លោកតា​ស្លាប់ យាយ​របួសធ្ងន់ ដោយសារ​ក្មេងស្ទាវ​បើក​ម៉ូតូ​បុក​ពេល​ឌុប​បន្លែ​យកទៅលក់​នៅ​ផ្សារ​

977
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: លោកតា​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​មនុស្ស​៤​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់​និង​ស្រាល នៅក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ក្មេងស្ទាវ​ឌុប​គ្នា​៣​នាក់ ទៅបុក​ម៉ូតូ​លោកតា​និង​យាយ ដែល​កំពុង​ឌុប​គ្នា យក​បន្លែ​ទៅ​លក់​នៅ​ផ្សារ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ នៅលើ​ផ្លូវ​ខ្នង​ទំនប់​ចិន ភូមិ​ជាង​ហ្លួង ឃុំ​ពន្លៃ ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជន​គ្រោះ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ១. សៀ ស៊ាន ភេទ​ប្រុស អាយុ​៧២​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ​។ ២.​ឈ្មោះ សំ កាន់ ជា​ប្រពន្ធ អាយុ​៦៧​ឆ្នាំ រង​បួស​ធ្ងន់ ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​នេះ រស់នៅក្នុង​ឃុំ​ពពេល ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។ ៣.​ឈ្មោះ ជួន ប្រាក់ ភេទ​ប្រុស អាយុ ១៤​ឆ្នាំ ៤.​ឈ្មោះ វណ្ណា ភេទ​ប្រុស អាយុ​១២​ឆ្នាំ និង ៥ .​ឈ្មោះ​គុយ ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជនរងគ្រោះ​ទាំង​៣​នាក់​នេះ រងរបួស​ធ្ងន់​និង​ស្រាល រស់នៅក្នុង​ភូមិ​អូ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បានអោយដឹង​ថា នៅ​មុនពេល​កើតហេតុ លោកតា សៀ ស៊ាន បាន​ឌុប​លោកយាយ​ជា​ប្រពន្ធ ដោត​ម៉ូតូ​ម៉ាក​ហុងដា សេ​៩០ អត់​ស្លាក​លេខ ធ្វើដំណើរ​ក្នុង​ទិស​ទៅ​ដៅ​ពី​កើ​តទៅ​លិច នៅពេល​មកដល់​ចំណុចកើតហេតុ ក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា​សេ​១២៥ ឌុប​គ្នា ៣​នាក់ ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​យ៉ាង​លឿន មក​បុក​ម៉ូតូ​យាយ​តា​ពេញ​មួយ​ទំហឹង​តែម្តង​។​

​នៅក្នុង​ហេតុការណ៍​នេះ បណ្តាលអោយ​ម៉ូតូ​១​គ្រឿង​របស់​ជនបង្ករ ប៉ើង​ធ្លាក់​ចូលទៅក្នុង​ប្រឡាយទឹក​។ ចំពោះ​លោកតា​ជា​អ្នកបើក​មូ​តូ​ហុងដា​សេ​៩០ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​មនុស្ស​៤​នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល​រដូករណែល​ពេញ​ផ្លូវ​៕ ល​

#