លោកស្រី​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​នឹង​រៀបការ​ជាមួយ​ដៃគូ​យូរ​ឆ្នាំ​របស់​លោកស្រី​

305
ចែករម្លែក

​ការិយាល័យ​របស់លោក​ស្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៣​ឧសភា​ថា នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​លោកស្រី ចា​ស៊ីន​ដា អា​ឌឺ​ន (Jacinda Ardern) និង​ដៃគូ​យូរ​ឆ្នាំ​របស់​លោកស្រី លោក​ក្លាក ហ្គេ​ហ្វ​ត (Clarke Gayford) នឹង​រៀបការ​ជាមួយគ្នា​។​

​អ្នកនាំពាក្យ​ម្នាក់​របស់លោក​ស្រី​អា​ឌឺ​ន​និង​លោក​ហ្គេ​ហ្វ​ត​បាន​និយាយថា ដៃគូ​ដែលមាន​កូនស្រី​ម្នាក់​ឈ្មោះ​ណេ​វ (Neve) បាន​យល់ព្រម​ចង​ចំណងអាពាហ៍ពិពាហ៍​នៅ​អំឡុង​បុណ្យ​អ៊ី​ស្ទើរ​។​

​អ្នកនាំពាក្យ​មិនអាច​ប្រាប់​បានទេ​ថា​តើ​កាលបរិច្ឆេទ​នៃ​ពិធី​រៀប​មង្គលការ​នឹងធ្វើ​នៅពេលណា និង​ថា​តើន​រណា​ជា​អ្នក​សុំ​រៀបការ​មុន​នោះទេ​។​

​អ្នកនាំពាក្យ​រូបនោះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ខ្ញុំ​មិនអាច​និយាយ​អ្វី​បាន​លើសពី​រឿង​ដែលថា​ពួកគេ​បាន​ភ្ជាប់ពាក្យ​រួច ហើយ​មង្គលការ​នឹង​កើតឡើង​ក្នុងអំឡុង​បុណ្យ​អ៊ី​ស្ទើរ​”​។​

​លោកស្រី​អា​ឌឺ​ន​អាយុ ៣៨ ឆ្នាំ​បាន​សម្រាល​កូនស្រី​ឈ្មោះ​ណេ​វ​កាលពី​ខែមិថុនា​កន្លងទៅ ដោយ​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​២ នៅលើ​ពិភពលោក​ដែល​បាន​សម្រាលកូន​ខណៈ​កំពុងកាន់​តំណែង ហើយ​ក្រោយមក បាន​យក​កូន​នេះ​ទៅកាន់​អង្គប្រជុំ​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​ថែមទៀត​។​

​ចាប់តាំងពី​កំណើត​កូនស្រី​នោះមក លោក​ហ្គេ​ហ្វ​ត ដែលជា​ពិធីករ​កម្មវិធី​នេសាទ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ បាន​ដើរតួនាទី​ជា​ឪពុក​ចាំផ្ទះ​៕ ដោយ៖ កញ្ញាដាលីស

លោក​ហ្គេ​ហ្វ​ត និង​លោកស្រី​អា​ឌឺ​ន នឹង​រៀបការ​នៅ​បុណ្យ​អ៊ី​ស្ទើរ​ខាងមុខ