លោកស្រី​មេ​ចង់​សង្គ្រោះ​កិច្ចព្រមព្រៀង Brexit ប៉ុន្តែ​មេដឹកនាំ EU និយាយថា បាល់​ស្ថិតនៅលើ​ទីលាន​របស់​អង់គ្លេស​

459
ចែករម្លែក
  • 66
    Shares

​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី​ថេ​រ៉េ​សា មេ បានចាប់ផ្តើម​បេសកកម្ម​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង Brexit ដែល​ចាញ់​ប្រៀប​គេ​ខ្លាំង​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​ធ្នូ​បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​បដិសេធ​សំណើ​របស់​លោកស្រី​ក្នុងការ​ធ្វើឱ្យ​កាន់តែ​អាច​ទទួលយកបាន​ចំពោះ​កិច្ចព្រមព្រៀង​ចែកផ្លូវ​គ្នា​នេះ ដូច្នេះ​ទើប​លោកស្រី​អាច​ឈ្នះ​លើ​ពួក​សមាជិកសភា​ប្រឆាំង​នៅក្នុង​ស្រុក​។​

​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​ដែល​ប្រជុំ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​បានបង្ហាញ​ចំណង់​ចំណូលចិត្ត​តិចតួច​ណាស់​ក្នុងការ​ដោះស្រាយ​ភាពជាប់គាំង​អំពី​កិច្ចព្រមព្រៀង Brexit សម្រាប់​លោកស្រី​មេ ដោយ​និយាយថា សភា​អង់គ្លេស​ត្រូវតែ​សម្រេចចិត្ត​។ ជម្រើស​គឺមាន​តែ​ត្រូវ​គាំទ្រ​កិច្ចព្រមព្រៀង Brexit ឬ​មិន​អ៊ីចឹង​ត្រូវបញ្ជូន​ចក្រភព​អង់គ្លេស​ចេញពី​ប្លុក​អឺរ៉ុប​នៅ​ខែមីនា​ដោយ​គ្មាន​កិច្ចព្រមព្រៀង​និង​នាំ​អង់គ្លេស​ធ្លាក់​ចូលក្នុង​ភាពចលាចល​សេដ្ឋកិច្ច​។​

​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​រយៈពេល​២​ថ្ងៃ​ថា “​មាន​កិច្ចព្រមព្រៀង​តែមួយគត់​ដែល​អាចធ្វើ​ទៅបាន​” ។ គាត់​បាន​និយាយថា វា​គឺជា “​ពេលវេលា​របស់​សភា​អង់គ្លេស​” ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ទទួលយក​កិច្ចព្រមព្រៀង Brexit ឬ​បដិសេធ​វា​។​

​ការជាប់គាំង​នៃ​កិច្ចព្រមព្រៀង Brexit បាន​ទុកឱ្យ​អនាគត​របស់​ចក្រភព​អង់គ្លេស​មើលទៅ​ហាក់ដូចជា​ប្រថុយប្រថាន​ខ្ពស់​ជាមួយនឹង​លទ្ធផល​មិន​នឹកស្មាន​ទុកជា​ច្រើន​។ វា​អាចជា Brexit ដែលមាន​របៀបរៀបរយ​ឬ​គ្មាន​របៀបរៀបរយ​។ រដ្ឋាភិបាល​អភិរក្សនិយម​របស់លោក​ស្រី​មេ​អាច​នឹង​ដួលរលំ​ហើយ​ការបោះឆ្នោត​មុនពេល​កំណត់​នឹងត្រូវ​រៀបចំឡើង​។ ចក្រភព​អង់គ្លេស​អាច​ស្នើ​សុំឱ្យ​សហភាព​អឺរ៉ុប​ផ្តល់​ពេលវេលា​បន្ថែមទៀត​និង​មិនទាន់​ចាកចេញ​ពី​ប្លុក​អឺរ៉ុប​នៅ​ថ្ងៃទី ២៩ មីនា​។ មនុស្ស​មួយចំនួន​ថែមទាំង​បាន​អំពាវនាវ​ឱ្យ​ចក្រភព​អង់គ្លេស​ធ្វើ​ប្រជាមតិ​ជា​លើក​ទី​២​ស្តីពី​សមាជិកភាព​រប​ស់​ចក្រភព​អង់គ្លេស​នៅ​សហភាព​អឺរ៉ុប​។​

​មានលទ្ធភាព​អាច​កើតឡើង​ជាច្រើន តែ​ពេលវេលា​មាន​តិចតួច​ណាស់​។​

​លោកស្រី​មេបា​ន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប​ដើម្បី​ស្វែងរក​ការផ្លាស់ប្តូរ​លក្ខខណ្ឌ​ច្បាប់​ក្នុង​កិច្ចព្រមព្រៀង Brexit ដែល​ត្រូវបាន​ជំទាស់​ដោយ​សមាជិកសភា​អង់គ្លេស​ភាគច្រើន​។​

​ប៉ុន្តែ​មេដឹកនាំ​សហភាព​អឺរ៉ុប ២៧ រូប​ផ្សេងទៀត​បានផ្តល់​ត្រឹមតែ​ការធានា​ប៉ុណ្ណោះ​។ ពួកគេ​និយាយថា​ពួកគេ​នឹង​ស្វែងរក​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​បន្ទាប់ពី​ចក្រភព​អង់គ្លេស​ចាក​ចេញពី​ប្លុក​នេះហើយ​បាន​សន្យាថា​គោលនយោបាយ​ធានា​ស្របច្បាប់​ដើម្បី​រក្សា​ព្រំដែន​អៀរ​ឡង់​ឱ្យ​បើកចំហ​នឹងត្រូវ​បាន​ប្រើ​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។​

​ពួកគេ​បាន​បដិសេធ​ការដាក់​សម្ពាធ​របស់​ច​ក្រ​ភព​អង់គ្លេស​ដើម្បី​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​លើ​ការធានា​អំពី​ព្រំដែន​អៀរ​ឡង់ និង​បាន​បដិសេធ​មិន​ចរចា​ឡើងវិញ​លើ​កិច្ចព្រមព្រៀង Brexit ដែលមាន​កម្រាស់​៥៨៥​ទំព័រ​ក្នុងនោះ​ក៏​និយាយ​អំពី​ទំហំ​នៃ​ការចាកចេញ​របស់​អង់គ្លេស​និង​សិទ្ធិ​អនាគត​របស់​ជនជាតិ​អឺរ៉ុប​ដែល​កំពុង​រស់នៅ​ចក្រភព​អង់គ្លេស​និង​សិទ្ធិ​ជនជាតិ​អង់គ្លេស​ដែល​កំពុង​រស់នៅក្នុង​សហភាព​អឺរ៉ុប​។ វា​ក៏​រួមបញ្ចូល​ផងដែរ​នូវ​ឯកសារ​មួយ​ដែល​បង្ហាញ​ពី​ក្តីសង្ឃឹម​របស់​ភាគី​ទាំង​២​សម្រាប់​ទំនាក់ទំនង​នាពេល​អនាគត​ដែល​មិនត្រូវ​បាន​ចង​លក្ខខណ្ឌ​ដោយ​ស្របច្បាប់​ទេ​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី​ថេ​រ៉េ​សា មេ