លោកគន់ គីម​ : ​ត្រូវ​ផ្តល់ព័ត៌មាន​ជូន​ពលរដ្ឋ​ឲ្យ​ឆាប់រហ័ស​ពេល​គ្រោះមហន្តរាយ​កើតឡើង​

112
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ មន្ត្រី​មូលដ្ឋាន​ត្រូវ​បង្កើន​ចំណេះដឹង ពិសេស​ផ្នែក​ព័ត៌មានវិទ្យា​ដើម្បី​មាន​សមត្ថភាព​ពេញលេញ ​ក្នុងការ​ផ្តល់ដំណឹង​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វេលា ​នូវ​ករណី​គ្រោះមហន្តរាយ​ណាមួយ​កើតឡើង​។​

ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​បង្ការ និង​សង្គ្រោះ​គ្រោះមហន្តរាយ​ប្រព្រឹត្តឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​មានប្រសាសន៍ថា​បម្រែបម្រួល​អាកាសធាតុ​បាន​បង្ក​គ្រោះមហន្តរាយធម្មជាតិ​ជាច្រើន ដូចជា ទឹកជំនន់ ខ្យល់​កន្ត្រាក់ រន្ទះបាញ់​ជាដើម​។ ដើម្បី​បង្ការ និង​ឆ្លើយតប​បញ្ហា​ប្រឈម​ដោយ​គ្រោះធម្មជាតិ​ទាំងនេះ មន្ត្រី​មូលដ្ឋាន​ត្រូវ​បង្កើន​ចំណេះដឹង ពិសេស​ផ្នែក​ព័ត៌មានវិទ្យា​ដើម្បី​មាន​សមត្ថភាព​ពេញលេញ​ក្នុងការ​ផ្តល់ដំណឹង​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​រាយការណ៍​ដល់​អាជ្ញាធរ​ស្រុក ខេត្ត​ឱ្យទាន់​ពេលវេលា​នូវ​ករណី​គ្រោះមហន្តរាយ​ណាមួយ​ដើម្បី​បាន​កិច្ច​អន្តរាគមន៍​ភ្លាមៗ​។

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​ម្យ៉ាងទៀត​ទោះបី​គ្រោះអាក្រក់​មិនទាន់​កើតមាន​ក៏ដោយ គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់​មិនត្រូវ​ធ្វេសប្រហែស​ឡើយ គឺ​ត្រូវ​រិះរក​មធ្យោបាយ ព្រមទាំង​វិធានការ​បង្ការ និង​ត្រៀម​ជួយសង្គ្រោះ​សំដៅ​ធានាបាន​នូវ​ក្តី​សុខ​សុវត្ថិភាព​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​មូលដ្ឋាន​ផ្ទាល់​។ បន្ថែម​លើ​នេះ ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ក៏ដូចជា​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន និង​ត្រៀម​សម្ភារ​: កម្លាំង​ជំនាញ ព្រមទាំង​ធនធាន បច្ចេកទេស​ដើម្បី​ជួយសង្គ្រោះ​ឱ្យទាន់​ពេលវេលា​ក្នុងករណី​មាន​គ្រោះអាសន្ន​កើតមានឡើង​ជាយថាហេតុ​។ បញ្ហាសំខាន់​គឺ​ត្រូវ​យល់ដឹង​ពី​ដំណោះស្រាយ​ជាមុន ដោយ​ប្រញាប់​ប្រញាល់​ចេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជីវិត​មនុស្ស និង​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ហេតុការណ៍​ណាមួយ​ដែល​កំពុង​កើតឡើង​។​

​លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​រាយការណ៍​ជូន​អង្គពិធី​ថា ​រយៈពេល​ប្រាំពីរ​ខែ​នេះ ទូទាំង ខេត្ត​មាន​ករណី​អគ្គីភ័យ​កើតឡើង​១៤​លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​ម្នាក់ ខូចខាត​ផ្ទះ​១៨​ខ្នង តូប​លក់ដូរ​ចំនួន ១៤ ខ្យូ​ស​២៥​ខ្នង រថយន្ត​មួយគ្រឿង ម៉ូតូ​បី​គ្រឿង ម៉ាស៊ីនបូមទឹក​មួយ ទូរទស្សន៍​មួយគ្រឿង ថវិកា និង​គ្រឿងអលង្ការ ព្រមទាំង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​។ ជា​ទិសដៅ​នៅ​ចំពោះមុខ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ នឹង​ជួយ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ដល់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ ស្រុក ​ក្រុង ​ឃុំ ​សង្កាត់ ​ដើម្បី​ត្រៀមលក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​​ក្នុងការ​ឆ្លើយតប​ង​គ្រោះមហន្តរាយ​៕​B/