លោកស្រី ព្រី​យ៉ាន់​កា គ​ន្ធី ទាក់ទាញ​ហ្វូង​មហាជន​ច្រើន​កុះករ​អំឡុង​យុទ្ធនាការ​ដ៏​កក្រើក នៅមុន​ការបោះឆ្នោត​ដំណាក់កាល​បន្ទាប់​

700
ចែករម្លែក

​ជិះ​ពីលើ​ដំបូល​រថយន្ដក្រុង​តូច​មួយ​អមដោយ​ក្រុម​សន្ដិសុខ​ការពារ មេដឹកនាំ​បក្ស​សមាជ​លោកស្រី​ព្រី​យ៉ាន់​កា គ​ន្ធី វ៉ា​ដ្រា (Priyanka Gandhi Vadra) បាន​គ្រវី​ដៃ​ទៅកាន់​ហ្វូងមនុស្ស​ដែល​ប្រមូលផ្តុំ​គ្នា​នៅលើ​ផ្លូវ​តូចចង្អៀត​មួយ​នៅ​សង្កាត់​ស៊ី​ឡាំ​ពួ​ក្នុង​រដ្ឋធានី ញូ​វ​ដេលី​។​

​ប្រជាជន​ជាច្រើន​បាន​អើត​តាម​យ៉​ផ្ទះ​របស់​ពួកគេ​ដើម្បី​មើល​លោកស្រី​វ៉ា​ដ្រា​។ ដោយ​ស្លៀក​សា​រ៉ុង​ពណ៌​ក្រហម​ចាស់ លោកស្រី​ត្រូវបាន​បង្ហាញ​ជាមួយ​កម្រង​ផ្កាកូឡាប​ក្រហម​ដោយ​បុគ្គលិក​បក្ស​សា​មា​ជ ខណៈ​ក្បួន​ដង្ហែ​តាមផ្លូវ​ដើម្បី​គាំទ្រ​ដល់​បេក្ខជន​នៅ​ទីក្រុង​ញូ​វ​ដេលី​រួមទាំង​លោកស្រី សីឡា ឌី​ក​ស៊ីត (Sheila Dikshit) ធ្វើដំណើរ​យឺតៗ​ឆ្លងកាត់​ហ្វូងមនុស្ស​កាលពី​ថ្ងៃ​ពុធ ទី​៨ ឧសភា​។​

​លោកស្រី​បាន​និយាយ​តាម​ក្បាល​ម៉ៃ​ក្រូ​ហ្វូ​ន​ថា “​ខ្ញុំ​ជា​ក្មេងស្រី​ដេលី​ម្នាក់​។ គាត់ (​នាយករដ្ឋមន្ត្រី​ណារិន​ដ្រា ម៉ូ​ឌី​) ទើបតែ​មកដល់​ទីក្រុង​ញូ​វ​ដេលី​៥​ឆ្នាំមុន​ប៉ុណ្ណោះ​។ ខ្ញុំ​បានមក​ទីនេះ ៤៧ ឆ្នាំ​ហើយ​”​។​

​អ្នកគាំទ្រ​ជាច្រើន​នាក់​របស់​បក្ស​សមាជ​បាន​ស្រែក​ពាក្យស្លោក ខណៈ​លោកស្រី​បើក​ការ​វាយ​សំពង​លើ​គណបក្ស​កំពុងកាន់​អំណាច បា​រ៉ា​ធី​យ៉ា​ចា​ណា​តា (BJP) ដោយ​វាយប្រហារ​ធ្ងន់ៗ​ទៅលើ​លោក​ម៉ូ​ឌី​ចំពោះ​បរាជ័យ​របស់គាត់​ក្នុងការ​បង្កើត​ការងារ​និង​ការណែនាំ​របស់គាត់​នូវ​ពន្ធ​ទំនិញ​និង​សេវាកម្ម​ស្មុគស្មាញ​។​

​លោកស្រី​វ៉ា​ដ្រា​អាយុ ៤៧ ឆ្នាំ​គឺជា​ប្អូនស្រី​បង្កើត​របស់​ប្រធាន​បក្ស​សមាជ លោក​រ៉ា​ហ៊ុល គ​ន្ធី អាយុ ៤៨ ឆ្នាំ និង​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​នេ​រុ​-​គ​ន្ធី ដែលជា​វង្ស​ត្រកូល​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល ដែល​ធ្លាប់​ផ្តល់ឱ្យ​ឥណ្ឌា​នូវ​នាយករដ្ឋមន្ត្រី​បី​រូប​មកហើយ​។ សម្រាប់​អ្នកគាំទ្រ​បក្ស​សមាជ គ្រួសារ​នេ​រុ​-​គ​ន្ធី​ដ៏​មាន​ឥទ្ធិពល គឺ​នៅតែមាន​វេទមន្ត​។​

​ម្នាក់​ក្នុងចំណោម​អ្នកគាំទ្រ​ទាំងអស់នោះ ឈ្មោះ អា​ស្រា​ហ្វ អាយុ ៣៦ ឆ្នាំ​បាន​ឈរ​រង់ចាំ​ជាង​មួយ​ម៉ោង​ដើម្បី​មើល​លោកស្រី វ៉ា​ដ្រា ។​

​លោក​និយាយថា “​មាន​ថាមពល​ថ្មី​សម្រាប់​យុទ្ធនាការ​របស់​បក្ស​ស​មា​ជ​ហើយ​។ លោកស្រី​គឺជា​មុខមាត់​ថ្មី​ក្នុង​នយោបាយ​។ វា​ពិត​ជាមាន​អារម្មណ៍ល្អ​មែន​”​។​

​ការបោះឆ្នោត​ដំណាក់កាល​បន្ទាប់​នៅ​ឥណ្ឌា​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១២ ឧសភា​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​ព្រី​យ៉ាន់​កា គ​ន្ធី វ៉ា​ដ្រា អង្គុយ​លើដំបូល​ឡានក្រុង ដែល​ហែ​ឆ្លងកាត់​ហ្វូងមនុស្ស​នៅ​ទីក្រុង​ញូ​វ​ដេលី​កាលពី​ថ្ងៃទី​៨ ឧសភា