លោកស្រី​គ្លូ​នី​នឹងចូលរួម​ជាមួយ​ក្រុមអ្នកច្បាប់​ហ្វីលីពីន​ដើម្បី​ការពារ​អ្នកកាសែត​ឈ្មោះ ម៉ា​រី​យ៉ា រី​ស​សា ដែល​អាជ្ញាធរ​ហ្វីលីពីន​ចាប់ខ្លួន​

439
ចែករម្លែក

​មេធាវី​ការពារ​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ​លោកស្រី អា​ម៉ា​ល់ គ្លូ​នី (Amal Clooney) បាន​និយាយថា លោកស្រី​នឹងចូលរួម​ជាមួយ​ក្រុមអ្នកច្បាប់​ការពារ​អ្នកសារព័ត៌មាន​ហ្វីលីពីន​ឈ្មោះ ម៉ា​រី​យ៉ា រី​ស​សា ដែល​វេ​ប​សាយ​ព័ត៌មាន​របស់លោក​ស្រី​បាន​ប៉ះទង្គិច​ម្តង​ហើយ​ម្តងទៀត​ជាមួយនឹង​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត​។​

​លោកស្រី​រី​ស​សា ដែល​ជាប់​ជា “​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​” របស់​ទស្សនាវដ្ដី Time ក្នុង​ឆ្នាំ ២០១៨ សម្រាប់​អាជីព​សារព័ត៌មាន​របស់លោក​ស្រី បាន​ប្រឈម​នឹង​បទឧក្រិដ្ឋ​ជាច្រើន​រួមជាមួយ​វេ​ប​សាយ​ព័ត៌មាន​របស់លោក​ស្រី​ឈ្មោះ Rappler នៅក្នុង​អ្វីដែល​ក្រុម​អ្នកតស៊ូ​មតិ​ដើម្បី​សេរីភាព​សារព័ត៌មាន​បានចាត់ទុក​ថា​ជា​ទង្វើ​នៃ “​ការ​បៀតបៀន​”​។​

​លោកស្រី​គ្លូ​នី​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ច្បាប់ Doughty Street Chambers នៅ​ទីក្រុង​ឡុង​ដ៍ កន្លែង​ដែល​លោកស្រី​ធ្វើការ យ៉ាង​ដូច្នេះ​ថា “​លោកស្រី ម៉ា​រី​យ៉ា រី​ស​សា​គឺជា​អ្នកសារព័ត៌មាន​ក្លាហាន​ម្នាក់​ដែល​កំពុង​រង​ការ​ធ្វើទុក្ខបុកម្នេញ​ដោយសារតែ​ការរាយការណ៍​ការ​ព័ត៌មាន​និង​ការរិះគន់​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​”​។​

​មេធាវី​កូន​លី​បង់កាត់​អង់គ្លេស​រូបនេះ​បាន​បន្ថែមថា “​យើង​នឹង​បន្ត​ស្វែងរក​ដំណោះស្រាយ​ស្របច្បាប់​ទាំងអស់​ដើម្បី​បង្ហាញឱ្យឃើញ​សិទ្ធិ​របស់លោក​ស្រី​និង​ការពារ​សេរីភាព​សារព័ត៌មាន​និង​នីតិរដ្ឋ​នៅ​ប្រទេស​ហ្វីលីពីន​”​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា លោកស្រី​គ្លូ​នី​នឹង​ធ្វើការ​ជាមួយ​ក្រុម​មេធាវី​អន្តរជាតិ​មួយ​ដើម្បី​ផ្តល់​ប្រឹក្សា​ដល់​លោកស្រី​រី​ស​សា​និង​ធ្វើការ​សម្របសម្រួល​ជាមួយ​មេធាវី​នៅ​ទីក្រុង​ម៉ានីល​។​

​លោកស្រី​រី​ស​សា​ត្រូវបាន​ចាប់ខ្លួន​ពីរដង​ក្នុងឆ្នាំនេះ និង​បាន​ចោទប្រកាន់​លោក​ឌុយ​ទែ​ត​ថា​បាន​ប្រើការ​ចោទប្រកាន់​ជាច្រើន​ប្រឆាំងនឹង​លោកស្រី រួមទាំង​ករណី​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គេចវេស​ពន្ធ​និង​ការ​ញុះញង់​បះបោរ​ដើម្បី​បំបិទមាត់​អ្នក​រិះគន់​និង​បំភិតបំភ័យ​សារព័ត៌មាន​។​

​លោក​ឌុយ​ទែ​ត​បានចាត់ទុក​វេ​ប​សាយ Rappler ជា “​ព័ត៌មាន​ក្លែងក្លាយ​” ហើយ​រដ្ឋាភិបាល​របស់​លោក​ទុយ​ទែ​ត​បាន​ទទូចថា​ខ្លួន​គ្រាន់តែ​អនុវត្ត​តាមច្បាប់​ប៉ុណ្ណោះ ខណៈ​សំណុំរឿង​ជាច្រើន​ត្រូវបាន​រៀបចំឡើង​ប្រឆាំងនឹង​ការចេញផ្សាយ​ព័ត៌មាន​លើ​វេ​ប​សាយ​នេះ ដែល​រិះគន់​ចំពោះ​ការបង្ក្រាប​គ្រឿងញៀន​រប​ស់លោក​ប្រធានាធិបតី​។​

​លោកស្រី​រី​ស​សាបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា “​ខ្ញុំ​រីករាយ​ដែល​លោកស្រី​អា​ម៉ា​ល់ គ្លូ​នី​និង​ក្រុមការងារ​របស់លោក​ស្រី នឹង​ធ្វើជា​តំណាង​ខ្ញុំ​នៅ​កម្រិត​អន្តរជាតិ​ដើម្បី​ប្រឆាំងនឹង​ការរំលោភ​លើ​សិទ្ធិ​របស់ខ្ញុំ​និង​អង្គភាព​សារព័ត៌មាន​ដែល​ខ្ញុំ​តំណាង​”​។​

​លោកស្រី​គ្លូ​នី ដែលជា​បេសកជន​ពិសេស​សម្រាប់​សេរីភាព​សារព័ត៌មាន​តែងតាំង​ដោយ​រដ្ឋាភិបាល​អង់គ្លេស ក៏បាន​ជួយ​ការពារ​អ្នកសារព័ត៌មាន​រ៉​យ​ទ័​រ​ពីរ​នាក់​ដែល​ជាប់គុក​អស់​រយៈពេល​ជាង ១៦ ខែ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ហើយ​ពួកគេ​ត្រូវបាន​ដោះលែង​កាលពី​ខែឧសភា​។​

​ការដែល​លោកស្រី​គ្លូ​នី​ទទួលយក​ករណី​របស់​លោកស្រី​រី​ស​សា នឹង​បង្កើន​ការយកចិត្តទុកដាក់​ដ​ល់​អ្នកកាសែត​និង​វេ​ប​សាយ​របស់​លោកស្រី ដែល​បានទទួល​ពានរង្វាន់​ជា​សកល​ជាច្រើន​ចំពោះ​ការតស៊ូ​មតិ​ការពារ​សេរីភាព​សារព័ត៌មាន​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី អា​ម៉ា​ល់ គ្លូ​នី