លើក​នេះ មិន​ដូច​លើក​មុន​!

610
ចែករម្លែក

កាលពី​រំលងអធ្រាត្រ ម៉ោង ២​ថ្ងៃទី​៧ ឈានចូល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩ ស្នងការ ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត និង អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​ព្រមទាំង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រួមជាមួយ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះបង្ក្រាប​ក្លិប​កម្សាន្ត​លុ​ច្ស​សារី ដែលមាន ទីតាំង ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២១៤​កែង​ផ្លូវ​លេខ​៦៣​ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ក្នុង​ប្រតិបត្តិការ​កណ្តាល​អា​ធ្រា​ត្រ​នោះ ប៉ូលិស​បាន​រកឃើញ​សារធាតុ​ញៀន​មួយ ចំនួន​ហើយ​បាន​ឃាត់ខ្លួន​មនុស្ស​៤១៧​នាក់ (​ស្រី​១៨១​នាក់​) បញ្ជូនទៅ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​
​ ​
​បន្ទាប់ពី​ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​ក្លិប​កម្សាន្ត ដែលមាន​ប្រើប្រាស់ និង​ជួញដូរ គ្រឿងញៀន​នេះ​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​កាសែត​ថា ប៉ូលិស​បានកំណត់​អត្ត សញ្ញាណ​ថៅកែ​ក្លិប​កម្សាន្ត លុ​ច្ស​សារី​នោះបាន​ហើយ​។ ថៅកែ​នោះ គឺជា​ជនបរទេស តែ​ប៉ូលិស មិនទាន់​ចាប់​បានទេ​។​
​ ​
​លោកស្នងការ​បន្តថា អ្នក​ដែល​ប៉ូលិស​ចាប់​ឃាត់ នាំទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ​ជាង ៤០០ នាក់​នោះ ត្រូវបាន​ធ្វើតេស្ត​ទឹកនោម ដើម្បី​រកសារ​ធាតុ​ញៀន ដោយ ប្រហែលជា​ចំណាយ ២​ថ្ងៃ ក្នុងការ​ត្រួតពិនិត្យ​ជនសង្ស័យ​ទាំង​ជាង ៤០០​នាក់​នោះ​។​
​អំពី​វត្ថុតាង​គ្រឿងញៀន​វិញ ត្រូវបាន​លោកស្នងការ ស ថេត បញ្ជាក់ថា ក្នុងពេល​ឆ្មក់ ចូល​បង្ក្រាប​ក្លិប​កម្សាន្ត​លុច​សារី​នោះ ប៉ូលិស​បាន​រឹបអូស​ថ្នាំញៀន​។ តែ​លោកស្នងការ មិន​ប្រាប់ថា មាន​ចំនួន​ប៉ុន្មាន​ទេ គ្រាន់តែ​បញ្ជាក់ថា គ្រឿងញៀន​នៅ​លុ​ច្ស​សារី មាន​ចំនួន​តិចជាង កាល​ចាប់​បង្ក្រាប​នៅ​រ៉ក់​។​
​ ​
​ក្រោយ​ប៉ូលិស​ឆ្មក់​ចូល​បង្ក្រាប​ក្លិប​លុ​ច្ស​សារី គឺ​នៅ​រសៀល​ថ្ងៃទី​៨ ខែមិថុនា លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា ក្មួយប្រុស​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច ពិសេស​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​រក​ឲ្យ​ឃើញ​មេ​ឬ​ថៅកែ​ក្លិប​លុ​ច្ស​សារី ចាប់​យកមក ផ្តន្ទាទោស​តាមច្បាប់​។​
​ ​
​យ៉ាងណាក៏ដោយ​ក្នុង​សំណុំរឿង​បង្ក្រាប​ក្លិប​កម្សាន្ត​លុ​ច្ស​សារី​ចំ​កណ្តាល​រាជធានី ភ្នំពេញ​នេះ គឺ​កាលពី​រសៀល​ថ្ងៃទី​១១ ខែមិថុនា ប៉ូលិស​បាន​បញ្ជូន​សំណុំរឿង​ទៅកាន់ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​រហូតដល់​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា​ទើប ប៉ូលិស បញ្ជូន​ជនសង្ស័យ​ចំនួន​១៧​នាក់​ទៅកាន់​តុលាការ​។ ក្នុងនោះ​មាន​ជនបរទេស (​វៀតណាម​)​ប្រាំ​នាក់​និង​ខ្មែរ​១២​នាក់ ។​
​ ​
​គេ​នៅ​ចាំបាន​ថា កាលពី​ម៉ោង​១:៤៥​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២២​ឈានចូល​ថ្ងៃ ទី​២៣ ខែកុម្ភៈ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម សេនីយ៍​ឯក ស ថេត និង​ដោយមាន​ការដឹកនាំ​សម្របសម្រួល​ពី​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ជនសង្ស័យ ៣១១​នាក់ ( ស្រី ៥៦​នាក់ ) ត្រូវបាន​ឃាត់ខ្លួន និង​វត្ថុតាង​ជា​គ្រឿងញៀន​សរុប​មិនតិចជាង ៥០​គីឡូ ក្រាម​ទេ រួមទាំង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន ១២ និង​កាំភ្លើងខ្លី មួយ​ដើម​ត្រូវបាន​ប៉ូលិស រឹបអូស​បាន នៅ​រ៉ុ​ក​។

​ចំពោះមុខ​ករណីនេះ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បានសម្រេច​បិទ​អាជីវកម្ម មជ្ឈមណ្ឌល កម្សាន្ត រ៉ក់ ហើយ​ផ្តល់​លទ្ធភាព ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​តុលាការ ដើម្បី​បន្ត​នីតិ វិធី​ស្រាវជ្រាវ​ឈានទៅ​កំណត់​ប្រភព​នៃ​ការ​នាំចូល​គ្រឿងញៀន និង​ក្រុម​ជនល្មើស នាំយកមក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​។ ករណី​គ្រឿងញៀន​នៅ​រ៉ក់​គ្រាន់តែ​ប៉ូលិស បង្ក្រាប​ភ្លាម គឺ​ថៅកែ​រ៉ក់ ត្រូវបាន​គេ​ផ្សព្វផ្សាយ​ភ្លាម នោះ​គឺ​លោក​ឧកញ៉ា គិត ធាង​។

​ករណី​បង្ក្រាប​គ្រឿងញៀន​នៅ​រ៉ក់ បាន​កក្រើក ហើយ​រហូតដល់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ដើមខែ​មីនា បានប្រកាស​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច រួមទាំង​តុលាការ ត្រូវ​ស្វែង រក​ចាប់​ថៅកែ​រ៉ក់ និង​អ្នកពាក់ព័ន្ធ យកមក​ផ្តន្ទាទោស​តាមច្បាប់​ទោះ​ត្រូវ​ជីកដី​រក​ជម្រៅ ណាក៏ដោយ​។​

​ទើប​នៅ​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០១៩​អ្នកឧកញ៉ា គិត ធាង បាន​ចូល​សារភាព និង​ត្រូវ​ប៉ូលិស​នាំខ្លួន​ទៅ​តុលាការ​ចោទប្រកាន់ និង​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ PJ​។ ក្នុងករណី​រ៉ក់ ក៏ត្រូវ​បាន​សម្តេច​ក្រឡា​ហោម ស ខេង​ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាសថា មាន​ប៉ូលិស​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ជាប់​ពាក់ព័ន្ធ ហើយ​តុលាការ បានចេញ​ដីកា​តាម​ចាប់​ប៉ូលិស​នោះ​។​

​ដូច្នេះ​ករណី​បង្ក្រាប​គ្រឿងញៀន​នៅ​ក្លិប​កម្សាន្ត​ដ៏​ធំ​ទី​២ នៅ​ភ្នំពេញ​នា​ឆ្នាំ​២០១៩ គឺ​ក្លិប​កម្សាន្ត លុ​ច្ស​សារី នេះ បែរជា​ថៅកែ​ក្លិប​កម្សាន្ត ជា​ជនបរទេស មិនត្រូវ​បាន ចាប់ខ្លួន ហើយ​ជនសង្ស័យ​ដែល​ប៉ូលិស​ចាប់​ជាង ៤០០​នាក់ ក៏​ចុងក្រោយ​មាន​អ្នក ពាក់ព័ន្ធ​គ្រឿងញៀន ត្រឹមតែ ១៧​នាក់​ប៉ុណ្ណោះ​។ ករណីនេះ​នាំ​ឲ្យ​មហាជន​មិន​អស់ ចិត្ត​សោះ​។​គួរតែមាន​ការពន្យល់​ពី​ចំណុច​នេះ​។​

​ជា​ការពិត​ការបង្ក្រាប​ជំនួញ​គ្រឿងញៀន ជា​រឿង​ស្មុគស្មាញ​។ ស្មុគស្មាញ​រឿង​រក​ខ្សែ បណ្តាញ​ជួញដូ​គ្រឿងញៀន ជា​រឿង​មួយ​ហើយ តែ​ស្មុគស្មាញ​មួយទៀត គឺ​ឈ្មួញ គ្រឿងញៀន​ទាំងនោះ មាន​ខ្នង​ក្រាស់ៗ ។​

​ក៏ប៉ុន្តែ​ចូរ​កើ​ភ្លេច​ថា ករណី​បទល្មើស​គ្រប់​ប្រភេទ មិនថាតែ​គ្រឿងញៀន​នេះ​ទេ គឺ​ប្រមុខ ដឹកនាំ ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា សម្តេច​ក្រឡាហោម ស ខេង បាន​បើកភ្លើង​ខៀវ​ដល់​កម្លាំង និង​មន្ត្រី​ជំនាញ ត្រូវតែ​បង្ក្រាប​ដោយ​គ្មាន​លើកលែង ឡើយ ព្រោះថា គ្រឿងញៀន កំពុង​វាយលុក​ក្នុងសង្គម​យើង ពិសេស​គ្រឿងញៀន បាន​បំផ្លាញ​អនាគត​យុវជន​យើង និង​នាំ​ឲ្យ​សង្គមជាតិ អសន្តិសុខ កើត​អំពើចោរកម្ម និង​អំពើ​ឆក់​ប្លន់ ជាដើម​។​

​ដូច្នេះ​កងកម្លាំង​សមត្ថកិច្ច គួរតែ​បន្តសកម្មភាព​ស្រាវជ្រាវ​បង្ក្រាប រុករក​ឲ្យ​ដល់​ថៅកែ​ក្លិប ដែលមាន​បទល្មើស​គ្រឿងញៀន ហើយ​ចាប់​បង្ក្រាប ដើម្បី​ភាពសុខសាន្ត និង​អនាគត យុវជន​យើង​។ រីឯ​ម្ចាស់​ក្លិប​កម្សាន្ត ខារ៉ាអូខេ ក៏ត្រូវ​លុបបំបាត់ មិន​ឲ្យ​មានការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​កន្លែង​របស់ខ្លួន​ឡើយ ព្រោះ​បើសិនជា​សមត្ថកិច្ច​ចូល បង្ក្រាប គឺ​ថៅកែ​ត្រូវ​ជាប់គុក ហើយ​កន្លែង​រកស៊ី ក៏ត្រូវ​បិទទ្វារ​ទាំងស្រុង​។ រីឯ​អ្នកជួញដូរ និង​អ្នកប្រើប្រាស់​គ្រឿងញៀន ក៏ត្រូវ​ចាប់ខ្លួន នាំយកទៅ​កាត់ទោស​ផងដែរ​។​

​ដោយឡែក​សមត្ថកិច្ច​ជំនាញ ក៏ត្រូវ​ចាប់​បង្ក្រាប​មែនទែន ដោយ​ចៀស​ឲ្យ​បាន​នូវ​ការ លើកឡើងថា សមត្ថកិច្ច​ចិញ្ចឹម​បទល្មើស ទុកដាក់​ខែ ជាដើម​។ ចំណែក​យុវជន​ក៏ត្រូវ ជៀសវាង​ពី​គ្រឿងញៀន​។ ការប្រើប្រាស់​គ្រឿងញៀន សប្បាយ​តែមួយ​ភ្លេ​ត តែ​អនាគត និង​សុខភាព ត្រូវ​ខូច​មួយជីវិត​។ សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​សង្គម​យើង​គ្មាន​គ្រឿង ញៀន​៕ ដោយ: ម៉េង ឆៃ