លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ប្រេះ​ឆ្អឹង​ដៃ នៅ​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌា​

1300
ចែករម្លែក

​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នេះ ប្រេះ​ឆ្អឹង​ដៃ​ក្នុងអំឡុង​ដំណើរ​ទស្សន កិច្ច​នៅ​ប្រទេស​ឥណ្ឌា ។​តាម​​សេចក្តីរាយការណ៍​ថា លោកស្រី បាន​ដើរ​រអិល​ជើង​ដួល​នៅ​កន្លែង​អាង​ងូតទឹក​នៅ​សណ្ឋាគារ​ប្រណិត​មួយ​នៅ​អតីត​ព្រះរាជវាំង​។​

​វេជ្ជបណ្ឌិត​ម្នាក់​នៅ​ឯម​ន្ទីរ​ពេទ្យ​Goyal បាន​ប្រាប់ សារព័ត៌មាន​AFP កាលពី​ថ្ងៃ​សុក្រ​ថា លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បាន​ឆ្លង​​កាត់​ការ​ស្គែ​ន​ពិនិត្យមើល បន្ទាប់ពី​ទទួលរង​ការឈឺចាប់​នៅ​ដៃស្តាំ​របស់លោក​ស្រី​បន្ទាប់ពី​រអិលដួល​។​

​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន អតីត​បេក្ខជន​ប្រធានាធិបតី​វ័យ​៧០ ឆ្នាំ​រូបនេះ បាន​កំពុងស្នាក់នៅ​អតីត​ព្រះរាជវាំង Umaid Bhawan ​នៅ រដ្ឋ​Rajasthan ដែល​ឥឡូវនេះ​វា​ក្លាយជា​កន្លែង​សណ្ឋាគារ​បេតិកភណ្ឌ​ដ៏​អស្ចារ្យ​។​

​វេជ្ជបណ្ឌិត​ម្នាក់​បាន​និយាយថា « យើង​បានធ្វើការ​ពិនិត្យមើល​ដៃ​របស់​លោកស្រី ដោយ​ថត​ស្គែ​ន​និង​ឆ្លុះ​កាំរស្មីអ៊ិច ហើយ​បាន​រកឃើញ​ប្រេះ​​ឆ្អឹងកដៃ​។ លោកស្រី​ត្រូវបាន​ណែ​នាំឱ្យ​សម្រាក​ពីរ​បី​ថ្ងៃ​»​។​

​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​ទៅ​ប្រទេស​ឥណ្ឌា​ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ What Happened​របស់លោក​ស្រី ដែល​និយាយ​អំពី​រឿងរ៉ាវ​របស់​​លោកស្រី​ដែល​បាន​ចាញ់​ការបោះឆ្នោត​ប្រធានាធិបតី​២០១៦ ទៅលើ លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ៕​ដោយ​៖​សុខា​


​ដៃស្តាំ​របស់លោក​ស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ត្រូវបាន​គេ​ឃើញ​គ្របពីលើ​ដោយ​កន្សែង​រំ​ក