លោក​កឹម សុខា មិន​ទំនាក់ទំនង​ជាមួយ​ទណ្ឌិត សម រង្ស៊ី​

765
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិនទាន់មាន​ទំនាកទំនង​ជាមួយ​ទណ្ឌិត សម រង្ស៊ី មេក្លោង​ឧទ្ទាម​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅឡើយ​ទេ​។ ការ​មិនមាន​ទំនាក់ទំនង​ដោយសារតែ​លោក​កឹម សុខា គឺជា​អ្នកគោរពច្បាប់ និង​មាន​គោលជំហរ​ច្បាស់លាស់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​មុត ចន្ថា នាយក​ខុទ្ទកាល័យ​លោក​កឹម សុខា ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ក្រោយ​ជំនួប​រវាង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Masahiro Mikami ជាមួយ​លោក កឹម សុខា កាលពី​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​គេហដ្ឋាន​របស់លោក​កឹម សុខា ស្ថិតនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ទាក់ទង​នឹង​សំនួរ​របស់​អ្នកកាសែត​ដែល​បាន​ចោទ​សួរថា តើ​មកដល់ពេលនេះ លោក​កឹម សុខា និង​លោក​សម រង្ស៊ី មានការ​ទំនាក់ទំនង​គ្នា​ដែរឬទេ​? ត្រូវបាន​លោក​មុត ចន្ថា បញ្ជាក់ថា “​ខ្ញុំ​សូមបញ្ជាក់ថា ឯកឧត្តម កឹម សុខា ជា​អ្នក​បដិបត្តិ​ច្បាប់ មាន​គោលជំហរ និង​គោលការណ៍​ច្បាស់ អ្វី​ក៏ដោយ​ដែល​ផ្ទុយ​ពី​ច្បាប់ អ្វីដែល​ផ្ទុយ​ពី​គោលការណ៍​គាត់ គឺ​គាត់​មិន​ធ្វើ​ទេ​។ ឯកឧត្តម កឹម សុខា ជា​អ្នក​បដិបត្តិ​គោរព​តាម​ព្រះពុទ្ធ​បរមគ្រូ ព្រះពុទ្ធសាសនា ហើយ​លោក​តែងតែ​ធ្វើ​សម្មាធិ​ជាប្រចាំ និង​ហាត់ប្រាណ​ដើម្បី​ពង្រឹងស្មារតី ទាំង​រាងកាយ​របស់លោក​”​។​

​លោក​មុត ចន្ថា បាន​បញ្ជាក់ថា អ្វី​ក៏ដោយ​ឲ្យ​តែ​ជា​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ គឺ​លោក​កឹម សុខា ធ្វើការ​រួមគ្នា​ដើម្បី​ផលប្រយោជន៍​ទាំងអស់នេះ​។​
​ទាក់ទង​ជំនួប​វិញ លោក​មុត ចន្ថា បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា ឯកអគ្គរាជទូត​ជប៉ុន​បាន​សួរសុខទុក្ខ​លោក​កឹម សុខា និង​សួរ​អំពី​សុខុមាលភាព បញ្ហា​សុខភាព​ដែល​គាត់​មាន​។ លោក​ទូត​បាន​សរសើរ​លោក​កឹម សុខា ដែល​បាន​អត់ធ​ម្មត់​ដើម្បី​ផលប្រយោជន៍​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ​។​

​សូមជម្រាបថា បន្ទាប់ពី​មានការ​កែប្រែ​លក្ខខណ្ឌ​មួយចំនួន​របស់​តុលាការ​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​កឹម សុខា បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក បារាំង កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ហើយ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា លោក​កឹម សុខា បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ និង​អូស្ត្រាលី​។ ហើយ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា លោក​កឹម សុខា ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប និង​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​បានសម្រេច​ដាក់​លោក កឹម សុខា ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល តែ​បាន​កែប្រែ​លក្ខខណ្ឌ​មួយចំនួន ដែល​ក្នុងនោះ​រួមមាន​លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ​របស់លោក​ផងដែរ ពោលគឺ​លោក​អាចធ្វើ​ដំណើរ​បាន​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការសម្រេច​នេះ ដោយ​ផ្អែកលើ​ស្ថានភាព​សុខភាព​និង​កិច្ចសហការ​ល្អ​របស់ លោក កឹម សុខា ជាមួយ​សមត្ថកិច្ច​នាពេល​កន្លងមក​។ ប៉ុន្តែ​លោក​ត្រូវ​ហាមឃាត់​មិនឱ្យ​ចេញទៅ​បរទេស មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​បី​គ្រប់​សមត្ថកិច្ច​។​

​សូម​រម្លឹកថា លោក កឹម សុខា អតីត​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កម្លាំង សមត្ថកិច្ច ចាប់ខ្លួន​កាលពី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ទង្វើ​ក្បត់ជាតិ ។ ដោយ​ធ្វើតាម​បញ្ជា​របស់​សហរដ្ឋអាមេរិក ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​យក​គំរូ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​សើ​ប៊ី ។ លោក​កឹម សុខា ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​របស់លោក​ស្ថិតនៅ​ផ្ទះ​លេខ ៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។ ការចាប់ខ្លួន​លោក កឹម សុខា ធ្វើឡើង​បន្ទាប់ពី​វីដេអូ មួយ​ដែល​លោក កឹម សុខា បាន​និយាយ​សារភាព​កាលពី ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ប្រទេស​អូស្ត្រាលី ថា ខ្លួន​បានធ្វើ តាម​បញ្ជា​របស់​អាមេរិក ក្នុងការ​រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​យក គំរូ ទៅនឹង​ប្រទេស​យូ​ហ្គោ​ស្លា វី និង​សើ​ប៊ី​ដែរ​៕ ល​