លោករដ្ឋមន្ត្រីជួបពិភាក្សាការងារជាមួយប្រធានគណៈមេធាវីកម្ពុជា ដើម្បី​ពង្រឹងការគ្រប់គ្រង និងការអនុវត្តច្បាប់ស្តីពីទេសចរណ៍

60
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ លោក ថោង ខុន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នៅទីស្តីការក្រសួងបានទទួលជួបពិភាក្សាការងារជាមួយប្រតិភូនៃគណៈមេធាវីកម្ពុជា ដឹកនាំដោយ លោក សួន វិសាល ប្រធានគណៈមេធាវី ក្នុងគោលបំណងដើម្បីធានានូវសង្គតិភាព និងសុខដុមនីយកម្មនៃវិធានច្បាប់ ធានានូវនិត្យានុកូលភាព និងការដោះស្រាយសម្របសម្រួលវិវាទទេសចរណ៍ ការពង្រឹង និងបង្កើនល្បឿនអភិបាលកិច្ចល្អ ក្នុងទិសដៅចូលរួមចំណែកពង្រឹងនីតិរដ្ឋ និងលើកកម្ពស់វប្បធម៌នៃការគោរពច្បាប់ និងជំរុញការអនុវត្តច្បាប់។

ក្នុងជំនួបពិភាក្សានេះ លោករដ្ឋមន្ត្រីបានលើកឡើងអំពីស្ថានភាពភាពទេសចរណ៍សកលលោក តំបន់ និងទេសចរណ៍កម្ពុជា ពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺ Covid-19 ដែលទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នា (ដោយគ្មានការរើសអើងចំពោះជនជាតិចិន) ដើម្បីទប់ទល់នឹងវិបត្តិ និងចាត់វិធានការបន្ទាន់នានាដើម្បីជម្រុញសកម្មភាពទេសចរណ៍ និងស្រោចស្រង់ឧស្សាហកម្មទេសចរណ៍។

លោកបានលើកឡើងពីការខិតខំរបស់ក្រសួងក្នុងការពង្រឹងការគ្រប់គ្រង និងអនុវត្តច្បាប់ស្តីពីទេសចរណ៍ ដែលក្នុងនោះក៏សង្កេតឃើញមានបុគ្គលមួយចំនួនបានប្រព្រឹត្តសកម្មភាពល្មើសនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ ដូចជា ការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយដល់ទេសចរ និងការផ្សព្វផ្សាយព័តមាន រូបភាព និងខ្លឹមសារអវិជ្ជមានពីទេសចរណ៍កម្ពុជាតាមបណ្តាញផ្សព្វផ្សាយសង្គម នានា ដែលខុសការពិត និងជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពជាតិ និងគោលនយោបាយទេសចរណ៍ជាតិក្នុងការទាក់ទាញទេសចរមកទស្សនាកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។

លោករដ្ឋមន្ត្រីបានស្នើសុំឲ្យគណៈមេធាវិកម្ពុជា ជួយដល់ក្រសួងលើការងារសំខាន់មួយចំនួន ដូចជា ទី១.ជួយប្រឹក្សាយោបល់ផ្នែកច្បាប់ដល់ក្រសួងទេសចរណ៍ក្នុងការដោះស្រាយ និងសម្របសម្រួលវិវាទទេសចរណ៍។ ទី២.ជួយរៀបចំបង្កើតច្បាប់ស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍។ ទី៣.ជួយសិក្សាភាពចន្លោះប្រហោងនៃច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍។

ជាការឆ្លើយតប លោកប្រធានគណៈមេធាវី បានឯកភាពទទួលយកនូវសំណើដែលបានលើកឡើងដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយនឹងបន្តកិច្ចសហការល្អជាមួយក្រសួងដើម្បីពង្រឹងការគ្រប់គ្រងវិស័យទេសចរណ៍ និងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព៕B/

លោកថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍
លោកសួន វិសាល ប្រធានគណៈមេធាវីកម្ពុជា