លោកស៊ីនជីរ៉ូ កយហ្ស៊ូមី ក្លាយជារដ្ឋមន្ត្រីជប៉ុនដំបូងគេដែលឈប់​សម្រាក​បិតុភាព ក្រោយប្រពន្ធសម្រាលបានកូនប្រុស

210
ចែករម្លែក

រដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុនលោក ស៊ីនជីរ៉ូ កយហ្ស៊ូមី ដែលនិយាយថាលោកនឹងឈប់សម្រាកបិតុភាពក្នុងចំណាត់ការដ៏កម្រសម្រាប់បុរសជនជាតិជប៉ុន បានប្រកាសនៅថ្ងៃសុក្រ ទី១៧ មករានេះថា កូនដំបូងរបស់គាត់ គឺជាកូនប្រុស។

លោក កយហ្ស៊ូមី កូនប្រុសរបស់អតីតនាយករដ្ឋមន្រ្តី ជូនីឈីរ៉ូ កយហ្ស៊ូមី និងត្រូវគេមើលឃើញថាជាអនាគតមេដឹកនាំ បាននិយាយកាលពីថ្ងៃពុធថា លោកគ្រោងនឹងឈប់សម្រាក ២ សប្តាហ៍នៃរយៈពេលបិតុភាពជាង ៣ ខែក្នុងគោលបំណងក្លាយជាគំរូសម្រាប់ឪពុកធ្វើការនៅប្រទេសជប៉ុន។

ប៉ុន្តែសមាជិកសភាខ្លះបានរិះគន់ចំណាប់អារម្មណ៍របស់គាត់ក្នុងការឈប់សម្រាកបិតុភាព ដោយនិយាយថាគាត់គួរតែផ្តល់អាទិភាពដល់មុខងារសាធារណៈរបស់គាត់។

លោកកយហ្ស៊ូមីបានល្បីពេញសារព័ត៌មានកាលពីរដូវក្តៅឆ្នាំ ២០១៩ ជាមួយដំណឹងថា គាត់បានរៀបការជាមួយពិធីការិនីទូរទស្សន៍ជនជាតិបារាំងកាត់ជប៉ុន ឈ្មោះ គ្រីស្ទែល តាគីហ្គាវ៉ា (Christel Takigawa) ហើយថា ពួកគេរំពឹងមានកូនឆាប់ៗ។

មិនយូរប៉ុន្មាន គាត់ក៏ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន។

លោកកយហ្ស៊ូមីបានប្រាប់អ្នកយកព័ត៌មានថាគាត់បានចេញពីមន្ទីរពេទ្យហើយបាននៅក្បែរប្រពន្ធរបស់គាត់សម្រាប់ការសម្រាលកូន។

លោក កយហ្ស៊ូមី បានប្រាប់សន្និសីទសារព័ត៌មានថា “ក្នុងនាមជាឪពុកខ្ញុំពិតជារីករាយដែលកូនប្រុសមានសុខភាពល្អនិងកើតមកដោយសុវត្ថិភាព”៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុនលោក ស៊ីនជីរ៉ូ កយហ្ស៊ូមី នឹងឈប់សម្រាកបិតុភាព ក្រោយភរិយាប្រសូត្របានកូនប្រុស