត​ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រការ​២)​។

​ការបញ្ឈប់​ការលើកលែង​ការបង់​កម្រៃ​ពិនិត្យ​ពាក្យស្នើសុំ ពិនិត្យ​បរិក្ខារ​វិទ្យុ និង​កម្រៃ​អាជ្ញាប័ណ្ណ​ហ្វ្រេ​កង់​ស៍​វិទ្យុ​ប្រចាំឆ្នាំ ដល់​ស្ថានទូត និង​ស្ថាន​តំណាង​បរទេស​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​កំណត់ដោយ​ប្រកាស​អន្តរក្រសួង​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​ប្រការ​៣)​។ បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែលមាន​ខ្លឹមសារ​ផ្ទុយ​នឹង​ប្រកាស​អន្តរក្រសួង​នេះ ត្រូវ​ទុកជា​និរាករណ៍ (​ប្រការ​៤)​។​

​អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាន​នាយកដ្ឋាន និង​ប្រធាន​អង្គភាព​ពាក់ព័ន្ធ​នានា​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ត្រូវ​ទទួលបន្ទុក​អនុវត្ត​ប្រកាស​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​៕ ល​