លើលោកមានតែមួយ! ៩៩,៩៩​ភាគរយ​ចេញមក​បោះឆ្នោត​សភា​កូរ៉េខាងជើង​

346
ចែករម្លែក
  • 40
    Shares

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១២​មីនា ថា​ប្រជាជន​កូរ៉េ​ខាងជើង​មាន​សិទ្ធិ​បោះឆ្នោត​ចំនួន​៩៩,៩៩​ភាគរយ​បាន​ចេញមក​បោះឆ្នោត​រើស​តំណាង​របស់​ខ្លួន​កាល​​ពី​ថ្ងៃ​ចន្ទ​ទី​១១​មីនា ដែល​អត្រា​កំរិត​នេះ​ប្រហែល​មានតែ​មួយ​នៅក្នុង​លោក​។​

​ប្រជាជន​កូរ៉េ​ខាងជើង​ត្រូវ​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​សភា​ប្រជាជន​ជាន់ខ្ពស់​នៅ​រាល់​៥​ឆ្នាំ​ម្តង ហើយ​ក្នុង​ចំនួន​ចេញមក​បោះឆ្នោត​ក្នុង​អត្រា​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាង​​ជើង​អួតថា បណ្តា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នៅ​លោកខាងលិច​មិន​ដែល​ស្គាល់​រស់ជាតិ​ទេ​ឬ​មិន​អាច​ធ្វើបាន​ទេ​។​

​ប្រជាជន​ត្រៀម​បោះឆ្នោត​រើស​សភា​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​១១​មីនា

​ដូច​ការ​បោះឆ្នោត​ចុងក្រោយ​កាលពី​ឆ្នាំ​២០១៤​ដែរ លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិ​នេះ ១០០​ភាគរយ​គាំទ្រ​បេក្ខជន​ដែល​កំណត់​ឈ្មោះ​រួចហើយ​។​

​នៅ​បញ្ជី​លម្អិត​នៃ​បេក្ខជន​ទាំង​៦៨៧​រូប នៅ​មិន​ទាន់​បញ្ចេញ​នៅឡើយ​។​តែ​ប្អូនស្រី របស់​មេដឹកនាំ​គីម ជុង​អ៊ុន លោកស្រី គីម យ៉ូ​ចុង ស្ថិត​ចំណោម​បេក្ខជន​ដែល​ជាប់​ជា​សមា​​ជិក​សភា​ថ្មី​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង​KCNA បាន​និយាយថា គីម យ៉ូ​ចុង ត្រូវបាន​ជ្រើសរើស​អោយ​ចូល​ក្នុង​សភា​ប្រជាជន​ជាន់ខ្ពស់ ក្រោយពី​ការបោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​។​​បេក្ខជន​សរុប​៦៨៧​រូប​ត្រូវបាន​ជ្រើសរើស​ជា​សមាជិក​សភា ដោយសារ​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​មាន​ចំនួន​អ្នក​ចេញ​មក​បោះឆ្នោត​៩៩,៩៩​ភាគរយ​។​

​គីម យ៉ូ​ចុង ជា​អនុប្រធាននាយកដ្ឋាន​ឃោសនា​របស់​គណៈកម្មាធិកា​រ​មជ្ឈិម​របស់​បក្ស​ពលករ​កូរ៉េ​។​លោកស្រី​បាន​ចូលរួម​ពិធី​បើក​កីឡា​អូឡាំពិក​រដូវរងារ​នៅ​ក្រុង​ព្យឹង​ចាង​និង​​ក៏​បាន​អមដំណើរ​លោក​គីម ទៅ​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​អាមេរិក នៅ​ក្រុង​ហាណូយ​កាលពី​ខែ​មុន​៕​ដោយ​៖​វាសនា​

#