លោកតា វណ្ណ ម៉ូលីវណ្ណ មិនទាន់​ទទួលមរណភាព​ទេ គ្រាន់​តែមាន​សភាព​ជំងឺ​ធ្ងន់ធ្ងរ​ ​ ​

2462
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្រោយពី​មាន​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ពី​ដំណឹង​មរណភាព លោក វណ្ណ ម៉ូលីវណ្ណ បិតា​ស្ថាបត្យកម្ម​របស់​ខ្មែរ​នោះ ដំណឹង​​នេះ​ត្រូវបាន​បដិសេដ​ភ្លាម​ពី​អ្នកផ្ទះ​របស់លោក​។
​ ​
​យោងតាម​ការបញ្ជាក់​ពី លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ លោក វណ្ណ ម៉ូលីវណ្ណ បានបញ្ជាក់​ឲ្យ​ថា បន្ទាប់ពី​មាន​ព័ត៌មាន​និង​បណ្តាញ​សង្គម​ចុះផ្សាយ​ដំណឹង​មរណភាព​របស់ លោក វណ្ណ ម៉ូលីវណ្ណ នោះ​លោក​បាន​ទំនាក់​​ទំនង​ទៅ​សមាជិកគ្រួសារ​របស់លោក​តា ហើយ​សមាជិកគ្រួសារ​រ​បស់​លោក​បាន​បញ្ជាក់ថា មកដល់​ម៉ោង​នេះ​លោកតា​នៅរស់​រានមាន​​ជីវិត​នៅឡើយ​ទេ គ្រាន់តែ​ស្ថានភាព​ជំងឺ​របស់លោក គឺមាន​សភាព​ធ្ងន់ធ្ងរ​ជាង​ថ្ងៃ​ធម្មតា ហើយ​លោកតា​មិនអាច​កម្រើក​បានឡើយ​។​
​ ​

​លោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករ​ជើងចាស់ កំពុងស្ថិត​ក្នុង​សភាព​មិនអាច​កំរើក​បាន ក្នុង​អាយុ ៩១​ឆ្នាំ នៅផ្ទះ​នៅ​ខេត្តសៀមរាប​

​សូមជម្រាបថា បច្ចុប្បន្ននេះ លោក វណ្ណ ម៉ូលីវណ្ណ កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅឯ​គេហដ្ឋាន​របស់លោក​នៅឯ​ទី​រួម​ខេត្តសៀមរាប​។​
​ ​ ​
​លោកតា វណ្ណ មូលី​វណ្ណ កើត​នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​១៩២៦ នៅ​ស្រុក​រាម ខេត្តកំពត​។​លោក​បានទទួល​សញ្ញាបត្រ​ទុតិយភូមិ​ពី​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៤៤ ហើយ​លោកតា​បានទទួល​អាហារូបករណ៍​ទៅ​រៀន​ផ្នែក​ច្បាប់​នៅ​ទីក្រុង​ប៉ារីស​ប្រ​​ទេស​បារាំង ក្នុង​ឆ្នាំ​១៩៤៦​។​បន្ទាប់ពី​សិក្សា​នៅ​ទីនោះ​រយៈពេល ១​ឆ្នាំ​លោកតា​ក៏បាន​ប្ដូរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាលា​វិចិត្រសិល្បៈ​​មួយ​នៅ​ប៉ារីស​។ លោកតា​បាន​សិក្សា​នៅ Arretche studio ហើយ​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ជាមួយនឹង​ចំណេះដឹង និង​ទេពកោសល្យ​។ លោកតា​ត្រលប់មក​ប្រទេស​កម្ពុជា វិញ​នៅ​ឆ្នាំ​១៩៥៥​។

មួយ​ឆ្នាំក្រោយមក​ក៏ត្រូវ​បាន​គេ​តែងតាំង​ជា​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា​។ លោកតា​ជា​ព្រឹទ្ធបុរស​ទី​១ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ (​ចាប់ពី​ឆ្នាំ​១៩៦៥ ដល់ ឆ្នាំ​១៩៦៧)​។​លោក​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន​ចាប់តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​របស់​សម្តេច​ព្រះ​នរោត្តម​​សីហនុ ដូចជា វិមានឯករាជ្យ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​សណ្ឋាគារ​កាំបូឌីយ៉ាណា​ជាដើម​៕​ដោយ​៖​វិបុល​/sn