លោកស្រី​ឃួន​សុ​ដា​រី​!​ការការពារ​និង​ថែទាំ​ចាស់ជរា​នៅ​អាស៊ី​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​

274
ចែករម្លែក
  • 6
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​លោកស្រី​ឃួន​សុ​ដា​រី​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​អាយ​កាប់​(ICAPP)​សហប្រធាន​វេទិកា​នយោបាយ​អាស៊ី​-​អឺរ៉ុប​(AEPF)​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​(ACC)​។​

​នៅក្នុង​ពិធី​បើក​វេទិកា​នយោបាយ​អាស៊ី​-​អ៊ឺរ៉ុប​លើក​ទី​៣​នៅ​ទីក្រុង​កូឡុំបូ​សាធារណរដ្ឋ​សង្គម​ប្រជា​ធិ​តេ​យ្យ​ស្រីលង្កា​បាន​លើកឡើងថា​បញ្ហា​ចាស់ជរា​ជាពិសេស​ចាស់ៗ​នៅ​អាស៊ី​ដែល​ធ្លាប់តែ​ទទួលបាន​ការការពារ​ពី​ប្រព័ន្ធ​សង្គម​និង​សម្ព័ន្ធភាព​សហគមន៍​កំពុង​ប្រឈម​កាន់តែខ្លាំង​ឡើង​។​សូម្បីតែ​ការថែទាំ​ដោយ​ក្រុមគ្រួសារ​និង​សម្ព័ន្ធភាព​សហគមន៍​ក៏​កំពុងតែ​មានការ​ធ្លាក់ចុះ​ខ្លាំង​ដែល​ពីមុន​ធ្លាប់តែ​ជា​សង្គម​មួយ​មាន​វប្បធម៌​ថែទាំ​គ្នា​ទៅវិញទៅមក​និង​ស្មារតី​ស្និទ្ធស្នាល​ក្នុង​សហគមន៍​រាប់​សតវត្សរ៍​ក៏ដោយ​ក៏មាន​ការផ្លាស់ប្តូ​រដែរ​។​

​វេទិកា​នយោបាយ​អាស៊ី -​អ៊ឺរ៉ុប លើក​ទី ៣ (The 3rd Meeting of the Asia Europe Political Forum -AEPF)​រៀបចំ​ធ្វើឡើង​នៅក្នុង​ទីក្រុង​កូឡុំបូ​សាធារណរដ្ឋ​សង្គម​ប្រជា​ធិ​ប​ត្យ​ស្រីលង្កា​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០១៩​នាពេលនោះ​លោកស្រី​បាន​ឡើង​ថ្លែង​សុន្ទរកថា​អបអរសាទរ​ទៅកាន់​កិច្ចប្រជុំ​។​

វេទិកា​នេះ​ត្រូវ​បានទទួល​រៀបចំឡើង​ដោយ​គណបក្ស​រួបរួម​ជាតិ​ស្រីលង្កា​ដែល​ត្រូវបាន​តំណាង​ដោយ​ថ្នាក់ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​គណបក្ស រួមមាន លោក​រ៉ានី​ល​វី​គ្រី​ម៉េ​ស្ហី​ង​ហ៍​(RanilWickremesinghe) នាយករដ្ឋមន្ត្រី​ស្រីលង្កា​និង​ជា​ប្រធាន​គណបក្ស​រួបរួម​ជាតិ​ស្រីលង្កា​ដែល​បាន​អញ្ជើញ​ចូលរួម​បើក​វេទិកា​នេះ​កាលពី​ព្រឹក​ថ្ងៃទី ៦ ខែមេសា ឆ្នាំ​២០១៩​។​

​វេទិកា​នយោបាយ​អាស៊ី​-​អ៊ឺរ៉ុប​(AEPF) លើក​ទី ៣ នេះ ដឹកនាំ​ដោយ​លោក​ដា​យ៉ា ហ្កា​មេ​យ (Daya Gamage)​ប្រធាន​អង្គប្រជុំ​,​រដ្ឋមន្ត្រី​នៃ​ក្រសួង​ឧស្សាហកម្ម​កម្រិត​បឋម​និង​ការផ្តល់​សិទ្ធិអំណាច​ដល់​សង្គម​និង​ជា​អនុប្រធាន​ជាន់ខ្ពស់​នៃ​គណបក្ស​រួបរួម​ជាតិ​ស្រីលង្កា​ដោយមាន​ការចូលរួម​ពី​ប្រតិភូ​ប្រមាណ​ជាង​៧០​នាក់​មកពី​គណបក្សនយោបាយ​នៅ​អាស៊ី​-​អ៊ឺរ៉ុប​ចំនួន​២៥​។​វេទិកា​នេះ​ផ្តោត​សំខាន់​លើ​ប្រធានបទ​ស្តីពី​“​តួនាទី​របស់​គណបក្ស​នយោបាយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រ​ឈាម​នៃ​សន្តិសុខ សង្គម និង​ការងារ​សម្រាប់​កំណើនប្រជាជន​វ័យ​ចំណាស់​ក៏ដូចជា​បញ្ហាសំខាន់​នានា​នៅក្នុង​តំបន់​អាស៊ី​នាពេល​បច្ចុប្បន្ន​”​។

​ក្រោយពី​បាន​សម្តែង​នូវ​អំណរគុណ​និង​ក្តី​សោមនស្ស​ជា​ពន្លឹក​ដោយបាន​ចូលរួម​ធ្វើជា​សហប្រធាន​វេទិកា​នយោបាយ​អាស៊ី​-​អឺរ៉ុប AEPF លើក​ទី ៣ ក្នុង​ទីក្រុង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ មួយ​នេះ លោកស្រី ឃួន​សុ​ដា​រី​បាន​ទាញ​ចំណាប់អារម្មណ៍​ប្រតិភូ​ឱ្យ​ក្រឡេកមើល​បញ្ហា​ប្រឈម​របស់​គណបក្សនយោបាយ ។​

ចំពោះ​ការកើនឡើង​នៃ​ជរាភាព​ដូចជា​បញ្ហា​សន្តិសុខ​សង្គម​ការងារ​និង​បញ្ហា​ផ្សេងទៀត​ត្រូវការ​ចំណាប់អារម្មណ៍​បន្ទាន់​ក្នុង​តំបន់​អាស៊ី​ដែល​កំពុងតែ​កើតឡើង​ពិតៗ​ហើយ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ទាំង​ថ្នាក់​តំបន់ និង​កម្រិត​បុគ្គល​។​

​លោកស្រី​បាន​មានប្រសាសន៍​បន្តថា ការកើនឡើង​នៃ​អត្រា​ការពឹងផ្អែក​របស់​ជន​ចាស់ជរា និង​ឧបសគ្គ​ផ្នែក​ហិរញ្ញប្បទាន សម្រាប់​គាំទ្រ​បេឡា​សង្គម និង​ការថែទាំ​ជា​លក្ខណៈ​ស្ថាប័ន ជា​និន្នាការ​ថ្មី​ដែល​អ្នករៀបចំ​គោលនយោបាយ​ថ្នាក់ជាតិ​ត្រូវធ្វើ​ការពិចារណា​។​

លោកស្រី​ឃួន​សុ​ដា​រី​បាន​សម្តែង​ការ​ព្រួយ​បារ​ម្មណ៍​ពី​ការផ្លាស់ប្តូរ​នេះ​ដោយ​ប៉ះពាល់​ដល់​មនុ​ស្សវ័យ​ចំណាស់ ដែល នឹង​អាច​បង្កឱ្យមាន​ជំងឺស្ត្រេស ការតក់ស្លុត ភាព​ឯកា ការបាក់​ទឹកចិត្ត ជារួម​គឺ​ការធ្លាក់ចុះ នៃ​សុខមាលភាព​ផ្នែក​ស្មារតី​។

​លោកស្រី បានលើកឡើង​បន្ថែមថា មិន​ត្រឹមតែ​បញ្ហា​ផ្លូវចិត្ត​នោះទេ​ដែល​កើតមានឡើង ក៏ប៉ុន្តែ​ការកើនឡើង នៃ​អសន្តិសុខ​ប្រាក់ចំណូល សម្រាប់​ចាស់ជរា និង​គម្លាត​កាន់តែ​ធំ នៃ​ភាពខុសគ្នា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ក៏មាន​ផលប៉ះពាល់ ខ្លាំង​ដល់​ប្រជាជនមាន​វ័យ​ចំណាស់ ជនពិការ​ចាស់ជរា និង​ស្ត្រី​។​

លោកស្រី​បាន​អំពាវនាវ ដោយ​ក្នុងនាម​ជា​គណបក្សនយោបាយ ត្រូវ​ដើរតួនាទី​ឲ្យ​បាន​សកម្ម​ក្នុងការ​អង្កេត​និង​កំណត់​ឲ្យ​បាន​ឆាប់រហ័ស​នូវ​បញ្ហា​កំពុង​កើតមាន​នេះ​ដើម្បី​ជាការ​ឆ្លើយតប​នូវ​គោលនយោបាយ​ផ្សេងៗ​តាម​វេទិកា​នយោបាយ​មួយ​នេះ​។

​ក្នុងឱកាស​នោះដែរ​លោកស្រី​ក៏បាន​លើក​ជា​សំណើរ​ជា​គំនិត​ផងដែរ​អំពី​ការគិតគូរ​ពី​គោលនយោបាយ ដែល​ផ្តល់​អាទិភាព​ខ្លាំង​លើ​ការអប់រំ​ពេញ​មួយជីវិត​,​ការកសាង​សម្ព័ន្ធភាព​សហគមន៍​,​ការលើកកម្ពស់​សមភា​ព​យេនឌ័រ​,​ការកាត់បន្ថយ​គម្លាត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​,​។

​កំណែទម្រង់​ទីផ្សារ​ដែល​គិតគូរ​ពី​ជរាភាព​,​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​និង​សេដ្ឋកិច្ច​និង​ឧបករណ៍​បរិក្ខា​ដែល​គិតគូរ​ពី​ជរា​ភាពជា​ចាំបាច់​។​
​លោកស្រី​បាន​សង្កត់ធ្ងន់ថា​ឆន្ទៈ​និង​ការប្តេជ្ញាចិត្ត​ផ្នែក​នយោបាយ​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​បង្កើត​គោលនយោបាយ​ដែលមាន​លក្ខណៈ​ទូលំទូលាយ​និង​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជរាភាព​នេះ​៕S/​