លោកស្រី​មី​ឆែ​ល អូ​បា​ម៉ា​ចាប់ផ្តើម​ដំណើរ​ឃោសនា​សៀវភៅ​របស់ខ្លួន​ជាមួយ​លោកស្រី​អប់​ប្រា ដោយ​លាតត្រដាង​រឿង​មួយ​នៅ​ថ្ងៃ​ចុះ​ចេញពី​សេត​វិមាន​

605

​លោកស្រី មី​ឆែ​ល អូ​បា​ម៉ា បានចាប់ផ្តើម​ដំណើរ​ទេសចរណ៍​ផ្សព្វផ្សាយ​សៀវភៅ​នៅ​ទី​ឈប់​សំចត ១២ គោលដៅ​របស់​លោកស្រី ដោយ​អង្គុយ​ជាមួយ​លោកស្រី អប់​ប្រា វីន​ហ្វ្រេ នៅ​ចំពោះមុខ​ទស្សនិកជន​នៅ​សាល Chicago Bulls ក្នុង​ទីក្រុង​ឈី​កា​ហ្គោ ដោយនិយាយ​ពីអ្វីៗ​គ្រប់យ៉ាង​ចាប់ពី​មេរៀន​ព្យ៉ា​ណូ​និង​ការលាង​ស្រោមជើង​រហូតដល់​កា​រយំ​នៅលើ​យន្តហោះ​នៅ​ថ្ងៃ​ដែល​គ្រួសារ​របស់លោក​ស្រី​រើចេញ​ពី​សេត​វិមាន និង លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ រើ​មក​រស់នៅក្នុង​សេត​វិមាន​។​

​ហ្វូងមនុស្ស ១៤.០០០ នាក់​បាន​ស្រែក​អបអរ ខណៈដែល​អតីត​ជំទាវ​ទី​១​រូបនេះ​បាន​ដើរ​ឡើង​ឆាក​នៅឯ​ព្រឹត្តិការណ៍​នៅ​មណ្ឌល United Center ដែល​ហាក់​មាន​អារម្មណ៍​ថា​ផ្នែក​ខ្លះ​ជា​កម្មវិធី​ជជែក​កម្សាន្ត ផ្នែក​ខ្លះ​ជាការ​ប្រមូលផ្តុំ​ផ្នែក​នយោបាយ និង ផ្នែក​ខ្លះ​ជាការ​ប្រគំ​តន្ត្រី​រ៉ុ​ក ជាមួយ​ហ្វូង​ទស្សនិកជន​ទាំងអស់​ពាក់​អាវយឺត​តម្លៃ ៣៥ ដុល្លារ​ដែលមាន​រូបលោក​ស្រី​មី​ឆែ​ល អូ​បា​ម៉ា និង ចំណងជើង​នៃ​សៀវភៅ​អនុស្សាវរីយ៍​ដែល​ទើប​បោះពុម្ព គឺ “Becoming” ។ រូបភាព​គ្រួសារ​របស់​បា​រ៉ា​ក់ អូ​បា​ម៉ា​និង​កូនៗ​របស់​ពួកគេ​បានបង្ហាញ​នៅលើ​អេក្រង់​មួយ​នៅ​ពីក្រោយ​ខ្នង​របស់​លោកស្រី ខណៈដែល​លោកស្រី​កំពុងនិយាយ​។​

​ក្នុងអំឡុងពេល​សន្ទនា​ជាង ៩០ នាទី​នៅក្រោម​បដា​របស់​ជើងឯក​បាល់បោះ​ក្របខ័ណ្ឌ NBA របស់​ក្រុម Bulls ក្នុង​ទីក្រុង​កំណើត​របស់លោក​អូ​បា​ម៉ា លោកស្រី​មី​ឆែ​ល​មិនដែល​រិះគន់​ចំៗ​ទៅលើ​លោក​ត្រាំ​នោះទេ​។ លោកស្រី​បាន​បកស្រាយ​ថា កា​រយំ​នៅលើ​យន្ដហោះ​ពេលដែល​ចាក​ចេញពី​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​ពិធី​ស្បថ​កាន់តំណែង​របស់​ប្រធានាធិបតី​ថ្មី​ឆ្នាំ ២០១៧ មិនមាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​លោក​ត្រាំ​ទេ​។​

​លោកស្រី​បាន​និយាយថា “​នៅពេល​ខ្ញុំ​ជិះ​លើ​យន្តហោះ ខ្ញុំ​យំ​អស់​រយៈពេល ៣០ នាទី​។ ខ្ញុំ​គិតថា វា​ជាការ​រួចផុត​ទុក្ខ​ពី​អំឡុង​រយៈពេល ៨ ឆ្នាំ​ក្នុងការ​ព្យាយាម​ធ្វើឱ្យ​អ្វីៗ​គ្រប់យ៉ាង​ល្អឥតខ្ចោះ​”​។​

​លោកស្រី​មី​ឆែ​ល​បាន​បែរ​ទៅរក​ស្វាមី​របស់គាត់ ដែល​ទើបតែ​ក្លាយជា​អតីត​ប្រធានាធិបតី ដោយ​និយាយថា “​ខ្ញុំ​បាន​និយាយ​ទៅកាន់​បា​រ៉ា​ក់ ថា វា​ពិតជា​លំបាក​ខ្លាំងណាស់​នូវ​អ្វីដែល​យើង​បានធ្វើ​។ វា​ពិតជា​ពិបាក​ខ្លាំងណាស់​”​។ លោកស្រី​និយាយថា លោកស្រី​មិនបាន​និយាយ​ពី​វគ្គ​នេះ​នោះទេ​នៅក្នុង​សៀវភៅ​របស់​លោកស្រី​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​មី​ឆែ​ល និង​លោកស្រី​អប់​ប្រា អង្គុយ​ជជែក​គ្នា​ក្នុង​ទីក្រុង​ឈី​កា​ហ្គោ អំឡុង​ដំណើរ​ឃោសនា​សៀវភៅ “Becoming” របស់លោក​ស្រី