លោកស្រី​អប់​ប្រា​នឹង​ផ្តល់ប្រាក់​១៣​លាន​ដុល្លារ​ដល់​សាកលវិទ្យាល័យ​ស្បែក​ខ្មៅ​

190
ចែករម្លែក

​លោកស្រី អប់​ប្រា វីន​ហ្វ្រេ និយាយថា លោកស្រី​បាន​ផ្តល់ប្រាក់​ចំនួន ១៣ លាន​ដុល្លារ​ដើម្បី​បង្កើន​អំណោយទាន​អាហារូបករណ៍​ដល់​សាកលវិទ្យាល័យ​ស្បែក​ខ្មៅ​ជា​ប្រវត្តិសាស្ត្រ​មួយ​។​

​លោកស្រី​វីន​ហ្វ្រេ​បានប្រកាស​ផែនការ​របស់គាត់​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​តុលា​នៅឯ​សាកលវិទ្យាល័យ Morehouse College ក្នុង​ទីក្រុង​អា​ត្ល​ង់​តា ដោយ​បន្ថែម​ពីលើ​ទឹកប្រាក់​ចំនួន ១២ លាន​ដុល្លារ ដែល​លោកស្រី​បានផ្តល់​ឱ្យ​សាកលវិទ្យាល័យ​ប្រុស​សុទ្ធ​នេះ​ក្នុង​ឆ្នាំ ១៩៨៩​។ លោកស្រី​បាន​ជួប​ជាមួយ​និស្សិត​ចំនួន ៤៧ នាក់​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​អាហារូបករណ៍​ដែលមាន​ស្រាប់​នេះ​។​

​ខណៈ​សំឡេង​ស្រែក​អបអរសាទរ​បាន​បន្លឺ​ឡើង​នៅក្នុង​វីដេអូ​មួយ​ដែល​ចេញផ្សាយ​ដោយ​សាកលវិទ្យាល័យ Morehouse លោកស្រី​វីន​ហ្វ្រេ​បាន​និយាយថា “​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ដែល​បានដឹងថា​វា​មាន​រយៈពេល ៣០ ឆ្នាំ​ហើយ​ចាប់តាំងពី​ខ្ញុំ​បាន​បរិច្ចាគ​ប្រាក់​ចំនួន ១២ លាន​ដុល្លារ​ឱ្យទៅ​សាកលវិទ្យាល័យ Morehouse ដូច្នេះ​ថ្ងៃនេះ ខ្ញុំ​ចង់​បន្ថែម ១៣ លាន​ដុល្លារ​ទៀត​ដល់​សាលា​”​។​

​លោក ដេវីត ថូ​ម៉ាស ប្រធាន​សាកលវិទ្យាល័យ Morehouse បាន​និយាយថា អំណោយទាន​របស់លោក​ស្រី​វីន​ហ្វ្រេ​បាន​ចំណាយ​ដើម្បី​អប់រំ​និស្សិត​ជិត ៦០០ នាក់​ក្នុង​រយៈពេល ៣ ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​សាកលវិទ្យាល័យ​បាន​ពិពណ៌នា​អំណោយ​នោះ​ថា​ជាការ​ភ្ញាក់ផ្អើល​។ កាលពី​ខែ​មុន លោកស្រី​វីន​ហ្វ្រី​ក៏បាន​បង្កើត​ការបរិច្ចាគ​ដល់​សាកលវិទ្យាល័យ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ផងដែ ដោយ​និយាយថា លោកស្រី​នឹង​ផ្តល់ប្រាក់​ជាង ១ លាន​ដុល្លារ​ដល់​មូលនិធិ United Negro College នៅឯ​កម្មវិធី​រៃអង្គាស​លុយ​នៅ​រដ្ឋ​ន័​រ​ខា​រ៉ូ​លី​ណា​។​

​សេចក្តីប្រកាស​របស់លោក​ស្រី​វីន​ហ្វ្រេ​បានកើត​ឡើង​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​សាកល​វិទ្យាល័យ Morehouse ដែលមាន​និស្សិត​ចំនួន ២.២០០ នាក់​បានប្រកាសថា​ខ្លួន​នឹងដាក់​ចេញ​នូវ​ថ្ងៃ​ឈប់សម្រាក​គ្មាន​ប្រាក់ខែ​សម្រាប់​បុគ្គលិកសាស្ត្រាចារ្យ​ចំនួន ៤១៥ នាក់​ហើយនឹង​បញ្ឈប់​ការរួមចំណែក​ប្រាក់​ចូលនិវត្តន៍​ចំនួន ៣​ភាគរយ​នៃ​ប្រាក់ខែ​បុគ្គលិក​។ ការងារ​ខ្លះ​ក៏​នឹងត្រូវ​លុបបំបាត់ចោល​ដែរ ដោយ​យកប្រាក់​សន្សំសំចៃ​ពី​រឿងនេះ​ចំនួន ៣ លាន​ដុល្លារ​ទៅ​ជួយ​ដល់​និស្សិត​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​វីន​ហ្វ្រេ​ជួយ​១៣​លាន​ដុល្លារ​ទៀត​ដល់​សាកលវិទ្យាល័យ Morehouse