លោកស្រី ពោធិ​តី សាវត្ថី ស្នើ​ប្រមុខ​ដឹកនាំ CPP ឲ្យ​មេបក្ស​ទាំង​១៩ ចូល​សង្កេតការណ៍​ក្នុង​រដ្ឋសភា​

871
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោកស្រី ពោធិ​តី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ បានដាក់​លិខិត​ជា​ផ្លូវការ​ដាក់ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​សុំអោយ​បង្កើត​រដ្ឋសភា​ទំនើប​មួយ​។ ប៉ុន្តែ​ការស្នើសុំ​នេះ នៅ​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ​ទេ​។​

​យោងតាម​លិខិត​របស់​លោកស្រី ពោធិ​តី សាវត្ថី ចុះ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ បាន​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន បង្កើត​ឲ្យ​មាន​រដ្ឋសភា​ទំនើប​មួយ មាន​លក្ខណៈ​ដូចតទៅ​៖
​ក​. ក្នុង​សភា​នេះ ប្រធាន​គណបក្ស​ទាំង​១៩ គឺជា​អ្នកចូលរួម​សង្កេតការណ៍​ក្នុង​សភា រាល់ពេល​ប្រជុំ​សភា​។
​ខ​. អ្នក​ដែល​ចូលរួម​សង្កេតការណ៍​ក្នុងពេល​ប្រជុំ​សភា មិនមាន​សិទ្ធិ​តវ៉ា ឬ​មាន​យោបល់​ក្នុង​អង្គប្រជុំ​នោះទេ​។
​គ​. អ្នកសង្កេតការណ៍​ទាំង​១៩​គណបក្ស​មាន​សិទ្ធិ​សរសេរ​ញ្ញត្តិ​ក្នុងករណី​ដែល​អង្គប្រជុំ​សភា​បានអនុម័ត​ច្បាប់​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជា​​តិ ឬ​ដែលមាន​លក្ខណៈ​មិន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ដាក់ជូន​ព្រឹទ្ធសភា​ពិចារណា និង​សម្រេច​តែប៉ុណ្ណោះ​។​
​ឃ​. អំណឹះតទៅ ក្នុង​ប្រព័ន្ធ​នីតិបញ្ញត្តិ​កម្ពុជា នឹង​ពុំមាន​គណបក្សប្រឆាំង​ទៀតឡើយ គឺ​មានតែ​គណបក្ស​ដៃស្តាំ និង​ដៃ​ឆ្វេង​របស់​ជាតិ ដែល​សហការគ្នា​ក្នុង​ការបម្រើ​ប្រជារាស្ត្រ​ជា​ម្ចាស់​អំណាច​តែប៉ុណ្ណោះ នេះ​គឺជា​ការបង្រួបបង្រួម​ឲ្យ​ខ្មែរ ដែលមាន​និន្នាការ​នយោបាយ​ផ្សេងគ្នា មក​ស្ថិតនៅក្រោម​បុព្វហេតុ​ជាតិ​តែមួយ​៕