លោកស្រី​មឺ​គែល ឈ្នះឆ្នោត​អាណត្តិ​ទី ៤ តែ​ប្រឈម​ការលំបាក​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​

301

​ប្លុក​អភិរក្សនិយម​របស់​អធិការបតី​អាល្លឺម៉ង់ លោកស្រី អ៊ែន​ជែ​ល​ឡា មឺ​គែល បាន​ស្ថិត​លើផ្លូវ​ឆ្ពោះទៅរក​ជ័យជម្នះ​ក្នុងការ​បោះឆ្នោតជាតិ​អាល្លឺម៉ង់​កាលពី​ថ្ងៃអាទិត្យ ទី​២៤ កញ្ញា ខណៈដែល​គណបក្ស​ជម្រើស​សម្រាប់​អាល្លឺម៉ង់ ដែលមាន​ទំនោរ​ប្រឆាំង​អន្តោរ​ប្រវេសន៍ បាន​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​សភា​ផងដែរ​។ នេះ​បើតាម​ការព្យាករណ៍​។

​គណបក្សប្រឆាំង​ឆ្វេងនិយម​ដ៏​សំខាន់​របស់លោក​ស្រី មឺ​គែល គឺ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម ត្រូវបាន​ព្យាករណ៍​ជាមុន​ថា នឹង​ធ្លាក់ចុះ​ទាប​ជា​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​។ គណបក្ស ដែល​ដឹកនាំ​ដោយ​គូប្រជែង គឺ​លោក ម៉ា​ទីន ស៊ុ​ល បាន​ប្តេជ្ញា​ភ្លាមៗ​ថា ចាក​ចេញពី​រដ្ឋាភិបាល​ចម្រុះ​របស់លោក​ស្រី​មឺ​គែល និង​ធ្វើជា​បក្សប្រឆាំង​។​

​លទ្ធផល​ឆ្នោត​បានធ្វើឱ្យ​លោកស្រី​មឺ​គែល ទទួលបាន​តំណែង​ជា​អធិការបតី​លើក​ទី​បួន ប៉ុន្តែ​ទុកឱ្យ​លោកស្រី​មាន​ភារកិច្ច​លំបាក​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​។​

​ការព្យាករណ៍​របស់​ទូ​រ​ទស្សន៍​សាធារណៈ​សម្រាប់​បក្ស ARD និង ZDF ផ្អែកលើ​ការស្ទង់មតិ និង​ការរាប់​សន្លឹកឆ្នោត​បឋម បានបង្ហាញ គណបក្ស​សហភាព​ប្រជាធិបតេយ្យ​គ្រិស្ដ​សាសនិក​របស់លោក​ស្រី​មឺ​គែល និង​គណបក្ស​សម្ព័ន្ធមិត្ត​តែមួយគត់​របស់ខ្លួន​នៅ​តំបន់​បា​វ៉ា​រៀ គឺ​បក្ស សហភាព​សង្គម​គ្រិស្ដ​សាសនិក ទទួលបាន​សំឡេងគាំទ្រ ៣៣ ភាគរយ ពោលគឺ​ធ្លាក់ចុះ​ពី ៤១,៥ ភាគរយ​កាលពី ៤ ឆ្នាំមុន​។​

​បក្ស​ប្រជាធិបតេយ្យ​សង្គម​របស់​លោក​ស៊ុ​ល ត្រូវបាន​គេ​មើលឃើញថា ស្ថិតនៅ​ពីក្រោយ​ឆ្ងាយ​ណាស់ ដោយមាន​ការគាំទ្រ​ពី ២០ ទៅ ២១ ភាគរយ​។ នោះ​គឺជា​លទ្ធផល​អាក្រក់​បំផុត​ចាប់តាំងពី​សង្គ្រាមលោកលើកទី ២ សម្រាប់​គណបក្ស​ដែល​ចាប់តាំងពី​ឆ្នាំ ២០១៣ បាន​ចាប់​ដៃគូ​ក្នុង​រដ្ឋាភិបាលចម្រុះ​នៃ​គណបក្ស​ដ៏​ធំ​បំផុត​របស់​អាល្លឺម៉ង់​ក្រោម​ការដឹកនាំ​របស់លោក​ស្រី​មឺ​គែល​។​

​គណបក្ស​តូចៗ​គឺជា​អ្នកទទួលផល​ដ៏​សំខាន់​ក្នុងការ​គាំទ្រ​សម្រាប់​បក្ស​ធំៗ​។ ពោលគឺ​បក្ស​ស្តាំនិយម (​បក្ស​ជម្រើស​សម្រាប់​អាល្លឺម៉ង់ ឬ AfD) តែម្តង ដែល​ទទួលផល ដោយ​ទទួល​សំឡេងឆ្នោត​រហូតដល់ ១៣,៥ ភាគរយ​។ បក្ស​នេះ​បាន​កេង​យក​ប្រយោជន៍​ពី​ការមិនសប្បាយចិត្ត​ជាមួយ​នឹង​អ្នកនយោបាយ​ជើងចាស់ ប៉ុន្តែ​ផ្តោត​ជាពិសេស​ទៅលើ​អ្នក​ដែល​ខឹងសម្បារ​ចំពោះ​ការហូរចូល​នៃ​ជនអន្តោប្រវេសន៍​ម៉ូ​ស្លី​ម​ជាង ១ លាន​នាក់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​។​

​បក្ស​ដែល​ឈ្នះឆ្នោត​ដ៏​ធំ​មួយទៀត​កាលពី​ថ្ងៃអាទិត្យ​គឺ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ដែល​គាំទ្រ​ពាណិជ្ជកម្ម​សេរី ដែល​បាន​នឹង​បង្ហាញខ្លួន​នៅក្នុង​សភា​ជាថ្មី ជាមួយនឹង​សំឡេងគាំទ្រ ១០,៥ ភាគរយ​។ គណបក្ស​នេះ​គឺជា​ដៃគូ​ចម្រុះ​របស់លោក​ស្រី​មឺ​គែល​នៅក្នុង​អាណត្តិ​ទី ២ ពី​ឆ្នាំ ២០០៩-២០១៣ ប៉ុន្តែ​បាន​បាត់បង់​កៅអី​ទាំងអស់​នៅក្នុង​ការបោះឆ្នោត​ចុងក្រោយ​។​

​គណបក្ស​បៃតង ដែលជា​បក្ស​ឆ្វេងនិយម បានទទួល​ជ័យជម្នះ​ប្រហែល ៩,៥ ភាគរយ​និង គណបក្ស​ឆ្វេង (Left Party) ទទួលបាន​សំឡេងឆ្នោត​ប្រហែល ៩ ភាគរយ​។​

​មេដឹកនាំ​ក្នុង​ប្លុក​អភិរក្សនិយម​របស់លោក​ស្រី មឺ​គែល គឺ​លោក វូ​ល​កឺ កូ​ឌ័​រ (Volker Kauder) និយាយថា លោក “​ចង់បាន​លទ្ធផល​ល្អប្រសើរ​ជាង​នេះ​” ប៉ុន្តែ​អ្នកបោះឆ្នោត​បាន​ផ្តល់ឱ្យ​គណបក្ស​នូវ​ភារកិច្ច​លំបាក​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី អ៊ែន​ជែ​ល​ឡា មឺ​គែល ឈ្នះឆ្នោត​អាណត្តិ​ទី ៤