លោកស្រី អោ​ង សាន​ស៊ូ​ជី នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ ពីថ្ងៃ​ទី​២៩ ខែមេសា​-១​ឧសភា​

260
ចែករម្លែក
លោកស្រី អោ​ង សាន​ស៊ូ​ជី នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ពីថ្ងៃ​ទី​២៩ ខែមេសា​-១​ឧសភា​(រូបឯកសារ)

ដោយៈ មុនី​រ័ត្ន​/ ​ភ្នំពេញៈ តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា លោកស្រី អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋនៃសាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការនៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី២៩ ខែមេសា ដល់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៩ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែមេសា​។​


​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ ​លោកស្រី អោ​ង សាន​ស៊ូ​ជី នឹង​ចូល​បង្គំ​គាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច ព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល នៅក្នុង​ព្រះបរមរាជវាំង ។​

លោកស្រីអោងសានស៊ូជី(រូបឯកសារ)


​លោកស្រី អោ​ង សាន​ស៊ូ​ជី ក៏​នឹង​ចូលជួប​សម្តែង​ការគួរ​សមជា​បន្តបន្ទាប់ ជាមួយ​
​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។ លោកស្រីនឹងមាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​លោកស្រី​ប្រឹក្សា​រដ្ឋ នឹង​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមានឯករាជ្យ និង​ព្រះ​មណ្ឌប​ព្រះ​បរម​រតន​កោដ្ឋ អតីតព្រះមហាក្សត្រ​កម្ពុ​ជា​។ នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច លោកស្រីនឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​មួយចំនួននៅ​ខេត្តសៀមរាប​។​


​ក្រសួងការបរទេស​បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោកស្រី អោ​ង សាន​ស៊ូ​ជី នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ពង្រឹងនិង​ពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ព្រមទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ពហុភាគី ៕សរន/Ha