លោកស្រី​វេជ្ជបណ្ឌិត​ចិន​ម្នាក់​ធ្វើការ ១៨ ម៉ោង​រហូតដល់​ស្លាប់​

295

​វេជ្ជបណ្ឌិត​ស្រី​អាយុ ៤៣ ឆ្នាំ​ម្នាក់​មកពី​ខេត្ត​សាន​ស៊ី ប្រទេស​ចិន​បាន​ដួលសន្លប់​ហើយ​ស្លាប់ បន្ទាប់ពី​ធ្វើការ​ងារ​អស់​រយៈពេល ១៨ ម៉ោង​ដោយ​មិនបាន​សម្រាក​។​

​លោកស្រី ចាវ ពាន​ស៊័​ង អ្នកឯកទេស​ខាង​ជំងឺ​ផ្លូវដង្ហើម​បានធ្វើការ​វះកាត់​នៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃ​សុក្រ​ទី ២៩ ធ្នូ នៅពេលដែល​លោកស្រី​ដួល​នៅ​ចំពោះមុខ​អ្នកជំងឺ​និង​កូនស្រី​របស់​អ្នកជំងឺ នៅក្នុង​បន្ទប់វះកាត់​មួយ​។​

​វេ​ប​សាយ Sina Weibo បាន​រាយការណ៍​ថា លោកស្រី​ចាវ ដែលជា​អនុប្រធាននាយកដ្ឋាន​ឱសថ​ផ្លូវដង្ហើម បាន​ស្លាប់​ដោយសារ​ជំងឺស្ត្រូក​ឈ្មោះ Subarachnoid Hemorrhage (SAH) ដែលជា​ប្រភេទ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​លោកស្រី​ចាវ​បានធ្វើការ​តាំងពី​ម៉ោង ៦ ល្ងាច នៅ​យប់​មុន​នៅ​ថ្ងៃទី​២៨ ធ្នូ​។ បន្ទាប់ពី​ដល់​ម៉ោង​ប្តូរ​វេន​របស់​លោកស្រី​នៅ​ម៉ោង ១២ ថ្ងៃត្រង់​នៅ​ថ្ងៃ​បន្ទាប់ លោកស្រី​បាន​បន្តទៅ​ជួប​អ្នកជំងឺ​នៅក្នុង​មន្ទីរពេទ្យ រហូត​កើន​វេលា​ធ្វើការ​ដល់​ទៅ ១៨ ម៉ោង​នៅថ្ងៃនោះ​។​

​យោងតាម​សេចក្តីរាយការណ៍ ពាក្យសម្តី​ចុងក្រោយ​របស់លោក​ស្រី​ទៅកាន់​កូនស្រី​របស់​អ្នកជំងឺ​វ័យ​ចំណាស់​ម្នាក់​គឺ “​តើ​ម្តាយ​របស់​ក្មួយ​យ៉ាងម៉េច​ទៅហើយ​?” មុនពេល​ដួល​នៅ​ចំពោះមុខ​អ្នកជំងឺ​និង​កូនស្រី​នៅក្នុង​បន្ទប់វះកាត់​នោះ​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ចាវ ពាន​ស៊័​ង អ្នកឯកទេស​ខាង​ជំងឺ​ផ្លូវដង្ហើម ដួល​ស្លាប់​កាលពី​ថ្ងៃទី ២៩ ធ្នូ