លោកហ៊ុន ម៉ាណែត : សន្តិភាព-សិទ្ធិសេរីភាព មានតម្លៃគ្រប់ពេលវេលា

102
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ លោកហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ ថា សន្តិភាព និងសិទ្ធិសេរីភាព មានតម្លៃគ្រប់ពេលវេលា ប៉ុន្តែវាចាប់ផ្តើមមានតម្លៃបំផុតពេលដែលវាបាត់ទៅ ដូចបទពិសោធន៍ដែលប្រជាជនខ្មែរយើងធ្លាប់ឆ្លងកាត់រួចមកហើយនៅក្នុងដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រកម្ពុជា ដូចសម័យសង្គ្រាមឆ្នាំ១៩៧០ និងរបបប៉ុលពត។ ដូច្នេះសូមបន្តរួមគ្នាថែរក្សាសន្តិភាពកុំឱ្យបាត់បង់ សំខាន់គឺការចូលរួមរបស់ប្រជាពលរដ្ឋ។

ការថ្លែងបញ្ជាក់នេះ ក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តចតុភក្ត្រាមង្គលឧត្តមមុនី ហៅវត្តហារាម ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។

លោកហ៊ុន ម៉ាណែត ក៏បានសូមអរគុណចំពោះការជឿទុក និងគាំទ្ររាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ ដោយប្រជាពលរដ្ឋទូទាំងបានចូលរួមក្នុងការបោះឆ្នោតកុះករ ជាការអនុវត្តសិទ្ធិក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដើម្បីការពារផលប្រយោជន៍របស់យើង, ការពារសេចក្តីសុខ តាមរយៈការជ្រើសរើសមេដឹកនាំល្អសម្រាប់ប្រទេសជាតិ។ សូមបន្តធ្វើបុណ្យកុសលរួមគ្នាជាមួយសម្តេចតេជោ, ផ្តល់ឱកាសជូនសម្តេចបន្តដឹកនាំប្រទេស ដើម្បីបន្តបម្រើប្រជាពលរដ្ឋ, ធ្វើបុណ្យកុសលជាមួយប្រជាពលរដ្ឋ, ដើរនាំមុខប្រជាពលរដ្ឋ និងរួមគ្នាកសាងអភិវឌ្ឍប្រទេសតទៅមុខទៀត។

លោកបានបញ្ជាក់ថា “ ពាក្យ “អភិវឌ្ឍន៍” ប្រែប្រួលទៅតាមប្រទេស និងរបបនយោបាយនីមួយៗ។ របបខ្លះផ្តោតទៅលើការធ្វើឱ្យរដ្ឋរឹងមាំ របបប៉ុលពតធ្វើឱ្យអង្គការរឹងមាំ ប៉ុន្តែប្រជាជនលំបាកវេទនា។ នៅក្រោយឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលយើងបានខិតខំកសាងប្រទេស និងផ្តោតលើប្រជាជន ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពមានល្អប្រសើរ តាមរយៈឱកាសរស់រានមានជីវិត ចាកផុតពីសង្គ្រាម ហើយទទួលបានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ទាំងការថែទាំសុខភាព ការសិក្សារៀនសូត្រ ការទទួលបានការងារធ្វើ និងការតម្លើងប្រាក់បៀវត្សរ៍ ការប្រកបរបររកទទួលទាន និងការប្រតិបត្តិសាសនា ប្រកបដោយភាពសុខដុមរមនា និងសុភមង្គល ” ។

លោកបានលើកឡើងថា ដំណើរការនៃការកសាងទីរាមនេះ បានឆ្លងកាត់ការខិតខំប្រឹងប្រែងជាច្រើនពីមួយជំនាន់ទៅមួយជំនាន់ ប៉ុន្តែត្រូវរងការអាក់ខាននិងបំផ្លិចបំផ្លាញនៅក្នុងសម័យសង្គ្រាម និងរបបប៉ុលពត ហើយដែលត្រូវចាប់ផ្តើមកសាងឡើងវិញនៅក្រោយឆ្នាំ១៩៧៩ ដោយរហូតមកដល់ពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍរីកចម្រើនជាច្រើន ជាពិសេសដោយមានការចូលរួមរបស់ប្រជាពលរដ្ឋយើង ដែលលទ្ធភាពចូលរួមចែករំលែកច្រើន តាមគ្រប់រូបភាពទាំងធនធានកម្លាំងកាយចិត្ត ស្របតាមនិន្នាការនៃការរីក​ចម្រើនរបស់ប្រទេសជាតិយើង។ ការចូលរួមនេះ មិនបង្ហាញតែទំហំធនធានប៉ុណ្ណោះទេ ប៉ុន្តែទំហំទឹកចិត្ត និងឱកាសនៃការរួមគ្នាធ្វើអំពើបុណ្យកុសលក្រោមម្លប់នៃភាពសុខសាន្ត និងសុខសន្តិភាព។ បុព្វបុរសខ្មែរយើងដែលបានចាប់ផ្តើមកសាងវត្តនេះ ក៏រីករាយផងដែរ នៅពេលឃើញកូនចៅជំនាន់ក្រោយចេះរួមគ្នាបន្តកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យបែបនេះ ដែលជាតំណាងនូវកម្លាំងជាតិខ្មែរយើង ខ្មែរត្រូវតែជួយខ្មែរ។

វត្តអារាម មិនត្រឹមជាកន្លែងប្រតិបត្តិធម៌នោះទេ ប៉ុន្តែជាកន្លែងផ្តើមនៃការចូលរួមចំណែកនៅក្នុងការគ្រប់គ្រងប្រទេស, គ្រប់គ្រងគ្រួសារ ព្រោះព្រះធម៌ក្នុងព្រះពុទ្ធសាសនា គឺជាការអប់រំប្រៀនប្រដៅឱ្យមានគុណធម៌, សីលធម៌, ចេះរស់នៅដោយការគោរពគ្នា, ចេះធ្វើអំពើបុណ្យកុសល ហើយក៏ជាមជ្ឈមណ្ឌលនៃការផ្សព្វផ្សាយបន្តទៅក្នុងសង្គម ចូលរួមចំណែកទប់ស្កាត់អំពើហិង្សា អំពើអសីលធម៌ និងខុសច្បាប់នានា ធានាបាននូវសង្គមមួយប្រកបដោយសុខសន្តិភាព។

ជាមួយគ្នានេះ លោកហ៊ុន ម៉ាណែត ក៏បានអរគុណអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌដង្កោ សមត្ថកិច្ចគ្រប់ស្ថាប័ន គ្រប់ជំនាញ ដែលតែងបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋក្នុងគ្រប់វិស័យ តាមគោលការណ៍របស់រាជរដ្ឋាភិបាល។ ខណ្ឌដង្កោ មិនមែនប្តូរតែឈ្មោះនោះទេ គឺប្តូរទាំងមុខមាត់, ទាំងការរីកចម្រើន, ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សាលារៀន ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពល្អជាលំដាប់។

នេះហើយ គឺអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្ត្រីចង់បាន គឺមន្ត្រីជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយ។ សំខាន់ផងដែរ ក៏សូមអរគុណប្រជាពលរដ្ឋ ដែលខិតខំខ្នះខ្នែងចូលរួមសហការទាំងនៅក្នុងដំណើរការនៃការកសាងអភិវឌ្ឍគ្រួសារ និងសង្គមជាតិ ក៏ដូចជាការចូលរួមថែរក្សាសុខសន្តិភាពជាតិ។ ទន្ទឹមនឹងនេះ យុវជនកម្ពុជាយើងជាច្រើន ក៏បានខិតខំចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ដោយប្រមូលផ្តុំចលនាធ្វើអំពើល្អ ចែករំលែកពេលវេលាសម្រាប់ជាតិ និងប្រជាជន៕/B