លោកស្រី ជូ​លៀ រ៉ូបឺត រិះគន់​ការរើសអើង​អាយុ​នៅក្នុង​ហូលីវូដ​

1001
ចែករម្លែក

​លោកស្រី ជូ​លៀ រ៉ូបឺត (Julia Roberts) គិតថា ការរើសអើង​អាយុ​នៅក្នុង​ហូលីវូដ​គឺជា “​រឿង​ឆ្កួត​បំផុត​” ។​

​តារាភាពយន្ត​វ័យ ៥០ ឆ្នាំ​រូបនេះ​បាន​រិះគន់​គំនិត​ដែលថា​តារា​វ័យ​ចំណាស់​មិនគួរ​ត្រូវបាន​ផ្តល់​តួនាទី​សម្តែង​ក្នុង​ខ្សែភាពយន្ត​ទេ ហើយ​បាន​និយាយថា ខណៈដែល​លោកស្រី​អាច​រក្សា​អាជីព​ដ៏​កាក់កប​អស់​រយៈពេល ៣ ទសវត្សរ៍​មក​នោះ លោកស្រី​មិន​យល់ឃើញថា​លោកស្រី​មាន​លក្ខណៈ “​ពិសេស​” នោះទេ នៅពេល​និយាយ​អំពី​តារា​មាន​ទេព​កោ​ល​ស្យ​រាប់មិនអស់​នៅក្នុង​ហូលីវូដ​។​

​និយាយ​អំពី​ការរើសអើង​អាយុ​នៅក្នុង​ហូលីវូដ​ជាពិសេស​ចំពោះ​តារា​វ័យ​ចំណាស់ លោកស្រី​ជូ​លៀ​បាន​និយាយថា “​ខ្ញុំ​គិតថា​វា​ជា​រឿង​ឆ្កួត​បំផុត​។ នៅពេល​ឈានដល់​អាយុ​ចាស់ កណ្តឹង​ទូរស័ព្ទ​នឹង​រោទិ៍ ហើយ​ប្រាប់​អ្នក​ថា​ដល់ពេល​ហើយ ត្រឡប់​ទៅ​ដេក​ផ្ទះ​វិញ​ទៅ​។ វា​ពិតជា​ឆ្កួត​ណាស់ ហើយ​ខ្ញុំ​គិតថា​គ្មាន​នរណាម្នាក់​ជឿ​រឿងនេះ​ទេ​។ ខ្ញុំ​មិន​គិតថា​ខ្ញុំ​ជា​មនុស្ស​ពិសេស​ស្អី​នោះទេ​។ ខ្ញុំ​តែងតែ​មានសំណាង​ដែល​ខ្ញុំ​តែង​រកបាន​ការងារ​ដែ​ល​ខ្ញុំ​កំពុង​ស្វែងរក​។ ខ្ញុំ​មានន័យថា រយៈពេល ៣០ ឆ្នាំ​គឺជា​រយៈពេល​យូរណាស់ ហើយ​ខ្ញុំ​ពិតជា​ដឹងគុណ​និង​ពេញចិត្ត​ខ្លាំងណាស់​”​។​

​តារា​សម្តែង​ក្នុង​រឿង “Homecoming” រូបនេះ​ក៏បាន​និយាយ​ពី​គម្លាត​ប្រាក់ខែ​សម្រាប់​តារា​ទាំង​២​ភេទ​ផងដែរ ដោយ​និយាយថា ខណៈដែល​បញ្ហា​នៅតែមាន អ្វីៗ​កំពុង​កាន់តែ​ប្រសើរ​ឡើងជា​រៀងរាល់ថ្ងៃ​។​

​ដោយនិយាយ​ទៅកាន់​កាសែត i newspaper លោកស្រី​បាន​និយាយថា “​វា​ជា​រឿង​កំពុងតែ​កើតមានឡើង ដែល​យើង​ចង់ឱ្យ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​បាន​ដឹងឮ​។ ប៉ុន្តែ​ជា​រៀងរាល់ថ្ងៃ … ថ្ងៃនេះ​ខ្ញុំ​ដឹងថា​ក្របខ័ណ្ឌ​ជិះ​ស្គី​លើទឹក World Surfing League បានប្រកាសថា​ពួកគេ​នឹង​បើក​ប្រាក់ខែ​ស្មើគ្នា​សម្រាប់​កីឡាករ​និង​កីឡាការិនី​ជិះ​ស្គី​លើទឹក​។ ហើយ​ក្រុម Manchester United បាន​បង្កើត​ក្រុមបាល់ទាត់​ស្រី​នៅ​ឆ្នាំនេះ​។ ខ្ញុំ​គិតថា​មាន​កន្លែង​ផ្សេងទៀត​ដែល​មនុស្ស​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុងទិសដៅ​ត្រឹមត្រូវ​។ ដូច្នេះ​ប្រសិនបើ​វា​ត្រូវការ​ចំណាយពេល​វេលា​ប​ន្តិ​ច​នោះ យើង​ត្រូវ​ឱបក្រសោប​យក​វា ហើយ​រីករាយ​ចំពោះ​វា​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ជូ​លៀ រ៉ូបឺត
#