លោកស្រី​មេ​ជំរុញ​សមាជិកសភា​ឱ្យ​គាំទ្រ​កិច្ចព្រមព្រៀង Brexit បន្ទាប់ពី​ធានាបាន​ការផ្លាស់ប្តូរ “​ស្របច្បាប់​”

315
ចែករម្លែក

​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី​ថេ​រ៉េ​សា មេ បាន​ទទូចថា លោកស្រី​បានទទួល​នូវ​ការផ្លាស់ប្តូរ “​ស្របច្បាប់​” ចំពោះ​កិច្ចព្រមព្រៀង Brexit ដែល​ធានាថា​ការរារាំង​ពី​អៀរ​ឡង់​មិនអាច​ស្ថិត​ស្ថិរ​អចិន្ត្រៃយ៍​បានទេ​។​

​បន្ទាប់ពី​កិច្ចចរចា​វិនាទី​ចុងក្រោយ​នៅ​ទីក្រុង​ស្ត្រា​ស្បឺ​ករ​បស់​បារាំង​នៅមុន​ការបោះឆ្នោត​សភា​នៅ​ថ្ងៃ​អង្គារ​ទី​១២​មីនា​នេះ លោកស្រី​មេបា​ន​និយាយថា ឥឡូវនេះ​លោកស្រី​បាន​នាំមក​នូវ​អ្វីដែល​សភា​បាន​ស្នើឱ្យ​លោកស្រី​ធ្វើ​ហើយ​។​

​លោកស្រី​នាយករដ្ឋមន្ត្រី​បាន​និយាយថា លោកស្រី​ជឿជាក់ថា​កិច្ចព្រមព្រៀង Brexit របស់លោក​ស្រី​បាន​ដោះស្រាយ​នូវ​ការព្រួយបារម្ភ​ដែល​លើកឡើង​ដោយ​សមាជិកសភា​ដែល​ភ័យខ្លាច​ថា​ការរារាំង​របស់​អៀរ​ឡង់​នឹង​ធ្វើឱ្យ​ចក្រភព​អង់គ្លេស​បន្ត​រៀបចំ​កិច្ចការ​គយ​ជាមួយ​សហភាព​អឺរ៉ុប​ឥតមាន​ពេល​បញ្ចប់​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមមួយ​ជាមួយ​លោក​ហ្ស​ង់​ក្លោដ ចាំង​ឃើ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី​មេ​បាន​លើកឡើងថា ឯកសារ​ថ្មី​ចំនួន​បី​នេះ​បាន​ព្រមព្រៀង​ផ្តល់​ការធានា​ស្របច្បាប់ ដែល​ពួក​អ្នក​រិះគន់​ជំហរ​របស់​លោកស្រី​បាន​អំពាវនាវ​។​

​លោកស្រី​នាយករដ្ឋមន្ត្រី​បាន​និយាយថា “​អ្វីដែល​យើង​បាន​ធានាបាន​គឺ​ច្បាស់លាស់​ណាស់​ថា ការរារាំង​របស់​អៀរ​ឡង់​មិន​អាចមាន​ជា​រៀងរហូត​បានទេ​។ វា​មិនអាច​ក្លាយជា​អចិន្ត្រៃយ៍​បានទេ​។ វា​គ្រាន់តែ​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ ប្រសិនបើ​វា​ជា​ករណី​ដែល​យើង​ធ្លាប់បាន​ធ្លាក់ចូល​ទៅក្នុង​ការរារាំង​របៀបនេះ​”​។​

​លោកស្រី​បន្តថា “​ឧបករណ៍​ច្បាប់​ដែល​យើង​បាន​ព្រមព្រៀងគ្នា​គឺជា​ការបន្ថែម​ទៅលើ​កិច្ចព្រមព្រៀង​ដកខ្លួន​ចេញ​។ វា​មាន​ឋានៈ​ស្របច្បាប់​ដូច​កិច្ចសន្យា​ដកខ្លួន​ចេញ​ដែរ​។ វា​ត្រូវបាន​ចង​ដោយ​ច្បាប់​។ នោះ​ហើយ​ជា​អ្វីដែល​សភា​បានស្នើ​សុំឱ្យ​យើង​ធានា​ឱ្យបាន ហើយ​នោះ​គឺជា​អ្វីដែល​យើង​បាន​ធានា​”​។​

​លោកស្រី​និយាយទៀតថា “​សមាជិកសភា​ដឹង​ច្បាស់​ថា ការផ្លាស់ប្តូរ​ស្របច្បាប់​គឺ​ត្រូវការ​ចាំបាច់​ដើម្បី​ទប់ទល់​នឹង​ការរារាំង​របស់​អៀរ​ឡង់​។ ថ្ងៃនេះ​យើង​បាន​ធានា​ទទួលបាន​ការផ្លាស់​ប្តូរ​នោះ​ហើយ​។ ឥឡូវ​គឺជា​ពេលដែល​ត្រូវ​រួមគ្នា​គាំទ្រ​កិច្ចព្រមព្រៀង Brexit ដែល​ប្រសើរ​ជាង​មុននេះ និង ផ្តល់ជូន​ការណែនាំ​ដល់​ប្រជាជន​អង់គ្លេស​”​។

​ទិដ្ឋភាព​ផ្លូវច្បាប់​នៃ​ការផ្លាស់ប្តូរ​នេះ ដែល​ធ្វើឡើង​ដោយ​អគ្គ​រដ្ឋអាជ្ញា ជី​អូ​ហ្វ្រេ ខុ​ក (Geoffrey Cox) នឹង​ក្លាយជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុងការ​ឈានទៅរក​ការបោះឆ្នោត​សភា​។​

​លោកស្រី​មេបា​ន​និយាយថា “​អគ្គ​រដ្ឋអាជ្ញា​គឺ​ឯករាជ្យ​។ គាត់​នឹងធ្វើ​ការសម្រេចចិត្ត​។ គាត់​នឹង​ចេញផ្សាយ​គំនិត​ស្របច្បាប់​របស់គាត់​”​។​

​ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​ទទូចថា​នឹងមិន​មានការ​ចរចា​ប​ន្ថែ​ម​ទៀត​ទេ​លើ​បញ្ហា​នេះ​៕ ដោយ៖ កញ្ញាដាលីស

ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​ទទូច​ប្រាប់​លោកស្រី​មេ​ថា​នឹងមិន​មានការ​ចរចា​ប​ន្ថែ​ម​ទៀត​ទេ​លើ​កិច្ចព្រមព្រៀង Brexit