លោកយាយ​អាយុ ៩១ ទទួល​សញ្ញាបត្រ​សាកលវិទ្យាល័យ​នៅ​ប្រទេស​ថៃ​

1105
ចែករម្លែក

​ស្ត្រី​អាយុ ៩១ ឆ្នាំ​មកពី​ប្រទេស​ថៃ ដែល​និយាយថា “​វា​មិនដែល​យឺត​ពេល​នោះទេ​ក្នុងការ​សិក្សា​” បានបញ្ចប់​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​របស់គាត់ ក្រោយ​រយៈពេល​ជាង ១០ ឆ្នាំ​នៃ​ខិតខំ​សិក្សា​។ លោកយាយ​បាន​និយាយ​ជាមួយ​លោក​វ៉ា​ត់​ជី​រ៉ា​ណុន ថោង​ទេព នៃ​ប៉ុស្តិ៍​ប៊ី​ប៊ី​ស៊ី​ថៃ​។​

​លោកយាយ គីម​ឡាន ជី​ណា​គុល (Kimlan Jinakul) តែង​ចង់ទៅ​រៀន​នៅ​សាកលវិទ្យាល័យ ប៉ុន្តែ​នៅពេល​នៅ​ជា​ក្មេងស្រី​ម្នាក់ គឺ​គាត់​មិនមាន​ឱកាស​សិក្សា​ទេ​។​

​ប៉ុន្តែ​ស្ទើរតែ​ពេញ​មួយជីវិត និង​បន្ទាប់ពី​បានឃើញ​កូន​ភាគច្រើន​របស់គាត់​ឆ្លងកាត់​ការសិក្សា​នៅ​សាកលវិទ្យាល័យ លោកយាយ​បានសម្រេច​ចិត្ត​ចុះឈ្មោះ​ចូលរៀន​ដែរ ហើយ​កាលពី​ថ្ងៃ​ពុធ ទី​៩ សីហា ទីបំផុត​លោកយាយ​បានទទួល​សញ្ញាបត្រ​ដូច​បំណង​។​

​លោកយាយ​គីម​ឡាន​មាន​ដើមកំណើត​មកពី​ខេត្ត​ឡាំ​ប៉ាង នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ​។ លោកយាយ​ជា​សិស្ស​ឆ្លាត​និង​បាន​ទៅ​រៀន​នៅ​សាលា​ល្អ​មួយ​ក្នុងចំណោម​សាលារៀន​ល្អ​បំផុត​នៅក្នុង​ខេត្ត​របស់​លោកយាយ​។​

​ប៉ុន្តែ​ការផ្លាស់​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​មិនមែនជា​ជម្រើស​ទេ​នៅ​គ្រានោះ ហើយ​បន្ទាប់ពី​គ្រួសារ​របស់គាត់​បាន​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង​បាងកក គាត់​បាន​រៀបការ​ហើយ​បោះបង់ចោល​ក្តី​សុបិន​របស់គាត់​ដើម្បី​បន្ត​ការសិក្សា​ទៀត​។​

​លោកយាយ​និយាយថា “​ខ្ញុំ​តែង​ចង់ឱ្យ​កូន​របស់ខ្ញុំ​រៀនសូត្រ ដូច្នេះ​ខ្ញុំ​បាន​លើកទឹកចិត្ត​និង​គាំទ្រ​ពួកគេ​នៅពេល​ពួកគេ​ចង់ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​”​។​

​បួន​នាក់​ក្នុងចំណោម​កូន​៥​នាក់​របស់គាត់​បានទទួល​សញ្ញាបត្រ​អនុបណ្ឌិត​ហើយ​ម្នាក់ទៀត​បានទទួល​សញ្ញា​ប​ត្រ​បណ្ឌិត​នៅ​សហរដ្ឋអាមេរិក​។​

​ហើយ​បទពិសោធន៍​សិក្សា​របស់​កូនៗ​គាត់​នេះហើយ ដែល​បាន​នាំឱ្យ​លោកយាយ​ចុះឈ្មោះ​ចូលរៀន​នៅ​ទីបំផុត​នោះ​។​

​លោកយាយ​បាន​ចុះឈ្មោះ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​សុខោទ័យ​ធម្មរាជ​បើកទូលាយ នៅពេល​គាត់​មាន​អាយុ ៧២ ឆ្នាំ ហើយ​ក្រោយមក​គាត់​បាន​បោះបង់​ការសិក្សា​ប៉ុន្មាន​ឆ្នាំ ទើប​បន្ត​ឡើងវិញ​នៅ​អាយុ ៨៥ ឆ្នាំ ក្នុង​មុខជំនាញ​បរិស្ថានវិទ្យា​អំពី​មនុស្សជាតិ ដែលជា​កម្មវិធីសិក្សា​មួយ​បង្រៀន​គាត់​អំពី​របៀប​រស់នៅ​រីករាយ និង​សុខ​ភាពល្អ​។

​មុនពេល​ចូលរៀន​នៅ​សាកលវិទ្យាល័យ លោកយាយ​ធ្វើការ​នៅ​មន្ទីរពេទ្យ​មួយកន្លែង​៕ ដោយ៖ កញ្ញាដាលីស

លោកយាយ គីម​ឡាន ជី​ណា​គុល