លោកស្រី មិថុនា ភូ​ថង ណែ​នាំឱ្យ​អភិបាលរងក្រុង​ស្រុក​ចំនួន​៨​នាក់ កុំ​ព្រោះតែ​ប្រយោជន៍​បំផ្លាញ​សាមគ្គីភាព​

1515
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: អភិបាលខេត្ត​កោះកុង លោកស្រី មិថុនា ភូ​ថង បាន​ណែនាំ​ដល់​អភិបាលរងក្រុង​ស្រុក​ចំនួន​៨​នាក់ ដែល​ត្រូវបាន​ផ្ទេរ និង​ឡើងកាន់តំណែង​ថ្មី កុំ​ព្រោះតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើឱ្យ​បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង ដែលជា​ហេតុនាំឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​ន៍ស​ង្គ​ម​មូលដ្ឋាន​។​

​ការប្រកាស​យ៉ាង​ក្តែ​ងៗ​របស់លោក​ស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​នៅពេលនេះ ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ផ្លាស់ប្តូរ​ផ្ទេរ និង​ឡើងកាន់តំណែង​អភិបាលរងក្រុង​ស្រុក​ចំនួន​៨​នាក់ កាលពី​ថ្ងៃទី​៩ ខែឧសភា ដែល​ភាគច្រើន​ជា​យុវជន​វ័យក្មេង ដោយ​តម្រូវឱ្យ​មន្ត្រី​ទាំងនេះ ចាំបាច់​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ស្មោះត្រង់​នឹង​ប្រជាពលរដ្ឋ ពិសេស​មាន​ទំនួល​ខុសត្រូវ​លើ​តួនាទី​ភារកិច្ច​ការងារ ស្របតាម​គោលនយោបាយ​រដ្ឋាភិបាល​។

​អភិបាលខេត្ត​កោះកុង ក៏បាន​ពន្យល់ថា ក្រសួងមហាផ្ទៃ និង​រដ្ឋបាលខេត្ត បានផ្តល់​សេចក្តីទុកចិត្ត​លើ​សមត្ថភាព​មន្ត្រី​ដែល​ទើបនឹង​ទទួល​ភារកិច្ច​ថ្មី​។ ដូច្នេះ​ក្នុងនាម​ជា​អ្នក​បន្តវេន គប្បី​កសាង​ពង្រឹងគុណភាព​ចំណេះដឹង គុណភាព​ធម៌​ខ្ពស់ និង​បង្កើន​ការដកស្រង់​បទពិសោធន៍​ថ្មីៗ​ពី​មន្ត្រី​ចាស់ៗ ដោយ​មិនត្រូវ​បំផ្លាញ​សាមគ្គីភាព​រវាង​គ្នា​នឹង​គ្នា​ក្នុង​អង្គភាព ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះឡើយ​។​

​បន្ថែម​លើ​ការ​ដាស់តឿន លោកស្រី មិថុនា ភូ​ថង បាន​ព្រមាន​នៅ​ចំពោះមុខ​ក្រុម​មន្ត្រីក្រោមឱវាទ​ថា រាល់​មន្ត្រី​ប្រព្រឹត្ត​កំហុស នឹងរង​ការពិន័យ​តាមច្បាប់​រដ្ឋ ឬ​ពិនិត្យ​ដកតំណែង​តួនាទី​តាមរយៈ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ដោយ​ពុំ​បាច់​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ​នោះទេ ព្រោះ​ក្រសួង​បានធ្វើ​ប្រតិភូកម្ម​សិទ្ធិអំណាច​អោយ​ថ្នាក់​រដ្ឋបាលខេត្ត​សម្រេច​។​

​ចំណែកឯ​លោក ប៉ែន ប៊ុន​ឈួ​យ អភិបាលរងក្រុង​ខេមរភូមិន្ទ ដែល​ត្រូវ​ផ្ទេរ​ទៅកាន់​តំណែង​ជា​អភិបាលរង​ស្រុក​មណ្ឌលសីមា បាន​លើកឡើងថា លោក​ពេញ​ចិត្តនឹង​ការផ្លាស់ប្តូរ​តួនាទី​របស់លោក តាមច្បាប់​លក្ខខណ្ឌ​កំណត់​នៃ​អាណ​តិ្ត​មន្ត្រី បូករួម​ជាមួយនឹង​ការប្តេជ្ញាចិត្ត​អនុវត្ត​ការងារ​វិស័យ​ចម្បង​នៅ​ស្រុក​មណ្ឌលសីមា​។​

​លោក ប៊ុន​ឈួ​យ ក៏បាន​ត្រៀមលក្ខណៈ​រួចរាល់ មុននឹង​ទៅ​អនុវត្ត​ការងារ​ជា​អភិបាលរង​ស្រុក​មណ្ឌលសីមា ដោយ​ពង្រឹង​វិស័យ​រដ្ឋបាល​សាធារណៈ និង​ការគ្រប់គ្រង​សំណង់​រឹង​រាវ​ក្នុង​មូលដ្ឋាន គ្រា​ស្រុក​នេះ​ពុំទាន់​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម រីឯ​សកម្មភាព​ទុកដាក់​សំរាម​ក៏​មិនទាន់​ល្អប្រសើរ​ដែរ​។​

​ការតាំង​តែង​មន្ត្រី​វ័យក្មេង​ជា​អភិបាលរង​ស្រុក​មណ្ឌលសីមា​រូបនេះ មើលឃើញថា ជា​សញ្ញា​វិជ្ជា​មាន​មួយ សម្រាប់​ផ្តល់ឱកាស​ដល់​យុវជន​ដែលមាន​សមត្ថភាព​ដឹកនាំ​បន្ត ប៉ុន្តែ​ទោះយ៉ាងណា លោក​ស្នើឱ្យ​អភិបាលរង​ទាំង នោះ​គួរតែ​បង្កើន​ចំណេះដឹង បទពិសោធន៍​គ្រប់គ្រង​ការងាររដ្ឋបាល​អោយ​ខ្លាំងក្លា​បន្ថែម​។​

​គួរ​ជម្រាប​ថា ការផ្ទេរ​ផ្លាស់ប្តូរ​អភិបាលរងក្រុង​ស្រុក​ក្នុង​មូលដ្ឋាន​ខេត្តកោះកុង អនុវត្ត​ទៅតាម​ប្រកាស​ការសម្រេច​មាន​ជា​ហត្ថ​លេខ​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៣០ មេសា ឆ្នាំ​២០១៨​កន្លងទៅ ក្រោយពី​អភិបាល​ខេត្តកោះកុង ស្នើសុំ​តម្លើង​តួនាទី​មន្ត្រី និង​ផ្លាស់ប្តូរ​ចាស់​ទៅកាន់​តែ​ស្រុក​ដទៃ​៕ ល​