លោកស្រី​ឃួន​សុ​ដា​រី​!​កម្ពុជា​-​វៀតណាម​បន្ត​ពូន​ជ្រុំ​ចំណងមិត្តភាព​សា​ម្គី​ភាព​និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​

309
ចែករម្លែក
  • 24
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​លោកស្រី​ឃួន​សុ​ដា​រី​បាន​មានប្រសាសន៍ថា​៖​ការបំពេញ​ទស្សនកិច្ច​មិត្តភាព​និង​ជា​ផ្លូវការ​នាពេលនេះ​នឹង​បានរួម​ចំណែក​ថែមទៀត​ក្នុង​ការបន្ត​ពូន​ជ្រំ ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព សា​ម្គី​ភាព និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​មាន​ផ្លែផ្កា​ពិតប្រាកដ នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម ឲ្យ​កាន់តែ​រឹងមាំ និង​ល្អប្រសើរ​ថែមទៀត​ដោយ​ផ្អែកលើ​មូលដ្ឋាន​លិខិតុបករណ៍​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ដែល​បាន​ចុះហត្ថលេខា ដោយ​រដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ​។

​លោកស្រី ឃួន សុ​ដា​រី បានលើកឡើង​បែបនេះ នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ លោកស្រី តុង ធិ​ហ្វុ​ង​(TongThiPhong)​អនុប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមីនា​នៅ​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

លោកស្រី បាន​បន្ត​មានប្រសាសន៍ ជម្រាបជូន​អំពី​គោលបំណង នៃ​ការបំពេញ​ទស្សនកិច្ច​មិត្តភាព និង​ជា​ផ្លូវការ​របស់​គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា​នាពេល​នេះ​គឺ​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ទៅវិញទៅមក​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំងពីរ​កម្ពុជា​-​វៀតណាម​។ក្នុងនោះ​រួមមាន​ការផ្លាស់ប្តូរ​បទ​ពិសោធន៍​ផ្នែក​នយោបាយ​ការបរទេស​សភា​ក៏ដូចជា​ការស្នើសុំ​ឲ្យ​ភាគី​វៀតណាម​ចែករំលែក​នូវ​បទពិសោធន៍​ក្នុងការ​រៀបចំ​ប្រជុំ​អា​សិប​និង​អា​សិ​ម​(ASEP,ASEM)​ដែល​ប្រទេស​វៀតណាម​ធ្លាប់បាន​ធ្វើជា​ម្ចាស់ផ្ទះ​ទទួលជោគជ័យ​កន្លងមក ហើយ​ដែល​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ ២០២០ ខាងមុខនេះ​។

​បន្ថែម​ទៅទៀត​នោះ​គឺ​ចង់​ស្វែងយល់​ដោយផ្ទាល់​ពី​សន្ទុះ​រីកចំរើន​ដោយ​ឥតឈប់ឈរ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដែល​ប្រជាជន​សម្រេចបាន​។ ជាពិសេស បន្ត​រឹតចំណង​មិត្តភាព ពង្រឹង​សាមគ្គីភាព​ភាតរៈភាព​និង​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​និង​ជា​ប្រពៃណី​រវាង​ប្រជាជាតិ​យើង​ទាំងពីរ​ឲ្យ​បាន​គង់វង្ស​រឹងមាំ​ជា​អមតៈ​នឹង​ប្រែក្លាយ​ប្រទេស​យើង​ទាំងពីរ​ជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​ថ្ងៃ​អនាគត​។​

លោកស្រី​ឃួន​សុ​ដា​រី​ក៏បាន​លើកឡើង​ផងដែរ​អំពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​វៀតណាម ដែល​ផ្តើមចេញពី​ការតភ្ជាប់​ទំនាក់ទំនង​ការទូត​កាលពី​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ និង​ត្រូវបាន​ផ្តាច់​ក្នុង​ឆ្នាំ​១៩៧០​។ ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ​នៅ​ខែ មករា​ឆ្នាំ ១៩៧៩​មក ប្រទេស​ទាំងពីរ​កម្ពុជា វៀតណាម​ដោយ​ភ្ជាប់​ជាមួយនឹង​ការប្តេជ្ញាចិត្ត និង​បំណងប្រាថ្នា​រួម ចំណង​សាមគ្គីភាព​មិត្ត​ភាពជា​ប្រពៃណី​និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រង់ជ្រោយ​រវាង​ប្រទេស​យើង​ទាំងពីរ​បាន​នឹង​កំពុង​បន្ត​រីកចម្រើន​ឥតឈប់ឈរ រួមចំណែក​ដល់​សន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ក្នុង​តំបន់ និង​សកលលោក​។​

ជាការ​ពិតណាស់​ការអភិវឌ្ឍ​និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ​រយៈពេល​៤០​កន្លងទៅ​របស់​កម្ពុជា មិនអាច​កាត់ផ្តាច់​ចេញ​ពី​ទំនាក់​ទំនងជា​ប្រពៃណី​និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស្អិតរ​មួ​ត​រវាង​បក្ស​និង​បក្ស រដ្ឋាភិបាល​និង​រដ្ឋាភិបាល និង​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​បានឡើយ​។

​គួរ​ឲ្យ​កត់សម្គាល់ លោកស្រី តុង ធិ​ហ្វុ​ង បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ដល់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានរៀបចំ​ប្រកបដោយ​ជោគជ័យ​នូវ​ការបោះឆ្នោត​សាកល នីតិកាល​ទី​៦​កាលពី​ឆ្នាំ​២០១៨​ហើយក៏​សូម​អបអរសាទរ​ផងដែរ​ដែល​សភា​កម្ពុជា​បានទទួល​ជោគជ័យ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ APPF កាលពីដើមឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ​។

​លោកស្រី​តុង​ធិ​ហ្វុ​ង​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​បស់​ក្រសួងការបរទេស​កម្ពុ​ជា​-​វៀតណាម កិច្ចសហប្រតិបត្តិការ​រវាង​គណៈកម្មការ​កិច្ចការបរទេស​នៃ​សភា​ប្រទេស​ទាំងពីរ ក៏ដូចជា​ស្ថានទូត​នៃ​ប្រទេស​ទាំងពីរ​ដែល​បានរួម​ចំណែក​ត​ភា្ជ​ប់​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​នាពេលនេះ​។​
​លោកស្រី​តុង​ធិ​ហ្វុ​ង​បាន​មានប្រសាសន៍​បន្ថែម​អំពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​សមាជិកសភា​ជា​ស្ត្រី​នៃ​ប្រទេស​ទាំងពីរ​ដោយ​គ្រោង​នឹង​រៀបចំ​ឲ្យ​មាន​ជា​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ក្រុម​សភាជាតិ​ជា​ស្ត្រី នៃ​ប្រទេស​ទាំងពីរ ឬ​រៀបចំ​ឲ្យ​មាន​សិក្ខាសាលា ដើម្បី​ផ្លាស់​បទពិសោធន៍ ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សមាជិក​ជា​ស្ត្រី​នៃ​រដ្ឋសភា​កម្ពុជា​-​វៀតណាម​។​
​ ​
​លោកស្រី​អនុប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​លើកសរសើរ​គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា​នាពេល​នេះ​គឺ​ពិត​ជាមាន​កិត្តិយស​និង​មោទនៈភាព​ជាទីបំផុត​ដោយ​ដំណើរ​ទស្សនកិច្ច​នាពេលនេះ​មាន​សមាជិក​រដ្ឋសភា​ជា​ស្ត្រី​ជាច្រើនរូប​បាន​អញ្ជើញ​មក​ដែល​នេះ​ជា​បទពិសោធន៍​ដ៏​ល្អ​មួយ​សម្រាប់​រដ្ឋសភា​វៀតណាម​៕S/

​ចំណងជើង​រូបថត​៖​លោកស្រី ឃួន សុ​ដា​រី នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ លោកស្រី តុង ធិ​ហ្វុ​ង អនុប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមីនា​នៅ​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​