លោកស្រី​រ៉ូ​ណា​ស្មី​ត​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​វិ​វដ្ត​ផ្លូវច្បាប់​នៅ​កម្ពុជា​និង​ការបង្កើត​ក្រុម​មេធាវី​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​

896
ចែករម្លែក

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​លោកស្រី​រ៉ូ​ណា​ស្មី​ត​(RhonaSmith)​បានបង្ហាញ​នួវ​ការវាយតម្លៃ​ខ្ពស់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​និង​ការវិវត្តន៍​ជា​វិជ្ជមាន​ទាក់ទង​ការងារ​ផ្នែក​ច្បាប់​និង​បាន​អបអរសាទរ​នូវ​ការបង្កើត​យន្តការ​ថ្មី​មួយទៀត​គឺ​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ដែល​ជួយ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ស្ត្រី​ដែល​ក្រីក្រ​នៅ​កម្ពុជា​។​

​ការបញ្ជាក់​ឱ្យដឹង​បែបនេះ​ធ្វើឡើង​ដោយ​លោក​ជិន​ម៉ា​លីន​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ក្រោយ​បញ្ចប់​ជំនួប​រវាង​លោកស្រី​រ៉ូ​ណា​ស្មី​ត​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ជាមួយ​លោក អង្គ​វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​នា​ព្រឹក​ថ្ងៃទី​២​ខែឧសភា​កន្លងមក​។​

​បើតាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានឱ្យដឹងថា​ក្នុងជំនួប​នេះ​លោកស្រី​រ៉ូ​ណា​ស្មី​ត​បាន​លើកយក​៣​ចំណុច​ក្នុងនោះ​មានដូចជា ទី​១ ការងារ​ជំ​នូ​យ​ផ្នែក​ច្បាប់រួម​ការផ្តល់​មេធាវី​ការពា​ក្តី​ដល់​ជនក្រីក្រ ទី​២ តម្លាភាព​និង​គុណភាព​សេវា​ដែល​ផ្តល់ឱ្យ​ប្រជាពលរដ្ឋ​នៅតាម​តុលាការ​នីមួយៗ​និង​ទី​៣​ពាក់ព័ន្ធ​នឹង​ការឃុំខ្លួន​បណ្តោះអាសន្ន និង​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​ជាដើម ។​

​លោក​ជិន​ម៉ា​លីន​បាន​បញ្ជាក់ថា​នៅក្នុង​ជំនួប​នេះដែរ​លោក​រដ្ឋមន្ត្រី​អង្គ​វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បានបញ្ជាក់​ប្រាប់​ទៅកាន់​លោកស្រី​រ៉ូ​ណា​ស្មី​ត​ពី​ការរីកចម្រើន​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​។​ក្នុងនេះ​កិច្ចការងារ​ខ្លះ​បាន​បំពេញ​បញ្ចប់​ហើយ​ការងារ​ខ្លះ​មិនទាន់​បានបញ្ចប់​ហើយ​ការ​ខ្លះ​កំពុង​ធ្វើ​បន្តទៀត​ដោយសារ​បញ្ហា​ប្រឈម​មួយចំនួន​។​

​ចំពោះ​បញ្ហា​ផ្នែក​ច្បាប់​វិញ​ក្រសួងយុត្តិធម៌​បានធ្វើ​កិច្ចសហការ​ជាមួយ​គណៈមេធាវី​ក្នុងការ​ផ្តល់​មេធាវី​ដល់​ជនក្រីក្រ​នៅ​គ្រប់​សាលាដំបូង​រាជធានី​ខេត្ត​ដោយមាន​មេធាវី​ប្រចាំការ​ចំនួន​៥​នាក់​។​គិត​រហូតមក​ដល់ពេលនេះ​មេធាវី​ក្នុង​ក្រុម​នេះ​បានការ​ពារ​រឿងក្តី​ដល់​ជនក្រីក្រ​បាន​ច្រើនណាស់​មកហើយ ។​

​ទាក់ទិន​ទៅនឹង​រឿងនេះ​ដែរ​លោក​ជិន​ម៉ា​លីន​បានលើកឡើង​ផង​ថា​ដើម្បី​ផ្តល់​សេវា​ផ្នែក​ច្បាប់​ឱ្យមាន​ប្រសិទ្ធិ​ថែមទៀត​ក្រសួង​ក៏បាន​បង្កើត​មណ្ឌល​សេវា​យុត្តិធម៌​នៅតាម​ស្រុក​ដែល​មកដល់ពេលនេះ​បង្កើត​មណ្ឌល​យុត្តិធម៌​បាន​៦៦​មណ្ឌល​និង​មាន​មន្ត្រី​ធ្វើការ​ជិត​៣០០​នាក់​។​ទាំងនេះ​គឺ​កម្ពុជា​បានធ្វើ​ឱ្យមាន​ការវិវត្ត​ច្រើន​ទៅលើ​សេវា​ផ្លូវច្បាប់ ។​

​ព្រមជាមួយ​គ្នា​មណ្ឌល​ទាំងនេះ​ពិតជា​បាន​ជួយ​ដោះស្រាយ​ចំពោះ​វិវាទ​តូចតាច​នៅក្នុង​សហគមន៍​តាម​ឃុំ​ស្រុក​ដើម្បី​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ​និង​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​។​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានបញ្ជាក់​បន្ថែមថា​ក្នុងជំនួប​នោះ​លោកស្រី​រ៉ូ​ណា​ស្មី​ត​ក៏បាន​អបអ​សាទរ​ចំពោះ​ការបង្កើត​ក្រុម​មេធាវី​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​កាលពីពេល​ថ្មី​នេះ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ពិសេស​នោះ​ស្ត្រី​ក្រីក្រ​ផងដែរ ។​

​បើតាម​លោក​ជិន​ម៉ា​លីន​បានឱ្យដឹង​បន្ថែមថា​លោកស្រី​រ៉ូ​ណា​ស្មី​ត​បង្ហាញ​ការស្វាគមន៍​ព្រមទាំង​វាយតម្លៃ​ខ្ពស់​ក្នុងការ​វិវត្តន៍​លើ​វិស័យ​ច្បាប់​នៅ​កម្ពុជា​ដែលមាន​ជម្រើស​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលយក​សេវា​ជំនួយ ផ្នែក​ច្បាប់​។ ទន្ទឹម​ជាមួយគ្នានេះ លោកស្រី រ៉ូ ណា​ស្មី​ត ក៏​ផ្តល់​ជា​អនុសាសន៍​មួយ គួរតែ​ច្របាច់​បញ្ចូល​ជា​យន្តការ​តែមួយ​ទៅតាម​ច្រកចេញចូល​តែមួយ លើ​សេវា​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់ ។​

ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ទៅរក​សេវា​នេះ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ដើម្បី​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​លើ​សេវា​ផ្នែក​ច្បាប់​នេះ​តែម្តង​ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ពី​ការធ្វើ​ទំនើបកម្ម​គុណភាព​នៃ​សេវា ការផ្សព្វផ្សាយ​តម្លាភាព​នៃ​សេវា​យុត្តិធម៌​នៅតាម​តុលាការ​នៅ​ក​ម្ពូ​ជា​៕S/

​លោក អង្គ​វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក្នុងជំនួប​ជាមួយ​លោកស្រី​រ៉ូ​ណា ស្មី​ត​(Rhona Smith) នា​ព្រឹក​ថ្ងៃទី​២ ខែឧសភា​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ)លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​(​រូប​៖​ដេប៉ូ​)​