លោកស្រី មូរ សុខ​ហួរ ត្រូវបាន​អាជ្ញាធរ​ហាមឃាត់​មិនឲ្យ​ចូល​ប្រទេស​ថៃ​

400
ចែករម្លែក
លោកស្រី មូរ សុខ​ហួរ ត្រូវបាន​អាជ្ញាធរ​ហាមឃាត់​មិន​ចូល​ប្រទេស​ថៃ​((រូបឯកសាេ)

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​នៃ​ក្រុម​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ត្រូវបាន​នគរបាល​អ​ន្តោ​ប្រវេសន៍​ថៃ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល ដោយសារ​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ ដែល​សមត្ថកិច្ច​កម្ពុជា​ស្នើ​ឲ្យ​ហាមឃាត់​។​ចំណែកលោកស្រីមូរសុខហួរបានទទួលស្គាល់ថានេះជាការពិតមែន។


​ ​លោកស្រី មូរ សុខ​ហួរ រួមទាំង​មន្ត្រី​របស់ខ្លួន​មួយចំនួន​បានធ្វើ​ដំណើរ​ពី​សហរដ្ឋ​អាម៉េរិក មកកាន់​តំបន់​អាស៊ី ជាពិសេស​ចង់​ចូលក្នុង​ប្រទេស​ថៃ ដើម្បី​ជួប​ជាមួយ​សមាជិក​របស់ខ្លួន និង​ជួប​ជាមួយ​ពលករ​ខ្មែរ ក្នុង​គោលបំណង​អូសទាញ​ពលករ​ឲ្យ​ចូលរួម​អមដំណើរ​ទណ្ឌិត សម រង្ស៊ី ក្នុង​ការវិល​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​
​បើ​យោងតាម​ប្រភព​ច្បាស់​ការណ៍​បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២២ ខែតុលា ថា កាលពី​ថ្ងៃ​២០ ខែតុលា ឆ្នាំ​២០១៩ លោកស្រី មួរ សុខ​ហួរ បានចេញ​ដំណើរ​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ម៉ោង​០៣:០៤​រសៀល នាទី តាម​ជើងយន្តហោះ MH782 មកដល់​ទីក្រុង​បាងកក ម៉ោង​៤:៣៤ រសៀល​។ ពេលមកដល់​ប៉ុស្តិ៍​ត្រួតពិនិត្យ នគរបាល​អន្តោប្រវេសន៍​ថៃ​បាន​ហាមឃាត់​មិន​អោយចូល ដោយសារ​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ ដែល​សមត្ថកិច្ច​កម្ពុជា​ស្នើ​ឲ្យ​ហាមឃាត់​។ សមត្ថកិច្ច​ថៃ​ក៏បាន​ចារ​ពាក្យ​ហាមឃាត់​មិន​ឲ្យ​ចូល​លើ​លិខិតឆ្លងដែន​របស់​ឈ្មោះ មួរ សុខ​ហួរ​។
​ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​អាជ្ញាធរ​ថៃ​ហាម​មិន​ឲ្យ​ចូល លោក​មួរ សុខ​ហួរ បាន​ចាក​ចេញពី​ថៃ ទៅ​ម៉ាឡេស៊ី​វិញ នៅ​ម៉ោង ៨:១០​នាទី​យប់ តាម​ជើងហោះហើរ MH781​។​


​គួរ​បញ្ជាក់ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្ហាញថា ជន​ប្រាំបួន​នាក់ កំពុង​រស់នៅ​ក្រៅប្រទេស ត្រូវបាន​ចោទប្រកាន់​ពីបទ “​ឧបឃាត​” ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី ១៥ ទៅ ៣០​ឆ្នាំ រួមមានៈ ១. ឈ្មោះ សម រង្ស៊ី ២. ឈ្មោះ អេង​ឆៃអ៊ាង ៣. ឈ្មោះ មូរ សុខ​ហួរ ៤. ឈ្មោះ ម៉ែន សុថា​វរិ​ន្ទ្រ ៥. ឈ្មោះ ហូរ វ៉ាន់ ៦. ឈ្មោះ ឡុង រី ៧. ឈ្មោះ ជូ​ឡុង ស៊ូ​ម៉ូ​រ៉ា ៨. ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ និង​៩. ឈ្មោះ នុត រំដួល​។​
​សូម​រម្លឹកថា មនុស្ស​ប្រមាណ​ជិត ៥០​នាក់ ដែលមាន​ឈ្មោះ​ត្រូវបាន​ចោទប្រកាន់ និង​មាន​ដីកាចាប់ខ្លួន​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក ដើម្បី​កៀងគរ និង​បំផុស​ឲ្យ​មហាជន ចូលរួម​ក្នុង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។ ការលើកឡើង​ទាំងនេះ ជា​ឧបាយកល ដើម្បី​គាំទ្រ​ដល់​ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី ដោយ​អនុវត្តតាម​ការអំពាវនាវ​របស់​ឧក្រិដ្ឋជន សមរង្ស៊ី ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​គាំទ្រ​ការវិលត្រឡប់​របស់​ទ​ណ្ឌិ​ត សម រង្ស៊ី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​


​សេចក្តីប្រកាស​របស់​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ខេត្ត បាន​បញ្ជាក់ថា អ្នកពាក់ព័ន្ធ​នឹង​ការគាំទ្រ ឬ​ចូលរួម​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​ត្រូវ​ប្រឈម នឹង​ការចោទប្រកាន់ បញ្ជូនទៅ​តុលាការ កាត់ទោស​តាមច្បាប់ ពីបទ រួមគំនិត​ក្បត់ ដែលមាន​ទោស​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ លើកលែងតែ​អ្នកពាក់ព័ន្ធ​ទាំងនោះ ចូលមក​សារភាព​ទាន់ពេលវេលា ដែល​អាច​នឹងត្រូវ​លើកលែង​ឲ្យ​រួច​ពី​ទោស តាម​ប្បញ្ញត្តិ​ពិសេស នៃ​មាត្រា ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​៕សរន