លោកស្រី អប់​ប្រា វីន​ហ្វ្រេ ទទូច​ម្តង​ទៀតថា លោកស្រី​មិន​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក​ទេ​

1045
ចែករម្លែក
  • 10
    Shares

​លោកស្រី អប់​ប្រា វីន​ហ្វ្រេ បាន​និយាយថា លោកស្រី​មិន​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក​ទេ ដោយ​និយាយថា វា​នឹង “​សម្លាប់​” លោកស្រី នៅពេល​លោកស្រី​គូសបញ្ជាក់​អំពី​ការរំពឹងទុក​ថា​គាត់​នឹង​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០២០​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនា​វ​ដ្តី​អង់គ្លេស Vogue តារា​សម្តែង​និង​ផលិតករ​រូបនេះ​បានបញ្ជាក់​ម្តងទៀត​អំពី​ប្រធានបទ​នេះ បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ចោទសួរ​ថា​តើ​លោកស្រី​នឹង​សម្លឹងមើល​តំណែង​នៅ​សេត​វិមាន​ឬ​យ៉ាងណា បន្ទាប់ពី​សុន្ទរកថា​ដ៏​រំជើបរំជួល​នៅ​ពិធី​ប្រគល់​ពានរង្វាន់ Golden Globe នៅ​ឆ្នាំនេះ​។​

​លោកស្រី​វីន​ហ្វ្រេ​បាន​ប្រាប់​ទស្សនាវដ្ដី​នេះ​ថា “​នៅក្នុង​រឿង​នយោបាយ រាល់​រឿង​មិន​ពិត រឿង​មិនបានការ រឿង​បង្កាច់បង្ខូច រឿង​គួរឱ្យ​ខ្ពើម និង​រឿង​អេចអូច​ពីក្រោយ​ខ្នង ដែល​កំពុង​កើតឡើង ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​រស់​ទេ​។ ខ្ញុំ​មិនអាច​ធ្វើ​វា​បានទេ​។ វា​មិនមែនជា​ការងារ​ស្អាតស្អំ​ទេ​។ វា​នឹង​សម្លាប់​ខ្ញុំ​”​។​

​លោកស្រី​វីន​ហ្វ្រេ​ទទួលបាន​ការអបអរ​សាទរ​យ៉ាងខ្លាំង​នៅពេល​លោកស្រី​ឡើង​និយាយ​គាំទ្រ​ដល់​ជនរងគ្រោះ​នៃ​អំពើ​បៀតបៀន​ផ្លូវភេទ​នៅក្នុង​សុន្ទរកថា​ទទួល​ពានរង្វាន់ Globe Globe សម្រាប់​សមិទ្ធផល​ពេញ​មួយជីវិត ដែល​ក្នុងនោះ​លោកស្រី​បាន​សរសើរ​ស្ត្រី ដែល​ហ៊ាន​លាតត្រដាង​អំពី​ការរំលោភបំពាន​និង​បៀតបៀន​ផ្លូវភេទ នៅក្នុង​ហូលីវូដ​និង​នៅ​កន្លែង​ផ្សេងទៀត​។ ការណ៍​នេះ​បានធ្វើឱ្យ​មជ្ឈដ្ឋាន​ទូទៅ​ជឿថា លោកស្រី​ច្បាស់​ជា​នឹង​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ ២០២០ ជាក់​ជាមិនខាន​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី អប់​ប្រា វីន​ហ្វ្រេ