លោកស្រី អោ​ង សាន​សូ​ជី​បាន​អញ្ជើញ​មកដល់​កម្ពុជា​

478
ចែករម្លែក
លោកស្រី អោ​ង សាន​សូ​ជី​បាន​អញ្ជើញ​មកដល់​កម្ពុជា​(រូបហ្វេសប៊ុក)

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញៈ លោកស្រី អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បាន​អញ្ជើញ​មកដល់​កម្ពុជា​ហើយ​នៅ​ម៉ោង​បួន​រសៀល​ថ្ងៃទី​២៩ ខែមេសា នេះ​តាម​យន្តហោះ​ពិសេស​។​។​
​លោកស្រី​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​កម្ពុជា ពីថ្ងៃ​ទី​២៩ ខែមេសា ដល់​ថ្ងៃទី​១ ខែឧសភា​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​


​តាម​កម្មវិធី​ដែល​គ្រោងទុក​គឺ​នៅ​ថ្ងៃទី​៣០ ខែមេសា វេលា​ម៉ោង ៨:៣០ ព្រឹក លោកស្រី អោ​ង សាន​ស៊ូ​ជី អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ​។ បន្ទាប់មក​លោកស្រី​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​។ គោរព​ដាក់​កម្រងផ្កា​រួច លោកស្រី​អញ្ជើញ​ទៅ​វិមាន​សន្តិភាព​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​បន្ទាប់ពី​ជំនួប​ចប់​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន លោកស្រី​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​វិមាន​រដ្ឋសភា​។​នៅវេលា​ម៉ោង​៣​រសៀល លោកស្រី អោ​ង សាន​ស៊ូ​ជី ជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៅ​វិមាន​ព្រឹទ្ធសភា​។​


​នៅវេលា​ម៉ោង ៤​រសៀល លោកស្រី អោ​ង សាន​ស៊ូ​ជី ចូល​ថ្វាយ​ក្រាបថ្វាយបង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ បន្ទាប់មក​ចូល​ក្រាបថ្វាយបង្គំ​គាល់​សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​។​
​នៅ​ថ្ងៃទី​១ ខែឧសភា លោកស្រី អោ​ង សាន​ស៊ូ​ជី អញ្ជើញ​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ខេត្តសៀមរាប តាម​យន្តហោះ​ពិសេស ដើម្បី​ទស្សនា​បា​សាទ​អង្គរវត្ត និង​ប្រាសាទបាយ័ន​។ បន្ទាប់ពី​ទស្សនា​រួច លោកស្រី​មាតុភូមិនិវត្តន៍​ពី​ខេត្តសៀមរាប​៕​សរន​

#