លោក​គីម ជុង​អ៊ុន​ទៅដល់​រុស្ស៊ី មុន​ជំនួប​ជាមួយ​ពូ​ទីន​

334
ចែករម្លែក

​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បាន​ទៅ​ដល់​ប្រទេស​រុស្ស៊ី​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៤​មេសា សំរាប់​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតីវ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ទីក្រុង​កំពង់ផែ​​វ្ល៉ា​ឌី​វ៉ូ​ស្តុក​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​(KCNA)​បាន​និយាយថា​លោក​គីម​ត្រូវបាន​មន្ត្រី​និង​ប្រជាជន​ជូន​ដំណើរ​ចេញ​ពី​រដ្ឋធានី​ព្យុងយ៉ាង​ក្នុង​ដំណើរ​តាម​រថភ្លើង​នៅ​ព្រឹក​ព្រលឹម ហើយ​​ទីភ្នាក់ងារ​សារព័ត៌មាន​Tass​របស់​រុស្ស៊ី បាន​ស្រង់​សម្តី​មន្ត្រី​មូលដ្ឋាន​ម្នាក់​ដែលថា លោក​គីម ត្រូវ​បាន​ជូន​បាច់​ផ្កា នំប៉័ង​និង​អំបិល​នៅ​ស្ថានីយ​រថភ្លើង​ហាសាន់​បន្ទាប់ពី​ឆ្លង​ព្រំដែន​​ចូល​រុស្ស៊ី​។​

​ទីប្រឹក្សា​វិមាន​ក្រឹម​ឡាំង​លោក​យូ​រី យូ​សា​កូវ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ថា ជំនួប​កំពូល​នៅ​ថ្ងៃ​ព្រហស្បតិ៍ នឹង​ផ្តោត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដោយ​កត់សំគាល់​​ថា​រុស្ស៊ី​នឹង​ស្វះស្វែង​«​ប្រមូល​និន្នាការ​វិជ្ជមាន​»​ចេញ​ពី​កិច្ចប្រជុំ​របស់​ប្រធានាធិបតី​អាមេរិក​និង​លោក​គីម​។​

​ដំណើរ​របស់​គីម​នៅ​រុស្ស៊ី កើតឡើង​ប្រមាណ​២​ខែ​ក្រោយ​ពី​ជំនួប​កំពូល​ទី​២​របស់​លោក​ជា​មួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ជួប​បរាជ័យ ដោយសារ​តែ​ជម្លោះ​អំពី​ទណ្ឌកម្ម​លើ​កូរ៉េ​​ខាងជើង​ដែល​ដឹកនាំ​ធ្វើ​ដោយ​អាមេរិក​។​

​គីម ជា​មេដឹកនាំ​កូរ៉េខាងជើង​ទី​១​ដែល​ធ្វើដំណើរ​ទៅ​រុស្ស៊ី​ចាប់តាំងពី​បិតា​របស់​លោក គឺ​លោក​គីម ជុងអ៊ីល បាន​ទៅ​ទីនោះ​កាលពី​ឆ្នាំ​២០១១​។​អ្នកជំនាញការ​ខ្លះ​និយាយ​ថា​គីម​អាច​​ព្យាយាម​ទ្រោល​ចំណង​ទាក់ទង​របស់​ប្រទេស​លោក​ជា​មួយ​រុស្ស៊ី និង​ចិន ខណៈ​លោក​កាន់តែ​ជិនណាយ​នឹង​ការខ្វះ​វិធានការ​តប​របស់​អាមេរិក​ដើម្បី​អោយ​ស័ក្តិសម​នឹង​ការរំសាយ​​ចោល​មួយ​ផ្នែក​នៃ​កម្មវិធី​នុយក្លេអ៊ែរ​និង​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​កាលពី​ឆ្នាំមុន​។​

​វា​មិន​ច្បាស់​ថា​តើ​រុស្ស៊ី​ដើរតួនាទី​ធំ​ប៉ុណ្ណា​ក្នុង​កិច្ច​ខិតខំ​ធ្វើ​អោយ​កិច្ចការ​ទូត​នុយក្លេអ៊ែរ​ចាប់ផ្តើម​ឡើង​វិញ​។​តែ​ជំនួប​កំពូល​នេះ​អាច​អនុញ្ញាត​អោយ​លោកពូ​ទីន​បង្កើន​ឥទ្ធិពល​​ក្នុង​នយោបាយ​តំបន់​និង​ការប្រឈមមុខ​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​ទីប្រឹក្សា​របស់​លោក​ពូ​ទីន លោក​យ៉ូ​សា​កូវ បាន​និយាយថា​វិមាន​ក្រឹម​ឡាំង​នឹង​ព្យាយាម​ជួយ​«​បង្កើត​លក្ខខណ្ឌ​ជា​មុន​និង​បរិយាកាស​អំណោយផល​មួយ​សំរាប់​សំរេច​កិច្ចព្រមព្រៀង​​មាំទាំ​មួយ​អំពី​បញ្ហា​នៃ​ឧបទ្វីប​កូរ៉េ​»​។​

​លោក​បាន​បន្ថែមថា ជំនួប​គីម​-​ពូ​ទីន ក៏​នឹង​ពិភាក្សា​កិច្ចសហការ​ទ្វេភាគី​។​ពាណិជ្ជកម្ម​របស់​រុស្ស៊ី​ជាមួយ​កូរ៉េ​ខាងជើង​មាន​ចំនួន​តែ​៣៤​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ដោយសារតែ​​ទណ្ឌកម្ម​អន្តរជាតិ​លើ​របប​ក្រុង​ព្យុង​យ៉ាង​។​រុស្ស៊ី​ចង់​ចូល​ធ្វើ​អាជីវកម្ម​រ៉ែ​របស់​កូរ៉េ​ខាងជើង​ច្រើនឡើង ខណៈ​ដែល​កូរ៉េខាងជើង​ចង់បាន​ថាមពល​អគ្គិសនី​រុស្ស៊ី​ហើយ​ចង់អោយ​វិនិយោគិន​រុស្ស៊ី​ចូល​ធ្វើ​ទំនើបកម្ម​បណ្តា​រោងចក្រ​សម័យ​សូ​វៀត​របស់ខ្លួន ផ្លូវ​ដែក​និង​ហេដ្ឋារចនាសម្ពន្ធ​ផ្សេងៗ​៕​ដោយ​៖​វាសនា​

គីម ជុង​អ៊ុន បក់ដៃ​នៅ​ស្ថានីយ​រថភ្លើង​នៅ​កូរ៉េខាងជើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ ពេល​ចេញ​ដំណើរ​មក​កាន់​រុស្ស៊ី​