លោកញឹក ប៊ុនឆៃៈ គណបក្សខ្មែរ​រួបរួមជាតិ នឹងថែរក្សាចំនួន​ក្រុមប្រឹក្សាឃុំសង្កាត់មិនឲ្យ​បាត់បង់

132
ចែករម្លែក
  • 184
    Shares

ដោយៈ មុនី​រ័ត្ន/​ ​ភ្នំពេញៈ លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា​នេះ​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានដាក់​បេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សា​ខេត្ត ចំនួន ១០​ខេត្ត ដែលមាន​បេក្ខជន​ពេញសិទ្ធិ ចំនួន​២២១​នាក់ និង​បេក្ខជន​បម្រុង ចំនួន​២២១​នាក់ សរុប​ចំនួន​៤៤២​នាក់​។ រីឯ​បេក្ខជន​ឈរ​ឈ្មោះ​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ បានដាក់​ចំនួន​៥៤ ក្រុង ស្រុក ខណ្ឌ ដែលមាន​​​បេក្ខជន​ពេញសិទ្ធិ​ចំនួន ៩២៩​នាក់ និង​បេក្ខជន​បម្រុង ចំនួន​៩២៩​នាក់ សរុប​ចំនួន​១៨៥៨​នាក់​។ បើ​បូក​រួមទាំង​បេក្ខជន​ឈរឈ្មោះ ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ សរុប​ទាំងអស់​២៣០០​នាក់​។​

លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ


លោក​បាន​បន្តថា ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជា​ការបោះឆ្នោត​អសកល តួអង្គ​ដែលមាន​សិទ្ធិ​បោះឆ្នោត គឺ​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​តំណាងរាស្ត្រ​។ ហើយ​ជាការ​ងារ​ចាំបាច់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺ​ថែរក្សា​ចំនួន​ក្រុមប្រឹក្សាឃុំ សង្កាត់ របស់ខ្លួន​ដែលមាន​ជាង ២០០​នាក់​។ ហើយ​ត្រូវ​មើលថែរក្សា​អ្នក​ទាំងអស់នោះ កុំ​ឲ្យ​បាត់បង់ ដើម្បី​បោះឆ្នោត​គាំទ្រ​បេក្ខភាព​ឈរឈ្មោះ​ខេត្ត ក្រុង ស្រុក ខណ្ឌ របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ ដោយ​លោក​បាន​បញ្ជាក់ថា “​យើង​ក៏បាន​លើក​ឡើង​ពី​គោលនយោបាយ​មួយចំនួន​ដែរ ដើម្បី​ទាក់ទាញ​អង្គ​បោះឆ្នោត​ពី​មជ្ឈដ្ឋាន​ផ្សេងៗ ក្រែង​គេ​អាចជួយ​គាំទ្រ​យើង​ថែមទៀត ដែល​អាចធ្វើ​ឲ្យ​យើង​កើន​សម្លេង​។ ហើយ​បញ្ហា​នេះ វា​តែងតែមាន​ខ្លះ មិនជា​ច្រើន​ទេ កន្លងមក​ដែល​យើង​មានការ​បោះឆ្នោត​​ប៉ុន្មាន​លើក​ហើយ តែងតែមាន​ជួនកាល​ក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្ស​ផ្សេងៗ គេ​ពេញចិត្ត​យើង គេ​ក៏​ជួយ​យើង​ទៅ ជួនកាល​ក៏មាន​ខាងយើង​ខ្លះ ក៏​ទៅ​ជួយ​បោះឆ្នោត​ឲ្យ​គេ​ខ្លះទៅ តែ​តិចតួច​ទេ មិន​ច្រើន​ទេ​”​។​


លោក​ញឹក ប៊ុនឆៃ បាន​បញ្ជាក់ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ ក៏បាន​ធ្វើការ​ខិតខំ​ប្រឹង​ប្រែង​ធ្វើការ​ឃោស​ន​នូវ​ចំណុច​សំខាន់ៗ មួយចំនួន​ដែលជា​គោលនយោបាយ​របស់ខ្លួន ដើម្បី​បង្ហាញ​ទៅដល់​មជ្ឈដ្ឋាន​ផ្សេងៗ ឲ្យ​គេ​ជួយ​គាំទ្រ​។


គួរ​បញ្ជាក់ថា បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ ដោយមាន​គណបក្សនយោបាយ​ចំនួន​០៧ បាន​ចុះ​ចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ រួមមានៈ ១. គណបក្ស​ប្រជាជន​កម្ពុជា ២.​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ៣. គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៤. គណបក្ស​ខ្មែរ​សាធារណរដ្ឋ ៥. គណបក្ស​យុវជន​កម្ពុជា ៦. គណបក្ស​ឆន្ទៈ​ខ្មែរ ៧. គណបក្ស​សញ្ជាតិ​កម្ពុជា​៕ សរន​