លោក​កឹម សុខា ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​

264
ចែករម្លែក
លោក​កឹម សុខា ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ លោក​កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបពិភាក្សា​ជាមួយ​លោកស្រី​អេ​ន​ជេ​ឡា ខូ​ខូ​រេ​ន​( Angela Corcoran) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកានេះ នៅ​គេហដ្ឋាន​របស់លោក​ស្ថិតនៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។
បន្ទាប់ពី​ជំនួប​ចប់ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ថា លោកស្រី​បាន​ដឹងឮ​អំពី​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ជុំវិញ​ការសម្រួល​នូវ​លក្ខខណ្ឌ​អនុញ្ញាត​ឲ្យ​លោក​កឹម សុខា អាចធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា​បាន ។នេះ​គឺជា​ជំហាន​វិ​វត្ត​ដ៏​វិជ្ជមាន​មួយ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​លោក​កឹម សុខា នៅតែ​មិនទាន់មាន​ភាពច្បាស់លាស់​ក្នុងការ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​វិញ​។លោកស្រី​អំពាវនាវ​ទៅដល់​រដ្ឋាភិបាល​ឲ្យ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​លោក​កឹម សុខា ឲ្យ​បាន​ពេញលេញ និង​បាន​ស្មើភាព និង​យុត្តិធម៌​។​


សូមជម្រាបថា បន្ទាប់ពី​មានការ​កែប្រែ​លក្ខខណ្ឌ​មួយចំនួន​របស់​តុលាការ​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​កឹម សុខា បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក បារាំង កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ​។ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នេះ លោក​កឹម សុខា បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ និង​អូស្ត្រាលី​។​


​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា តុលាការ​បានសម្រេច​ដាក់​លោក កឹម សុខា ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល តែ​បាន​កែប្រែ​លក្ខខណ្ឌ​មួយចំនួន ដែល​ក្នុងនោះ​រួមមាន​លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ​របស់លោក​ផងដែរ ពោលគឺ​លោក​អាចធ្វើ​ដំណើរ​បាន​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការសម្រេច​នេះ ដោយ​ផ្អែកលើ​ស្ថានភាព​សុខភាព​និង​កិច្ចសហការ​ល្អ​របស់ លោក កឹម សុខា ជាមួយ​សមត្ថកិច្ច​នាពេល​កន្លងមក​។ ប៉ុន្តែ​លោក​ត្រូវ​ហាមឃាត់​មិនឱ្យ​ចេញទៅ​បរទេស មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​បី​គ្រប់​សមត្ថកិច្ច​៕​សរន