លោកសេង ឡុង ភ្នាក់ងារ​អង្គភាព​ព័ត៌មាន Fresh News ប្រចាំខេត្ត​កណ្តាល ស្លាប់​ភ្លាមៗ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

375
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​:កណ្តាល​៖​ ភ្នាក់ងារ​អង្គភាព​ព័ត៌មាន Fresh News ប្រចាំខេត្ត​កណ្តាល លោក សេង ឡុង បាន​ស្លាប់​ភ្លាមៗ គួរ​ឲ្យ​រន្ធត់​បំផុត នៅក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បើករថយន្ត LEXUS RX330 ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ចំពាក់​កណ្តាល បណ្ដាលឲ្យ​ខ្ទេច​រថយន្ត​អស់​មួយ​កំណាត់​ស្ទើរ​ទាំងស្រុង ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើ​ង​នៅវេលា​ម៉ោង​៩:៤០​នាទី​យប់ ថ្ងៃទី​២០ ខែសីហា នៅ​ចំណុច​ខាងមុខផ្ទះ​គង់ ច​ន្ទា លក់​ភេសជ្ជៈ​គ្រប់​ប្រភេទ លើផ្លូវ​ជាតិ​លេខ​២១ នៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

​ជនរងគ្រោះ​ឈ្មោះ សេង ឡុង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ព្រែក​គយ​ ​ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​សាក្សី​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង បាន​បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ។ លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​ក្បាល​របាំង​ចែកផ្លូវ​តែម្ដង ។ ក្រោយពេល​កើតហេតុ នគរបាល​ចរាចរណ៍​ក្រុង​តាខ្មៅ បាន​ចុះមក​ធ្វើ​ការវាស់វែង​និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​បណ្ដោះអាសន្ននៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​រង់ចាំ​ធ្វើការដោះស្រាយ​តាមផ្លូវ​ច្បាប់ ។​

​ចំណែក​សព​ជនរងគ្រោះ​ ត្រូវបាន​សមត្ថកិច្ច​ធ្វើកំណត់ហេតុ រួច​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​Ha