លោកស្រី​ចូ​លី​លាតត្រដាង​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្រោយ​លែងលះ​ជាមួយ​ប្រ៊ែ​ត​ភី​ត ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនា​វ​ដ្តី Vanity Fair

1122
ចែករម្លែក

​លោកស្រី​បាន​ចែកផ្លូវ​គ្នា​ពី​ប្តី ប្រ៊ែ​ត​ភី​ត កាលពី​ខែកញ្ញា ឆ្នាំមុន​។ ហើយ ១០ ខែក្រោយ លោកស្រី​អ៊ែន​ជែ​ល​លី​ណា ចូ​លី បាន​និយាយ​រៀបរាប់​អំពី​ការចែក​ផ្លូវ​គ្នា​នេះ ក្នុង​កិច្ចសម្ភាសន៍​ស៊ីជម្រៅ​សម្រាប់​ទស្សនា​វ​ដ្តី Vanity Fair ប្រចាំ​ខែកញ្ញា ដែល​នឹង​ចេញលក់​តាម​តូប​កាសែត​នៅ​ថ្ងៃទី ៤ សីហា​។

​តារា​សម្តែង​អាយុ ៤២ ឆ្នាំ​រូបនេះ បាន​លាតត្រដាង​ថា “​អ្វីៗ​មិនល្អ​សោះ​” រវាង​អ្នក​ទាំងពីរ នៅ​រដូវក្តៅ​ឆ្នាំ ២០១៦ ដោយ​បន្ថែមថា “​វា​គ្រាន់តែ​ជា​ពេលវេលា​ដ៏​លំបាក​បំផុត ហើយ​យើង​គ្រាន់តែ​ទៅដល់​ចំណុច​មួយ​ដើម្បី​សម្រាក​តែប៉ុណ្ណោះ​”​។

​អ្នក​ទាំងពីរ​មានកូន ៦ នាក់ គឺ​ឈ្មោះ​ម៉ា​ដុក អាយុ ១៥ ឆ្នាំ ផា​ច់​អាយុ ១៣ ឆ្នាំ ស៊ីឡូ​ស អាយុ​១១​ឆ្នាំ សា​រ៉ា អាយុ​១២ ឆ្នាំ និង​កូនភ្លោះ​ឈ្មោះ វី​វីន​នី និង ណុ​ក អាយុ ៩ ឆ្នាំ​។​

​បន្ទាប់ពី​លែងលះ លោកស្រី​បាន​នាំ​កូន​ទាំង ៦ ទៅ​នៅ​ផ្ទះជួល រហូត​ទិញ​ផ្ទះ​តម្លៃ ២៥ លាន​ដុល្លារ ក្នុង​ទីក្រុង​ឡូ​ស​ហ្វេ​លី​ស រដ្ឋ​កាលីហ្វ័រ​ញ៉ា ហើយ​លោកស្រី​បាន​ចូលទៅ​នៅផ្ទះ​នោះបាន ៤ ថ្ងៃ​ប៉ុណ្ណោះ មុនពេល​ផ្តល់​កិច្ចសម្ភាសន៍​ឱ្យ​ទស្សនា​វ​ដ្តី Vanity Fair ។​

​តារា​សម្តែង​ក្នុង​រឿង​ល្បី The Lara Croft: Tomb Raider រូបនេះ និយាយថា ផ្ទះ​ថ្មី​នេះ​ជា “​ការបោះ​ជំហាន​ធំ​មួយ​ឆ្ពោះទៅមុខ​សម្រាប់​យើង ហើយ​យើងទាំងអស់គ្នា​កំពុង​ព្យាយាម​អស់ពី​សមត្ថភាព​យើង​ដើម្បី​ព្យាបាល​របួស ក្នុងនាម​ជា​គ្រួសារ​មួយ​”​។​

​អំពី​ពេលវេលា​ជាមួយ​កូនៗ​បន្ទាប់ពី​លែងលះ លោកស្រី​ចូ​លី​និយាយថា លោកស្រី​កំពុង​ព្យាយាម “​ធ្វើជា​មេផ្ទះ​ដ៏​ពូកែ និង​ដើរ​កើប​លាមក​ឆ្កែ និង​លាងចាន និង​អាន​រឿងនិទាន​មុនពេល​ចូល​គេង​ឱ្យ​កូន​ស្តាប់​”​។

​ជ័យលាភី​ពានរង្វាន់​អូ​ស្ការ​រូបនេះ​និយាយថា គាត់​ពូកែ​ណាស់​ខាង​ការងារ​មេផ្ទះ​។

​លោកស្រី​ទិញ​ផ្ទះ​ធំ ពីព្រោះ​គាត់​ត្រូវការ​ទីកន្លែង​ឯកជន​ធំ​ទូលាយ​សម្រាប់​កូន​របស់គាត់​។

​ផ្ទះ​ធំ​នោះ ដែល​ពីមុន​ជា​របស់​អ្នក​ផលិត​ភាពយន្ត លោក​សេ​លី​ល ប៊ី ដេ​មី​ល គឺមាន​ទំហំ ១០២២ ម៉ែត្រការ៉េ ជាមួយ​បន្ទប់​គេង ៦ និង បន្ទប់ទឹក ១០​។

​លោកស្រី​និយាយថា រឿងរ៉ាវ​គ្រប់យ៉ាង​រវាង​គាត់​និង​ប្រ៊ែ​ត​ភី​ត “​គឺ​មិនល្អ​ទាល់តែសោះ​” កាលពី​រដូវក្តៅ​មុន ប៉ុន្តែ​លោកស្រី​មិន​ចង់​ប្រើពាក្យ​នេះ​ទេ និង​កត់សម្គាល់ថា “​អ្វីៗ​បាន​ប្រែជា​ពិបាក​ទាំងអស់​”​។

​ទំនាក់ទំនង​សោះកក្រោះ​បាន​កើតឡើង​ក្នុង​រដូវក្តៅ​ឆ្នាំ​២០១៦ នៅពេលដែល​ភាពយន្ត “​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​” កំពុងស្ថិត​ក្នុងដំណាក់កាល​ក្រោយពេល​ផលិត​រួច ។ លោកស្រី​ចូ​លី​ជា​អ្នកដឹកនាំ​និង​និពន្ធ​ភាពយន្ត​នេះ ដែល​ថត​នៅ​ប្រទេស​កម្ពុជា​។​

​លោកស្រី​ចូ​លី និង លោក​ភី​ត បានរស់នៅ​ជាមួយគ្នា ១២ ឆ្នាំ មុនពេល​ពួកគេ​ប្រកាស​ចែកផ្លូវ​គ្នា​ក្នុង​ខែកញ្ញា ហើយ​ការ​លែងលះ​នៅ​មិនទាន់​ចប់សព្វគ្រប់​នៅឡើយ​ទេ​។ លោកស្រី​កំពុង​ស្វះស្វែង​សុំ​សិទ្ធិ​មើលថែ​កូន​ផ្តាច់មុខ​តែម្នាក់ឯង​។​

​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៦ មានការ​ចោទប្រកាន់ថា ប្រ៊ែ​ត​ភី​ត និង​ម៉ា​ដុក​ឈ្លោះទាស់ទែង​គ្នា​នៅលើ​យន្តហោះ​ឯកជន ដែល​ហោះ​ចេញ​ទីក្រុង​នី​ស របស់​បារាំង​ទៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ បន្ទាប់ពី​យន្តហោះ​ចុះចត លោកស្រី​ចូ​លី បាន​ធាក់​ប្រ៊ែ​ត​ភី​ត​ចេញពី​យន្តហោះ​។ នេះ​បើតាម​ទស្សនា​វ​ដ្តី Vanity Fair​។ ប៉ុន្តែ​លោក​ភី​ត​បាន​ជម្រះ​អស់ហើយ​ថា គាត់​មិនបាន​ប្រព្រឹត្ត​ខុស​ឡើយ​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​ចូ​លី​និយាយថា គាត់​ធាក់​ប្រ៊ែ​ត​ភី​ត​ចេញពី​យន្តហោះ មុនពេល​លែងលះគ្នា ក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនា​វ​ដ្តី Vanity Fair
#