លោកស្រី មិថុនា ភូ​ថង ប្រាប់​ឱ្យ​ពលរដ្ឋ​ហ៊ាន​ផ្តល់ព័ត៌មាន ករណី​មាន​បទល្មើស​កាប់​ព្រៃឈើ​

845
ចែករម្លែក
  • 121
    Shares

​ដោយ​: សុ​ផានី​តា / កោះកុង​: លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​ជំរុញ​ឱ្យ​ពលរដ្ឋ និង​ស្ថាប័ន​ភាគី​ពាក់ព័ន្ធ​ទូទាំង​ខេត្ត​ទាំងអស់ ត្រូវ​ហ៊ាន​រាយការណ៍​ផ្តល់ព័ត៌មាន​អោយបាន​ច្បាស់លាស់ និង​ទាន់ពេលវេលា​មកកាន់​អាជ្ញាធរខេត្ត ករណី​ដឹងថា មាន​សកម្មភាព​បទល្មើស​កាប់​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​ការពារ​។​

​ព្រៃឈើ គឺមាន​សារៈប្រយោជន៍​ខ្លាំងណាស់ លើ​ការជួយ​ទប់ស្កាត់​បាតុភូត​បម្រែបម្រួល​គ្រោះធម្មជាតិ និង​ជា​ជ​ម្រាក​សត្វ​រុក្ខជាតិ​ជីវចម្រុះ​គ្រប់​ប្រភេទ​។ ដូច្នេះ សូមឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ព្រៃឈើ​ទាំងអស់គ្នា​ជាមួយ​អាជ្ញាធរ និង​មន្ទីរ​គ្រប់​វិស័យ​ពាក់ព័ន្ធ គឺអាច​ទប់ស្កាត់ ឬ​បង្ក្រាប​ជនខិលខូច​មួយចំនួន​ដែលមាន​បំណង​កាប់ និង​ទន្ទ្រាន​យក​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​

​នេះ​ជាការ​អំពាវនាវ​ពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស ត្រូវបាន​សាធារណជន​មើលឃើញថា ជា​លើកដំបូង​ហើយ ក្រោយ​ឡើងកាន់តំណែង​ជា​អភិបាល​ខេត្តកោះកុង​ជាង​១​ឆ្នាំ​របស់​លោកស្រី មិថុនា ភូ​ថង ក្នុង​ពិធី​ប្រារព្ធ​ពិធី​រុក្ខទិវា កាលពី​ថ្ងៃទី​៩ សីហា នៅ​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ​។
​លោកស្រី​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​អង្គការ​ដៃគូ ចាំបាច់​ចុះ​ពិនិត្យ​តាមដាន​ជាប្រចាំ ក្នុង​តំបន់​ដែន​សមត្ថកិច្ច​របស់ខ្លួន​គ្រប់គ្រង​ការពារ ដើម្បី​ថែរក្សា​ព្រៃឈើ​បាន​គង់វង្ស ជៀសវាង​ការខ្វះចន្លោះ​ណាមួយ​។ ជាក់ស្តែង ការចូលរួម​ដាំ​ដើមឈើ​ឡើងវិញ ឆ្លើយតប​នឹង​គោលនយោបាយ​វិស័យ​ព្រៃឈើ​របស់​រដ្ឋាភិបាល ក្នុង​គោលបំនង​បង្កើត​គម្រប​ព្រៃឈើ​បៃតង និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សោ​ភ័​ណ្ឌ​ភាព​ធម្មជាតិ​បរិស្ថាន​។​

​ចំពោះ​កិច្ចការ​ថែរក្សា​ការពារ​ព្រៃឈើ​នេះដែរ លោក អ៊ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកោះកុង បាន​អះអាងថា លោក និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត តែង​យកចិត្តទុកដាក់​ទប់ស្កាត់ និង​បង្ក្រាប​រាល់ បទ​ល្មើ​ល​កាប់​ព្រៃឈើ​ដែល​កើតមាន​ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​។ ករណី​ពិនិត្យ​រកឃើញថា មាន​បទល្មើស​កាប់ ព្រៃឈើ​មែន​នោះ គឺ​នឹង​បង្ក្រាប​បញ្ចូនទៅ​តុលាការ​អនុវត្ត​តាមច្បាប់​កំណត់​។​

​បច្ចុប្បន្ន ខេត្តកោះកុង ផ្ទៃដី​ព្រៃឈើ​មួយចំនួន ត្រូវបាន​ទទួលរង​ការ​រុករាន ដុត ឈូសឆាយ​រំលោភ​យក​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​អស់​ជាច្រើន​កន្លែង​បណ្តាលឱ្យ​បាត់បង់​ផ្ទៃដី​ព្រៃឈើ​។ បើតាម​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង បទល្មើស​កាប់​ព្រៃ​លិច​ទឹក ភាគច្រើន​កើតមាន​នៅក្នុង​ស្រុក​កោះកុង និង​ស្រុក​ថ្មបាំង​។ ហើយ​សកម្មភាព​កាប់​ទន្ទ្រាន​យក​ដី​នៅ​ទីនោះ ពុំមាន​ជា​ក្រុមហ៊ុន​ទេ ពោលគឺ​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ការយល់ដឹង​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​រំលោភ​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​។​

​ជាក់ស្តែង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ព្រៃឈើ​ពិនិត្យឃើញថា ពុំទាន់​មាន​សំណុំរឿង​បទល្មើស​កាប់​ឈើ​ធំៗ កើតមាន​នោ​ទេ ពោលគឺ​មានតែ​បទ​ល្មើ​ល​កាប់​ដី​ឈើ លិច​ទឹក​ទន្ទ្រាន​យក​ដី​ខុសច្បាប់​ប៉ុណ្ណោះ​។ ទោះយ៉ាងណា អាជ្ញាធរ​អាច​ទប់ស្កាត់ និង​បង្ក្រាបបាន​ទាន់ពេលវេលា​យ៉ាងណាក្តី​៕ ល​