លោកស្រី​មឺ​គែល​អំពាវនាវ​ឱ្យ​បង្កើត​កងទ័ព​អឺរ៉ុប “​ពិតប្រាកដ​មួយ​” ដើម្បី​ផ្ទុ​ញ​លោក​ត្រាំ បន្ទាប់ពី​គាត់​ចម្អក​បារាំង​

657
ចែករម្លែក

​លោកស្រី អ៊ែន​ជែ​ល​ឡា មឺ​គែល បាន​អំពាវនាវ​ឱ្យ​បង្កើត​កងទ័ព​អឺរ៉ុប “​ពិតប្រាកដ​មួយ​” នៅក្នុង​សុន្ទរកថា​ទៅកាន់​ក្រុម​រដ្ឋមន្ត្រី​អឺរ៉ុប​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​វិច្ឆិកា ក្នុងការ​រិះគន់​ខ្លាំងៗ​ទៅកាន់​លោក​ប្រធានាធិបតី​ត្រាំ​។​

​អធិការបតី​អាល្លឺម៉ង់​រូបនេះ​ក៏បាន​អំពាវនាវ​ឱ្យ​បង្កើត​ក្រុមប្រឹក្សាសន្តិសុខ​សហភាព​អឺរ៉ុប​ផងដែរ ដែល​ទទួលខុសត្រូវ​ក្នុងការ​សម្របសម្រួល​គោលនយោបាយ​ការពារ​ប្រទេស​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​។​

​លោកស្រី​មឺ​គែល​បាន​ថ្លែង​យ៉ាង​ដូច្នេះ បន្ទាប់ពី​ប្រធានាធិបតី​បារាំង​លោក​អេ​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​បញ្ចេញ​អំពី​គំនិត​ដូចគ្នានេះ​កាលពី​សប្តាហ៍​មុន និង​ប៉ុន្មាន​ម៉ោង​ក្រោយពី​លោក​ដូ​ណា​ល់ ត្រាំ បាន​ចម្អក​ឱ្យ​លោក​ម៉ា​ក្រុង​តាមរយៈ Twitter​។​

​ទន្ទឹមនឹង​នេះដែរ លោក​ត្រាំ​បាន​និយាយ​ចម្អក​ថា ប្រជាជន​នៅ​ទីក្រុង​ប៉ារីស “​បានចាប់ផ្តើម​រៀន​ភាសា​អាល្លឺម៉ង់​មុនពេល​អាមេរិក​បាន​ចូលមក​រំដោះ​មក​” និង​រំដោះ​បារាំង​អំឡុង​សង្គ្រាមលោកលើកទី​២ ហើយ​បាន​ប្រាប់​មេដឹកនាំ​សហភាព​អឺរ៉ុប​ឱ្យ​បង់​ចំណែក​ស្មើភាព​របស់​ពួកគេ​ដល់​អង្គការ​ណា​តូ​។​

​នៅក្នុង​សុន្ទរកថា​របស់លោក​ស្រី ដែល​និយាយ​អំពី​អនាគត​នៃ​សហភាព​អឺរ៉ុប លោកស្រី​មឺ​គែល​បាន​និយាយថា “​អ្វីដែល​ពិតជា​សំខាន់​ប្រសិនបើ​យើង​ពិនិត្យមើល​លើ​ការវិវឌ្ឍ​កាលពី​ឆ្នាំមុន​នោះ​គឺថា យើង​ត្រូវ​ធ្វើការ​លើ​ចក្ខុវិស័យ​សម្រាប់​មួយថ្ងៃ​ដើម្បី​បង្កើត​កងទ័ព​អឺរ៉ុប​ពិតប្រាកដ​មួយ​”​។​

​លោកស្រី​បាន​និយាយថា កងទ័ព​ថ្មី​នឹងធ្វើ​ការរួម​គ្នា​ជាមួយ​អង្គការ​ណា​តូ ប៉ុន្តែ​បាន​បន្ថែមថា “​មានតែ​អឺរ៉ុប​រឹងមាំ​តែប៉ុណ្ណោះ​ទើប​អាច​ការពារ​អឺរ៉ុប​បាន​”​។​

​លោកស្រី​បន្តទៀតថា “​អឺរ៉ុប​ត្រូវតែ​យក​ជោគវាសនា​របស់ខ្លួន​ក្តាប់​ក្នុង​ដៃ​របស់​យើង​ផ្ទាល់ ប្រសិនបើ​យើង​ចង់​ការពារ​សហគមន៍​របស់​យើង​”​។​

​ការអត្ថាធិប្បាយ​នេះ​បាន​ទាក់ទាញ​ទាំង​ការអបអរសាទរ​ជាទូទៅ និង​ការ​ចម្អក​ពី​ក្រុម​សមាជិកសភា​អាល្លឺម៉ង់​ដែល​កំពុង​មើល​មក​លោកស្រី​៕ ដោយ៖ កញ្ញាដាលីស

អធិការបតី​អាល្លឺម៉ង់ លោកស្រី អ៊ែន​ជែ​ល​ឡា មឺ​គែល