លេចមុខ​ក្រុម​ភេរវកម្ម​ថ្មី​នៅ​តំបន់​ភាគខាងត្បូង​ថៃ​

741

​សមាជិក​ជំនាន់​ថ្មី​មួយក្រុម​នៃ​ក្រុម​ចលនា​បះបោរ BRN បាន​លួច​រថយន្ត​ចំនួន​៧​គ្រឿង​នៅ​ខេត្ត​ប៉ាត់​តានី និង​ខេត្ត​សុង​ក្លា ដើម្បី​ប្រើប្រាស់​ក្នុងការ​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក នៅក្នុង​អ្វីដែល​ក្រុម​អាជ្ញាធរ​ចាត់ទុកថា​ជា​យុទ្ធសាស្ត្រ​វាយប្រហារ​ថ្មី​ដែល​អាច​កើតឡើង​នៅ​តំបន់​ភាគខាងត្បូង​។​

​លោក ចា​ឡឺម​ចៃ សិត​ធី​សាត ប្រមុខ​កងទ័ព បាន​និយាយថា ក្រុម​BRN​នេះ ត្រូវបាន​រកឃើញថា​មានការ​ទទួលខុសត្រូវ​ចំពោះ​ការ​ប្លន់​រថយន្ត​កាលពី​ថ្ងៃ​ពុធ ដែល​នៅក្នុង​អំពើ​ប្លន់​នោះ ជន​ស៊ីវិល​ម្នាក់ និង ជន​សកម្មប្រយុទ្ធ​ម្នាក់ ត្រូវបាន​សម្លាប់​។ ក្រុម​BRN​នេះ ត្រូវបាន​គ្រប់គ្រង ដោយ​មេដឹកនាំ​ម្នាក់​ឈ្មោះ ឌូ​ឡូ​ស វែ​ម៉ា​ណូ (Dulloh Waemano)​។​

​លោក ចា​ឡឺម​ចៃ បាន​និយាយថា ក្រុម​សមាជិក​ថ្មី​នេះ បាន​កំពុង​ហ្វឹកហាត់​ដើម្បី​ដាក់ជំនួស​ក្រុម​សមាជិក​ច្បាស់​របស់​ពួកគេ ដែល​ត្រូវបាន​ចាប់ខ្លួន ឬ​បាន​រត់គេចខ្លួន​ពី​ការ​តាម​ចាប់ បន្ទាប់ពី​ក្រុម​អាជ្ញាធរ​បានទទួល​ព័ត៌មាន​អំពី​ពួកគេ​នេះ​ថា​មានការ​ជាប់ទាក់ទង​ទៅនឹង​ការវាយប្រហារ​កាលពីពេល​មុនៗ​។

​លោក ប្រា​វីត វង់​សុ​វ៉ាន់ ឧបនាយករដ្ឋមន្ត្រី បាន​អះអាងថា ក្រុម​BRN នេះ បាន​ស្ថិតនៅ​ពីក្រោយ​ហេតុការណ៍​ទាំងនេះ ដោយ​និយាយថា យ៉ាងតិចណាស់​មនុស្ស​៤​នាក់​ក្នុងចំណោម​ក្រុម​ជនសង្ស័យ​ជិត​៧​នាក់​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នេះ ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​យ៉ាងច្បាស់​ដោយ​ក្រុម​អាជ្ញាធរ​៕ ដោយ៖ សុខា

​ប៉ូលិស​ថៃ ប្រមូល​ភស្តុតាង​នៅ​កន្លែង ដែល​ក្រុម​ជន​សកម្មប្រយុទ្ធ បាន​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​ដែល​លួច​បាត់ នៅ​ស្រុក​ម៉ា​យ៉ូ ក្នុង​ខេត្ត​ប៉ាត់​តានី កាលពី​ថ្ងៃ​ព្រហស្បតិ៍