លោកតា​អាយុ ១២១ ឆ្នាំ​និយាយថា គន្លឹះ​ជួយ​ឱ្យ​អាយុ​វែង គឺ​ធ្វើ​ការងារ​ឱ្យ​សកម្ម កុំ​ខ្ជិលច្រអូស

528

​អ្នក​ប្រហែលជា​មិន​ជឿ​ទេ​ថា​បុរស​ដែល​កំពុង​មើលថែ​មាន់នៅ​កសិដ្ឋាន​គ្រួសារ​គាត់ មាន​អាយុ ១២១ ឆ្នាំ ប៉ុន្តែ​យោងតាម​សំបុត្រកំណើត​និង​អត្តសញ្ញាណ​បណ្ណ​ម៉ិ​ក​ស៊ិ​ក​ផ្លូវការ​របស់​លោកតា ម៉ា​នូ​អែល ហ្គា​សៀ ហឺ​ណង់​ដេ​ស (Manuel Garcia Hernandez) គឺ​គាត់​ពិតជា​មាន​អាយុ​ប៉ុន​ហ្នឹង​មែន​។​

​លោកតា​ហ្គា​សៀ ដែល​ប្រហែលជា​បុរស​ចាស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក បានកើត​នៅ​ថ្ងៃទី ២៤ ធ្នូ ឆ្នាំ ១៨៩៦​។ នេះ​បើ​យោងតាម​សំបុត្រកំណើត​របស់គាត់​ពី​រដ្ឋ​វើ​រ៉ា​គ្រូ​ស និង អត្តសញ្ញាណ​បណ្ណ​ផ្លូវការ​របស់គាត់​ពី​វិទ្យាស្ថាន​បោះឆ្នោតជាតិ​។​

​គាត់​មិនដែល​រំខាន​មនុស្ស​នៅឯ​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស (Guinness World Records) ដើម្បី​ធ្វើឱ្យ​អាយុ​គាត់​ជាប់​កំណត់ត្រា​ផ្លូវការ​នោះទេ​។​

​ប៉ុន្តែ​ប្រសិនបើ​ឯកសារ​របស់គាត់​ត្រឹមត្រូវ​មែន​នោះ គាត់​មាន​អាយុ​បង លោក​ម៉ាសា​ហ្សូ ណូ​ណា​កា (Masazo Nonaka) របស់​ជប៉ុន​ដល់​ទៅ ៨ ឆ្នាំ ដែល​បច្ចុប្បន្ន​គាត់​ជា​អ្នក​កាន់​កំណត់ត្រា​បុរស​អាយុ​វែង​បំផុត គឺ​កើត​នៅ​ថ្ងៃទី ២៥ កក្កដា ឆ្នាំ ១៩០៥​។​

​ទោះយ៉ាងណា អាយុ​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ​។ លោកតា​ហ្គា​សៀ​និយាយថា គាត់​មិន​ដែលមាន​អារម្មណ៍​ថា គាត់​មាន​អាយុ​លើសពី ៨០ ឆ្នាំ​ទេ​។​

​គាត់​និយាយថា​គាត់​មានការ​សោកស្តាយ​ចំនួន ២ នៅក្នុង​ជីវិត​ដ៏​យូរ​របស់គាត់ គឺ​ការបាត់បង់​ឪពុក​តាំងពី​គាត់​នៅ​ក្មេង និង​ការពិត​ដែលថា​គាត់​មិនអាច​ធ្វើការ​ងារ​បាន​តទៅទៀត​។​

​ប៉ុន្តែ គាត់​នៅតែ​ស្រេកឃ្លាន​ចង់​ធ្វើការ ខណៈ​គាត់​ឱ្យ​ចំណី​មាន់​នៅផ្ទះ​ដែល​គាត់​រស់នៅ​ជាមួយ​កូនស្រី​របស់គាត់ ឈ្មោះ ថូ​ម៉ាសា នៅ​ទីក្រុង​ស៊ីវ​ដា​ចា​រ៉េ​ស (Ciudad Juarez) ភាគ​ខាងជើង ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

​ស្លៀកពាក់​ខោ​ខូវប៊យ​និង​អាវ​លោកខាងលិច​របស់គាត់ លោកតា​ហ្គា​សៀ​និយាយថា “​ខ្ញុំ​សប្បាយចិត្ត ប៉ុន្តែ​ខ្ញុំ​ពិតជា​អស់កម្លាំង​ខ្លាំងណាស់​។ ខ្ញុំ​កំពុង​ខិតខំ​ប្រឹងប្រែង ព្រោះ​ប្រសិនបើ​ខ្ញុំ​ទៅ​ដេក​លើ​គ្រែ ឬ​អង្គុយ​កៅអី​ពេញ​មួយថ្ងៃ ខ្ញុំ​នឹង​ឈឺ​”​។​

​លោកតា​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) ថា “​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​អាយុ ៨០ ឆ្នាំ ទោះបីជា​ខ្ញុំ​ចាប់ផ្តើម​ដើរ​ញ័រ​បន្តិច​ក៏ដោយ​”៕ ដោយ៖ កញ្ញាដាលីស

លោកតា ម៉ា​នូ​អែល ហ្គា​សៀ ហឺ​ណង់​ដេ​ស មាន​អាយុ ១២១ ឆ្នាំ