លោកស្រី មិថុនា ភូ​ថង ជំ​រុញឱ្យ​ពលរដ្ឋ ចាំបាច់​ទៅ​បោះឆ្នោត​ថ្ងៃទី​២៩ កក្កដា​កុំបី​ខាន​

1164
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​ជំរុញ​ឲ្យប្រជាពលរដ្ឋនៅក្នុង​ខេត្ត និង​ទូទាំងប្រទេស ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី ចាំបាច់​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ កក្កដា ខាងមុខ កុំបី​ខាន​។​

​ការ​ថ្លែង​របស់​លោកស្រី​អភិបាលខេត្ត​កោះកុង បែបនេះ ធ្វើឡើង​ក្នុង​ទិវា​ជាតិ នៃ​ការចងចាំ​របប​ប្រល័យពូជសាសន៍​លើកដំបូង ២០ ឧសភា ២០១៨ នៅ​សាល​មហោស្រព​ខេត្ត ដែលជា​ទិវា​ជាតិ​រំលឹក​ដល់​ការឈឺចាប់​អំឡុង ឧក្រិដ្ឋកម្ម​ដ៏​សែន​ឃោ​ឃៅ​បំផុត​នៅ​កម្ពុជា​។​

លោកស្រី មិថុនា ភូ​ថង បានលើកឡើង​បន្តថា ដើម្បី​គាំទ្រ​ការរក្សាបាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ប្រទេស​ឥតឈប់ឈរ ជាពិសេស​បេក្ខភាព​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នា​អាណ​តិ្ត​ទី​៦​បន្ត ពលរដ្ឋ​អ្នក​ខេត្តកោះកុង​សូម​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ មានតែ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ប៉ុណ្ណោះ ទើប​មាន​ស្ថិរភាព​សន្តិសុខ​ផ្នែក​នយោបាយ កំណើន​វិនិយោគទុន​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​រុងរឿង​ទៅមុខ​។​

​លោកស្រី​អភិបាលខេត្ត គូសបញ្ជាក់​ទៀតថា គ្មានអ្វី​ល្អប្រសើរ​ជាង​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​កម្ពុ​ជាស​ព្វ​ថ្ងៃនេះ​ទេ​។ បើ​ប្រៀបធៀប​នឹង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ គឺ​ពលរដ្ឋ​រងទុក្ខវេទនា​ទូទាំងប្រទេស និង​ស្លាប់​មនុស្ស​អស់​ជាង​៣​លាន​នាក់​។​

​ក្រោយ​ការអំពាវនាវ​របស់​អភិបាលខេត្ត​ស្រី្ត​ទី​១​កម្ពុជា លោក ជា សុខុម និង​អ្នក​មីង វង្ស សោភា ប្រជាពលរដ្ឋ បាន​សន្យាថា មិន​ធ្វើ​ឲ្យ​បាត់បង់​សិទ្ធិ​របស់​ពួកគេ​ឡើយ ដោយ​នឹង​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​កុំបី​អាក់ខាន​។

​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ មាន​គណបក្សនយោបាយ​សរុប​ទាំងអស់​១៥​ហើយ ដែល គ​.​ជ​.​ប ទទួលស្គាល់​ជា​ផ្លូវការ ដើម្បី​ឲ្យ​ចូលរួម​ក្នុងការ​បោះឆ្នោតជាតិ ជ្រើ​ង​តាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦​។ ជាក់ស្តែង ការចុះឈ្មោះ​គណបក្សនយោបាយ និង​បេក្ខភាព​សម្រាប់​ការបោះឆ្នោតជាតិ អាណត្តិ​ទី​៦​នេះ បាន​បិទ​បញ្ចប់​កាល​ថ្ងៃទី​១៤ ខែឧសភា​។
​គណបក្សនយោបាយ​ដែល​បាន​ចុះឈ្មោះ និង​ដាក់​បេក្ខភាព​ប្រកួតប្រជែង មាន​រហូតដល់​ទៅ​២០​គណបក្ស​។ បច្ចុប្បន្ន គ​.​ជ​.​ប កំពុង​បន្ត​ពិនិត្យ​លើ​ការចុះបញ្ជី​របស់​គណបក្ស​ចំនួន​៥​ផ្សេងទៀត​៕ ល​