លោក​ខា​សូក​ជី និង​អ្នកកាសែត​ដែល​គេ​តាម​យាយី​ដទៃទៀត ជាប់​ជា “​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​” របស់​ទស្សនា​វ​ដ្តី Time

1091
ចែករម្លែក

​អ្នកកាសែត​អារ៉ាប៊ីសាអ៊ូឌីត លោក ចា​ម៉ា​ល់ ខា​សូក​ជី (Jamal Khashoggi) ដែល​ត្រូវគេ​សម្លាប់​កាលពី​ខែតុលា​នៅឯ​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ត្រូវបាន​ប្រកាស​ជា “​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​” របស់​ទស្សនា​វ​ដ្តី Time កាលពី​ថ្ងៃ​អង្គារ​ទី​១១​ធ្នូ ជា​កិ​ត្ដិ​យស​មួយ​ដែល​គាត់​ចែករំលែក​ជាមួយ​អ្នកកាសែត​ដែល​គេ​តាម​យាយី​ដទៃទៀត ដែល​គេ​ទទួលស្គាល់ថា​ជា “​អាណាព្យាបាល​” នៃ​សេចក្តី​ពិត​។​

​ក្នុងចំណោម​អ្នកកាសែត​ដែលមាន​ឈ្មោះ​អម​ជាមួយ​លោក​ខា​សូក​ជី​ដែរនោះ គឺ អ្នកសារព័ត៌មាន​ហ្វីលីពីន ម៉ា​រី​យ៉ា រី​ស​សា (Maria Ressa) អ្នករាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ លោក វ៉ា ឡូ​ន និង​លោក ក្យ៉ា ស៊ូ​អ៊ូ ដែល​បច្ចុប្បន្នកំពុង​ជាប់គុក​នៅ​មី​យ៉ាន់​ម៉ា និង​បុ​ក្គ​លិ​ក​កាសែត Capital Gazette ចំនួន​៥​នាក់​នៅ​ទីក្រុង​អាន​ណា​ប៉ូលីស​របស់​អាមេរិក​ដែល​ត្រូវគេ​បាញ់សម្លាប់​នៅក្នុង​ការបាញ់បោះ​កាលពី​ខែមិថុនា​។​

​លោក អេ​ដ​វ៉ាដ ហ្វែ​ល​សិន​ថ​ល (Edward Felsenthal) និពន្ធ​នាយក​ទស្សនា​វ​ដ្តី Time បាន​និយាយថា “​នៅពេល​យើង​ពិនិត្យមើល​ការជ្រើសរើស គេ​ឃើញច្បាស់​ថា​ការ​ក្រ​ឡៃ​ការពិត​និង​ការរំលោភបំពាន​សេចក្តី​ពិត​គឺជា​រឿង​កើតឡើង​ទូទៅ​បំផុត​នៅក្នុង​សាច់រឿង​សំខាន់ៗ​ជាច្រើន​នៅ​ឆ្នាំនេះ​រាប់​ចាប់ពី​រុស្ស៊ី​រហូតដល់​ទីក្រុង​រី​យ៉ា​ត និង​ទីក្រុង​ស៊ី​លី​ខុន​វ៉ូ​ឡេ​។ ដូច្នេះ យើង​បាន​សម្រិតសម្រាំង​ដើម្បី​បង្ហាញ​ពី​បុគ្គល​៤​រូប​និង​ក្រុម​មួយ​ដែល​ប្រថុយប្រថាន​ខ្ពស់​ក្នុងការ​ស្វែងរក​ការពិត ដោយ​ចាប់ផ្តើម​ពី​លោក​ចា​ម៉ា​ល់ ខា​សូក​ជី​”​។​

​ទស្សនា​វ​ដ្តី Time ដែល​បានរៀបចំតែងតាំង “​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​” ចាប់តាំងពី​ឆ្នាំ ១៩២៧ បានចេញ​ផ្សាយ​ទស្សនា​វ​ដ្តី​ចំនួន​៤​មាន​គម្រប​ផ្សេងគ្នា​សម្រាប់​ការបោះពុម្ពផ្សាយ​នៅ​សប្តាហ៍​នេះ ដែល​ទស្សនា​វ​ដ្តី​នីមួយៗ​បង្ហាញ​អំពី​បុគ្គល​ឆ្នើម​ផ្សេងៗ​គ្នា​។​

​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​បុគ្គល​ម្នាក់​ត្រូវបាន​គេ​ជ្រើសរើស​ជា​បុគ្គល​ឆ្នើម​ជា​កិច្ច​ប​ច្ឆា​មរណៈ​សម្រាប់​គម្រប​ទស្ស​នាវ​ដ្តី​ដ៏​មាន​កិត្យានុភាព​នេះ​៕ ដោយ៖ កញ្ញាដាលីស

លោក​ខា​សូក​ជី និង អ្នកកាសែត​ដែល​គេ​តាម​យាយី​ដទៃទៀត​ជាប់​ជា​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី Time