លើស​ហើយ​! ស្វា​ឯកា​ក្នុង​សួន យក​មាន់មក​ចិញ្ចឹម​ដូច​កូនបង្កើត​

1864
ចែករម្លែក

​សត្វ​ស្វា​ញី​ឯកោ​មួយ​ក្បាល​នៅឯ​សួនសត្វ​អ៊ីស្រាអែល​មួយកន្លែង បាន​រកឃើញ​វិធី​មួយ​ដើម្បី​ធ្វើ​បំពេញ​បំណង​ចង់​ក្លាយជា​ម្តាយ ដោយ​យក​មាន់មក​ចិញ្ចឹម​។​

​ស្វា​ខ្មៅ​ពូជ​ឥណ្ឌូនេស៊ី​ឈ្មោះ នី​វ បាន​ចំណាយពេល​មួយ​សប្ដាហ៍​កន្លងទៅ ដោយ​លួងលោម សម្អាត និង​លេង​ជាមួយ​មាន់នៅ​សួនសត្វ​រ៉ា​ម៉ា​ត ហ្គា​ន សា​ហ្វា​រី (Ramat Gan Safari) ក្បែរ​ទីក្រុង​តែ​ល​អាល់​វីវ​។​

​លោកស្រី ម័​រ ផូ​រ៉ា​ត អ្នកនាំពាក្យ​របស់​សួនសត្វ​នេះ​បាន​និយាយថា “​វា​ហាក់ដូចជា នី​វ ដែលមាន​អាយុ ៤ ឆ្នាំ​និង​ឈានដល់​អាយុ​ចាស់ទុំ​អាច​រួមភេទ​បាន កំពុង​ជួប​ការលំបាក​ក្នុងការ​ស្វែងរក​ដៃគូ​។ នេះ​ប្រហែលជា​ពន្យល់​ពី​សភាវគតិ​ជា​មាតា ដែល​វា​បានបង្ហាញ​ដល់​មាន់​នេះ​” ។ មាន់ ដែល​មិនមាន​ឈ្មោះ​នេះ អាច​គេច​ផុតពី​ប្រហោង​ទ្រង់​បាន​យ៉ាង​ងាយស្រួល​បំផុត ប៉ុន្តែ​វា​ជ្រើសរើស​នៅ​ជិត​នី​វ​។​

​លោកស្រី​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “​ប្រភេទ​នៃ​ទំនាក់ទំនង​នេះ​គឺ​កម្រ​ណាស់ ។ ជួនកាល​សត្វ​ស្វា​សម្លាប់​និង​ស៊ី​មាន់ ដែល​ចូលក្នុង​ទ្រង់​របស់​វា ឬ​លេង​ជាមួយ​វា​រហូតដល់​មាន់​ងាប់​” ។ ដើម្បី​ចៀសវាង​នូវ​សោកនាដកម្ម​បែបនេះ មន្ដ្រី​សួនសត្វ​បាន​បំបែក​នី​វ​និង​មាន់​ចេញពី​គ្នា ព្រោះ​ស្វា​ផ្សេងទៀត​តែងតែ​បង្ហាញ​អរិភាព​ចំពោះ​មាន់​នេះ​ជានិច្ច​។​

​លោកស្រី​ផូ​រ៉ា​ត​និយាយថា មាន់ “​ហាក់ដូចជា​សប្បាយរីករាយ​ណាស់​ដែល​បាន​រកឃើញ​ម្តាយ​ខុស​តម្រា​នេះ ហើយ​នៅពេល​យប់​សត្វ​ទាំងពីរ​មក​ដេក​ជាមួយគ្នា​” ។ កាលពី​ប៉ុន្មាន​ខែ​មុន នី​វ​ព្យាយាម​ចិញ្ចឹម​មាន់​ចាស់​មួយ​ផងដែរ ប៉ុន្តែ​ចិញ្ចឹម​មិនបាន​សម្រេច​៕ ដោយ៖ កញ្ញាដាលីស

ស្វា​ឈ្មោះ នី​វ ចិញ្ចឹម​មាន់នៅ​សួនសត្វ​មួយ​នៅ​ជិត​ក្រុង​តែ​ល​អាល់​វីវ
#