លោកស្រី​យី​ង​ឡាក់​នឹង​តស៊ូ​ដល់ទី​បញ្ចប់ ទោះបី​តុលាការ​កាត់ទោស​ជាប់គុក ក៏​ព្រម​ប្រឈម​ដែរ​

1062
ចែករម្លែក

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​បញ្ជាក់ថា គាត់​នឹងមិន​គេច​ពី​យុត្តិធម៌ ហើយ​ត្រៀម​ប្រឈម​ការផ្ដន្ទាទោស​ដែល​អាច​នាំឱ្យ​លោកស្រី​ជាប់ពន្ធនាគារ​។ នេះ​បើតាម​ប្រភពព័ត៌មាន​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​ថ្ងៃ​អង្គារ​ទី ១១ កក្កដា​នេះ​។​

​លោកស្រី យី​ង​ឡាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​ក្នុង​កាតព្វកិច្ច​របស់ខ្លួន ដោយសារ​មិនអាច​បញ្ឈប់​អំពើពុករលួយ និង​ភាពមិនប្រក្រតី ដែល​កើតចេញពី​គម្រោង​ទិញស្រូវ​អង្ករ​របស់​រដ្ឋាភិបាល​លោកស្រី​។ សវនាការ​ផ្តាច់ព្រ័ត្រ​ស​ម្រា​ប់​សាក្សី​ការពារ​ក្តី​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ២១ ខែកក្កដា​នេះ​។​

បន្ទាប់ពីនោះ នាយកដ្ឋាន​ព្រហ្មទណ្ឌ​សម្រាប់​អ្នក​កាន់តំណែង​នយោបាយ​នៃ​តុលាការ​កំពូល នឹង​បញ្ជាក់​ថ្ងៃខែ​សម្រាប់​ដើមបណ្ដឹង​និង​ចុងចោទ​ដើម្បី​ផ្ដល់​សេចក្ដីថ្លែងការណ៍​បិទ​របស់​ពួកគេ ដែល​តែង​កើតឡើង​ពីមួយ​សប្ដាហ៍​ទៅ​ក្រោម​មួយខែ បន្ទាប់ពី​ការផ្តល់​ចម្លើយ​កសិណសាក្សី​ក្នុងករណីនេះ​បានបញ្ចប់​ជា​ស្ថាពរ​។​

តុលាការ​ត្រូវគេ​រំពឹងទុក​ថា​នឹង​ប្រកាសសេចក្ដី​សម្រេច​ត្រឹម​ខែកញ្ញា​។ ប្រសិនបើ​រកឃើញ​ទោសកំហុស នោះ​លោកស្រី យី​ង​ឡាក់ អាច​ប្រឈមមុខ​ជាប់ពន្ធនាគា​រដ​ល់ ១០ ឆ្នាំ​។​

​ខុសពី​លោក ថាក់ស៊ីន លោកស្រី យី​ង​ឡាក់ សន្យាថា​នឹង​តស៊ូ​ក្នុងករណីនេះ​រហូតដល់​គ្រា​ចុងក្រោយ​។​

លោកស្រី​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា “​ចាំមើល​ចុះ​! ខ្ញុំ​នឹង​នៅ​តុលាការ​រហូតដល់​ទីប​ញ្ច​ប់​។ យើង​នឹង​ជួបគ្នា​នៅ​ទីនោះ (​ថ្ងៃ​ចេញ​សាលក្រម​)”​។ នៅថ្ងៃនោះ លោកស្រី យី​ង​ឡាក់ អាច​ជាប់គុក​ភ្លាមៗ ប្រសិនបើ​តុលាការ​សម្រេច​ដាក់ទោស​ពន្ធនាគារ​។​

​អ្នក​រិះគន់​ខ្លះ​ជឿថា លោកស្រី​នឹង​ដើរ​តាម​គន្លង​បងប្រុស​គាត់ ថាក់ស៊ីន ដែល​ចាក​ចេញពី​ប្រទេស​មុននឹង​តុលាការ​ផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​ពីរ​ឆ្នាំ​ក្នុងករណី​ដីធ្លី​នៅ​តំបន់ រាជា​ដាក់​ភិ​សេក ក្នុង​ឆ្នាំ ២០០៨​។ គាត់​បានរស់នៅ​និរទេស​ខ្លួន​តាំងពី​ពេល​នោះមក​។​

ក៏ប៉ុន្តែ លោកស្រី យី​ង​ឡាក់ បាន​ច្រានចោល​ការអះអាង​បែបនេះ​ដោយ​និយាយថា “​ខ្ញុំ​ត្រៀមខ្លួន​ប្រឈម​នឹង​វាសនា​”​។​

​អ្នក​អង្កេត​ការណ៍​នយោបាយ​ខ្លះ​និយាយថា ប្រសិនបើ​លោកស្រី​បន្ត​នៅ​ប្រទេស​ថៃ​ហើយ​ត្រូវ​ជាប់ពន្ធនាគារ ការគោរព​ចំពោះ​វីរភាព​នយោបាយ​របស់​លោកស្រី​នឹង​កើនឡើង ដោយ​អនុញ្ញាតឱ្យ​គាត់​អាច​ត្រឡប់មក​នយោបាយ​វិញ​។​

ប៉ុន្តែ​អ្នកវិភាគ​ខ្លះ​បាន​និយាយថា ប្រសិនបើ​លោកស្រី​មានទោស លោកស្រី​និង​គូប្រជែង​របស់​គ្រួសារ​ស៊ីណាវ៉ាត្រា​នឹង​នៅតែ​រឹងមាំ​ដូចគ្នា​ដដែល ហើយ​ការកាត់ទោស​ជាប់គុក​នេះ​នឹង​ក្លាយជា​បុព្វហេតុ​សម្រាប់​ការវាយប្រហារ​ខាង​នយោបាយ​ដាក់គ្នា​ទៅវិញទៅមក​។​

លោកស្រី យី​ង​ឡាក់ បាន​និយាយថា គាត់​មាន​ទំនុកចិត្ត​ថា​សាក្សី​ការពារ​ក្តី ដែល​បានផ្តល់​សក្ខីកម្ម​ក្នុង​តុលាការ បញ្ជាក់​ពី​ភាព​គ្មាន​ទោស​របស់​លោកស្រី​។​

លោកស្រី​បាន​និយាយថា “​បើទោះជា​មួយ​ឱកាស​ឈ្នះ ១ ភាគរយ ខ្ញុំ​នឹង​បន្ត​តស៊ូ​តាមតែ​អាចទៅរួច​ដើម្បី​បញ្ជាក់ថា ខ្ញុំ​បរិសុទ្ធ​។ យើង​ជឿថា ឱកាស ១ ភាគរយ​អាច​កើតឡើង​។ យើង​នឹង​បន្ត​តស៊ូ​តាមតែ​អាចធ្វើ​បាន​”៕ ​ដោយ ៖កញ្ញាដាលីស

លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់